Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

បទ​យកការណ៍​៖​ សន្ទុះ​ នៃ​ការតវ៉ា​ សមាជិក ​IDEA របស់​ លោក ​វន់ ពៅ​ កើនឡើង​ទ្វេ​

បទ​យកការណ៍​៖​ សន្ទុះ​ នៃ​ការតវ៉ា​ សមាជិក ​IDEA របស់​ លោក ​វន់ ពៅ​ កើនឡើង​ទ្វេ​

ដោយ៖​ ពៅ មេត្ដា​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014


លោក វន់ ពៅ(កាន់ម៉ៃក្រូហ្វូន) ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​(រូបភាពដោយ បូ សាវី)
​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA)​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥ ដែល​មាន​លោក វ​ន់ ពៅ ជា​ប្រធាន​។ សមាគម​នេះ តែង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​រត់​ម៉ូតូឌុប អ្នកបើក​ម៉ូតូ​កង់​បី និង​អ្នក​ដែល​ប្រកប​របរ​តាម​ចិញ្ចើមថ្នល់ លើ​វិជ្ជាជី​វៈប្រ​កប​មុខរបរ​របស់​ពួកគេ​។ ក្រៅពី​ការបណ្តុះ បណ្តាល​មុខរបរ លោក វ​ន់ ពៅ លេចមុខ​ជា​ញឹក​ញឹក​ចូល​រួម​តវ៉ា​ជា​មួយ​ក្រុម ​ដែល​ទន់ខ្សោយ​ទាមទារ​សិទ្ធិ​សេរីភាព​ពី​អ្នក​មាន​ប្រាក់ និង​អ្នកមាន​អំណាច។
សកម្មភាព​តវ៉ា​ស្ទើរ​គ្រប់កន្លែង​មិនចេះ​ហត់​នឿយ​របស់លោក វ​ន់ ពៅ ត្រូវបាន​ផ្អាក​ដោយ​មិន​បាន​ត្រៀម​ទុក ​គឺ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់​រូបលោក​។ ក្នុង​ហេតុការណ៍​យោ​ធា​បង្គ្រា​ប​​លើ​កម្មករ​កាលពី​ថ្ងៃ​ទី​២ ​ខែ​មករា​ដែល​នាំ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាប់​អារម្មណ៍​នោះ លោក វ​ន់ ពៅ ក៏​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​សហជីព និង​កម្មករ​២២ នាក់ ផ្សេង​ទៀត​រង​ការវាយដំ​ចាប់​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង​ក្នុង​ខេត្ត​កំពង់ចាម​។​
​ក្រោយ​ការបាញ់​បង្ក្រាប និង​ចាប់ខ្លួន​បាតុករ ដែល​រួមមាន​ទាំង​លោក ​វ​ន់ ពៅ ដែល​នោះ​គម្រោង​បាតុកម្ម​មួយចំនួន​ត្រូវបាន​ផ្អាក​។​
