Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

គម្រោង​ បាតុកម្ម​ របស់​ កម្មករ​ នៅ​កំពង់ចាម​ ត្រូវ​បាន​ លុប​ចោល

គម្រោង​ បាតុកម្ម​ របស់​ កម្មករ​ នៅ​កំពង់ចាម​ ត្រូវ​បាន​ លុប​ចោល

បន្ទាប់​ពី​មាន​ ការ​បង្ក្រាប​បាតុកម្ម​ ពី​សំណាក់​ អាជ្ញាធរ​ ដែល​មាន​សមត្ថកិច្ច​ ក្នុង​រយៈពេល​ផ្ទួនៗ​ មក​លើ​ បាតុករ​ នៅ​ពេល​ថ្មីៗ​នោះ សកម្មភាព​តវ៉ា​ របស់​ កម្មករ​ នៅតាម​រោងចក្រ​មួយ​ចំនួន​ ហាក់​ដូច​ជា​ មាន​សភាព​ស្ងប់​ស្ងាត់​ទៅ​វិញ។
ដោយ​ សូត សុខប្រាថ្នា / វិទ្យុអាស៊ីសេរី | ០៥​ មករា ២០១៤
កម្មករ​តវ៉ា​នៅ​កំពង់ចាម ៦១០
កម្មករ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd) ប្រមាណ​ជិត ៣​ពាន់​នាក់ បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នា​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Saut Sokprathna