​គម្រោង​បាតុកម្ម​មួយចំនួន​ត្រូវបាន​ផ្អាក​ គឺ​គម្រោង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រំពឹង​ថា អ្នកចូលរួម​ដល់​ជាង​១​លាន​នាក់ ត្រូវ​ផ្អាក​ដោយ​មិន​កំណត់​។ គម្រោង​បាតុកម្ម របស់​កម្មករ​ទូទាំង​ប្រទេស​ទាមទារ​ដំឡើង​ប្រាក់​ឈ្នូល​គម្រោង​បា​តុ​កម្ម​របស់​គ្រួ​បង្រៀន​ទាម​ទារ​ដំឡើង​ប្រាក់បៀវត្សរ៍ គម្រោង​បាតុកម្ម​របស់​ក្រុម​លោក ​ម៉ម សូ​ណង់​ដូ ​ទាមទារ​ពង្រីក​ប្រព័ន្ធ​ផ្សាយ ​គម្រោង​បាតុកម្ម​របស់​ក្រុម​អ្នករត់ម៉ូតូឌុប​ទាមទារ​បញ្ចុះ​តម្លៃ ប្រេងសាំង និង​បា​តុ កម្ម​របស់​អ្នក​មាន​ទំនាស់​ដីធ្លី​ក៏​ត្រូវបាន​ផ្អាក​ដោយ​មិន​កំណត់​រយៈ​ពេល​ដែរ​។​
​បាតុករ​ផ្អាក​ធ្វើបាតុកម្ម​តែ​មិន​មានន័យថា ពួកគេ​សុខចិត្ត​ឈប់​ធ្វើ​បាតុកម្ម​ទេ ពិសេស​គឺ​សមាជិក​នៃ​សមាគម​អ្នកប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់លោក វ​ន់ ពៅ​។​
​សមាជិកសមាគម ​IDEA លោក ហា សំអាន អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ម្តុំ​ផ្សារ សាមគ្គី​ក្នុង​រាជធានី​ភ្នំពេញ​លើកឡើងថា ពេលដែល​លោក​ចូល​ជា​សមាជិក​នៃ​សមាគម​លោក បាន​រៀន សូត្រ​​ច្រើន​ពី​ច្បាប់​ចរាច​រណ៍ និង​របៀប​នៃ​ការចរចា​ជាមួយ​មន្ត្រី​នគរបាល​ច​រាចរ​ណ៍ ពេល​មាន​បញ្ហា​ក្នុង​ការបើកបរ​ <<​ការបង់ពន្ធ​ផ្លូវ​ទី​៣ ដូចជា​អាជ្ញាធរ​ចាប់​គាបសង្កត់ ដោះស្រាយ​ដោយ​អត់​តាមច្បាប់ ពិន័យ​ផាក ៣០០០៛ គាត់​យក​ដល់ ២០០០០៛ គាត់​មាន​ការគំរាមកំហែង ក្រុម​ពួក​ខ្ញុំ​នេះ បាន​ជួយ​បណ្តុះបណ្តាល​សមាជិកឲ្យ​ចេះ​ច្បាប់​ចរាចរណ៍ ដើម្បី​ស្រួល​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​>>​។​
​ពេល​សួរ​ដល់​ករណី​ចាប់ខ្លួន​និង​ធ្វើ​ទារុណកម្ម​លើ​លោក ​វ​ន់ ពៅ នោះ​ លោក ហា សំអាន វ័យ​៤៣​ឆ្នាំ​ថ្លែង​បញ្ជាក់​ដោយ​សំដី​ច្បាស់ៗ​ថា ការចាប់ខ្លួន​លោក ​វ​ន់ ពៅ ដោយ​អយុត្តិធម៌ នោះ​នាំឲ្យ​កម្លាំងចិត្ត​នៃ​ការតវ៉ា​របស់​លោក​កាន់តែ​ស្ទុះ​ឡើង​ <<​ខ្ញុំ​គិតថា ព្រឹត្តិការណ៍​ថ្ងៃ​២​នេះ ខ្ញុំ​ខ្លាច ខ្ញុំ​នឹង​តវ៉ា​មួយ​ទ្វេ​ជា​ពីរ​។ ខ្ញុំ​មិន​អាច​រាថយ​ទេ​ត្រង់​ណា​សោះ ដែល​តាម​សង្កេត​មើលទៅ​។ ខ្ញុំ​នៅតែ​ចូលរួម​ដដែល ហើយ​ខ្ញុំ​តាំងចិត្ត​លះបង់ មួយ​ជា​ពីរ​ថែមទៀត​>>​។​