ជាក់​ស្តែង​កម្មករ​រោងចក្រ​នៅ​ខេត្ត​កំពង់ចាម​ ដែល​មាន​គម្រោង​ថា នឹង​ជួប​នៅ​ថ្ងៃ​៦ មករា នេះ ក៏​ត្រូវ​បាន​ផ្អាក​វិញ​ដែរ ដោយ​ខ្លា​ច​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​ជាមួយ​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច។
គម្រោង​ជួប​ជុំ​គ្នា​របស់​កម្មករ​រោងចក្រ​នៅ​ក្នុង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៦ មករា នោះ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន បន្ទាប់​ពី​មាន​សកម្មភាព​បង្រ្កាប​របស់​ក្រុម​សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ​ មក​លើ​កម្មករ និង​បាតុករ​របស់​បក្ស​សង្គ្រោះ​ជាតិ ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មក​នោះ។
អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​នៃ​រោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co., Ltd.) កញ្ញា​ កឹម ស្រីអូន បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​២ មករា តំណាង​កម្មករ​និង​កម្មករ​ជា​ច្រើន​ពាន់​នាក់​សម្រេច​ថា នឹង​មាន​ការ​ជួប​គ្នា​ឡើង​វិញ​នៅ​ថ្ងៃ​ច័ន្ទ ទី​៦ មករា ដើម្បី​បន្ត​​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែល​គោល ១៦០​ដុល្លារ តែ​គម្រោង​នោះ​ត្រូវ​បាន​លុប​ចោល​វិញ​ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​បង្រ្កាប​​​កម្មករ​នៅ​រាជធានី​ភ្នំពេញ។ កញ្ញា​បន្ត​ថា កញ្ញា​មិន​ប្រាដក​ថា កម្មករ​ទាំ​ងនោះ​នឹង​ព្រម​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​ច័ន្ទ នេះ ឬ​យ៉ាង​ណា​នោះ​ទេ ប្រសិន​បើ​ពួក​គាត់​យល់​ព្រម​ចូល​ធ្វើ​ការ​ជា​សិទ្ធិ​របស់​កម្មករ​ ហើយ​ខាង​សហជីព​យល់​ស្រប​​ទៅ​តាម​កម្មករ​ជា​អ្នក​សម្រេច។
កញ្ញា កឹម ស្រីអូន៖ «អា​ហ្នឹង​ចំពោះ​ពួក​ខ្ញុំ​គិត​ឃើញ​ថា ពួក​គាត់​ជា​កម្មករ​គិត​ឃើញ​ថា ពួក​គាត​ចូល​ធ្វើ​ការ​វិញ​ក៏​ចូល​ទៅ មិន​ចូល​ទេ​ជា​រឿង​របស់​គាត់។ បើ​ថា ពួក​ខ្ញុំ​ពី​ថ្នាក់​លើ​មក​គឺ ថា​លែង​ជួប​ជុំ​គ្នា​ទៀត​ហើយ​ ពីព្រោះ​ពួក​ខ្ញុំ​លែង​ដឹក​នាំ​ទៀត​ហើយ​ណា»
កញ្ញា​បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​កញ្ញា​បាន​ចេញ​មុខ​ក្នុង​ការ​ស្រែក​តវ៉ា​ដើម្បី​ដំឡើង​ប្រាក់​ខែ និង​ស្រែក​ឱ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ចុះ​ចេញ​ពីតំណែង​រួច​មក​ មាន​សកម្មភាព​ខាង​សមត្ថកិច្ច​បាន​ទៅ​រក​មុខ​កញ្ញា​ដល់​ផ្ទះ​តែម្តង។ កញ្ញា​បាន​លើក​ឡើង​ថា កញ្ញា​មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រក​មុខ​ពី​សំណាក់​សមត្ថកិច្ច​នោះ​ឡើយ​ ក៏​ប៉ុន្តែ​អ្នក​ដែល​បារម្ភ​ខ្លាំង​គឺ​ក្រុម​គ្រួសារ​កញ្ញា​វិញ​នោះ​ទេ។
អភិបាល​រង​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ដោះស្រាយ​ទំនាស់​បាតុកម្ម​និង​កូដកម្ម​ លោក​ ជីម លាវ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​៥ មករា ថា លោក​មិន​បាន​ដឹង​ចំពោះ​រឿង​សមត្ថកិច្ច​​ទៅ​រក​មុខ​តំណាង​កម្មករ​ដល់​ផ្ទះ​នោះ​ទេ។ លោក​បន្ត​ថា ខាង​លោក​បាន​ត្រៀម​លក្ខណៈ​សហការ​ជាមួយ​តំណាង​កម្មករ​ជានិច្ច​ក្នុង​ពេល​ធ្វើ​បាតុកម្ម​អហិង្សា​ដោយ​មិន​មាន​ការ​បិទ​ផ្លូវ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ជាដើម ប៉ុន្តែ​ខាង​តំណាង​កម្មករ​​មិន​បាន​សហការ​នោះ​ទេ។ ក្រៅ​ពី​នេះ កម្មករ​ភាគ​ច្រើន​ចង់​ចូល​ធ្វើ​ការ​ដូច​ដើម ក៏​ប៉ុន្តែ​កាត​របស់​ពួក​គាត់​ត្រូវ​បាន​​តំណាង​កម្មករ​​ដក​យក ទើប​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក ដោយ​ឡែក​​ខាង​លោក​បាន​ទៅ​សម្រួល​ជាមួយ​រោងចក្រ​រួច​ហើយ ដោយ​​ឱ្យ​កម្មករ​ចូល​ធ្វើ​ការ​ដូច​ធម្មតា​វិញ​ បើ​ទោះ​ជា​គ្មាន​កាត​ក៏ដោយ។
លោក ជីម លាវ៖ «ពី​ម្សិលមិញ​ខ្ញុំ​បាន​ទៅ​ជួប​ថៅកែ​រោងចក្រ​ហើយ ថា​បើ​ទោះ​បី​ជា​មាន​កាត​ក៏ដោយ​អត់​កាត​ក៏ដោយ​ បាន​ឱ្យ​កម្មករ​បាន​ប្រាក់​ខែ​ខាង​មុខ​ហ្នឹង​ ហើយ​រោងចក្រ​គេ​ថា​ពិបាក​បច្ចេកទេស​មួយ​ចំនួន​កាល​ណា​អត់​កាត។ ហើយ​ការ​អត់​កាត​ហ្នឹង ថា​មេ​សហជីព​គាត់​ហ្នឹង​ដក​កាត​យក​អស់​ហើយ ហើយ​នេះ​ខ្ញុំ​សម្រួល​បាន​ថា​ថ្ងៃ​ច័ន្ទ​ហ្នឹង ចូល​ធ្វើ​ការ​ធម្មតា​មិន​បាច់​មាន​កាត​ទេ។ អ្នក​មាន​កាត​ក៏​មាន​ទៅ អ្ន​ក​អត់​កាត​ក៏​អាច​ធ្វើ​បាន​ដែរ ហើយ​ការ​បើក​ប្រាក់ អា​ហ្នឹង​វា​ពិបាក​បន្តិច​ កាល​ណា​អត់​កាត អ៊ីចឹង​មិន​ដឹង​ថា​ថ្ងៃ​ពលកម្ម​កម្មករ​យើង​ធ្វើ​ការ​បាន​ប៉ុន្មាន​ថ្ងៃៗ ពីព្រោះ​គេ​មាន​ម៉ាស៊ីន​ឆូត​កាត​គេ»
លោក​បន្ត​ថា នៅ​ខេត្ត​កំពង់ចាម មាន​កម្មករ​មួយ​ចំនួន​បាន​ចូល​ធ្វើ​ការ​ជា​ធម្មតា​វិញ​ហើយ​ ប៉ុន្តែ​​នៅ​មាន​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​ចូល​ធ្វើ​ការ​វិញ​នោះ​ទេ។
ការ​ផ្ទុះ​បាតុកម្ម​របស់​កម្មករ​នៅ​កំពង់ចាម​ កើត​ឡើង​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​ជា​ច្រើន​ម៉ឺន​នាក់​ នៅ​ទូទាំង​ប្រទេស​ បន្ទាប់​ពី​មាន​ការ​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​ពី ៨០​ដុល្លារ មក ៩៥​ដុល្លា ​របស់​ក្រុម​ការ​ងារនៃ​​ក្រសួង​ការងារ​​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ ​កន្លង​ទៅ។ ហើយ​ការ​ទាម​ទារ​របស់​កម្មករ​រោងចក្រ​​នៅតែ​បន្ត​ រហូត​មាន​ការ​បង្រ្កាប​ជា​បន្ត​បន្ទាប់ ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ៥​នាក់​បាន​ស្លាប់ ជាង​ ៣០​នាក់​ផ្សេង​ទៀត​រង​របួស និង​​មនុស្ស​ជាង​ ១០​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន ក្នុង​នោះ​មាន​លោក វន់ ពៅ ដែល​ជាប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ៕

1 comment:

  1. គ្រាន់តែផ្អាក់មួយរយពេលបាន តែកុំបញ្ចប់ហើយកុំបំបែកអារម្មណ៍ ជាពិសេសកុំភ្លេចចំពោះប្រាក់ថ្លៃ
    ឈ្នួល១៦០៛ ដែលជាប្រាក់សំរាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ ជាពិសេសបំប៉ន់សុខមាលភាព ដែលជាជំនួយ
    ដល់ថមពលជីវិតតទៅអនាគត។សូមអរគុណ!

    ReplyDelete