​អង្គុយ​លើ​ម៉ូតូ​ចាំ​ឌុប​ភ្ញៀវ​នៅ​រង្វង់​មូល​គល់ស្ពាន​ជ្រោយចង្វារ​លោក​ ញឹក សុខ​ថេត​ សំ​ដែង​ការសោកស្តាយ​ពេល​និយាយ​ដល់​ករណី​ចាប់ខ្លួន​លោក វ​ន់ ពៅ​។ បុរស​មាឌ​ក្រអាញ សំបុរ​ខ្មៅ​រូបនេះ ហាក់ដូចជា​មិន​មាន​អាមរ​ម្មណ៍​ចំលែក​ណាស់​ណា​ទេ ព្រោះ​លោក​ថា ការតវ៉ា​ទាម​ទារ​សិទ្ធិសេរីភាព តែង​តែង​ជួប​ការបង្ក្រាប ឬ​ការចាប់ខ្លួន ដូច្នេះ​លោក​មិន​ខ្លាច​ទេ <<​មានការ​សោក​ស្តោ​យ​ទាក់ទង​បញ្ហា​នេះ​។ ក៏ប៉ុន្តែ​យើង​ដឹងថា បញ្ហា​នេះ​វា​នឹង​កើតឡើង​ចំពោះ​ពួកយើង ពីព្រោះ​យើង​ដឹង​ស្រាប់​ហើយ​ថា ការតស៊ូ​មតិ​ដើម្បី​ទាមទារ នូវ​យុត្តិធម៌​សង្គម ទាមទារ​ឲ្យមាន​ការដោះស្រាយ​រាល់​បញ្ហារ​បស់​ពួក​យើង​ទាំង​ប៉ុន្មាន គឹ​យើង​ដឹងថា នឹង​ជួប​បញ្ហា​ទាំងអស់​។ ហើយ​យើង​ទាំងអស់គ្នា គឺ​មិន​រា​ថយ​ទេ នៅតែ​មាន​ការទាមទារ នៅតែ​មាន​ការតស៊ូ នៅតែ​មាន​ការចូលរួម​ដដែល​។ ប្រសិន​ជា​ម្នាក់ៗ នៅតែ​មិន​ចូលរួម​ដោះស្រាយ​បញ្ហា ពី​ព្រោះ​បញ្ហា​ទាំងនេះ ជា​បញ្ហា​របស់​យើងទាំងអស់គ្នា ហើយ​បើ​យើង​មិន​រួបរួមគ្នា​ក្នុង​ការដោះស្រាយ តើ​ឲ្យ​អ្នកណា​មក​ដោះស្រាយ​?>>​។​
​អ្នកបើក​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​មួយ​រូប​ទៀត​នៅ​រង្វង់​មូល​គល់ស្ពាន​ស្ទឹង​ជ្រោយ​ចង្វា​រដែរ លោក សែម សាន ថ្លែងថា លោក​នៅតែ​ហាន​ចេញមុខ​តវ៉ា​ការពារ​ផលប្រយោជន៍​ខ្លួន ស្រប ច្បាប់​ព្រោះថា​បើ​មិន​តវ៉ា​ទេនោះ​ការគាបសង្កត់ និង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ <<​ខ្ញុំ​គិតថា បើសិន​ឈប់​ទាំងអស់គ្នា វា​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ហ្នឹង​ទៅ​ទៀត ព្រោះថា ពេល​ហ្នឹង​គេ​គំរាម​យើង​បាន ពេល​ក្រោយ​រឹតតែ​ធ្វើ​លែង​ឲ្យ​យើង​ហ៊ាន​កម្រើក​អី​សោះ​ហ្មង តាម​ធម្មតា បើ​យើង​មិន​ចេញ​មុខ បើ​យើង​មិន​ហ៊ាន ថ្ងៃក្រោយ​ក៏​គេ​នៅ​គំរាមកំហែង​យើង​រហូត ហើយ​បើ​យើង​ហ៊ាន​ជាមួយ​គេ ក៏​គេ​មិនសូវ​ហ៊ាន​ជាមួយ​យើង​វិញ​ដែរ​>>​។​
​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់លោក វ​ន់ ពៅ កំពុង​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិ និង​បណ្តុះបណ្តាល​ជំនាញ​ដល់​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ នៅ​រាជ​ធានី​ភ្នំពេញ ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពត និង​ខេត្ត​ព្រះសីហនុ​។ បច្ចុប្បន្ន សមាគម​នេះ​មាន​សមាជិក​ជាង​ ៥ ០០០​នាក់​។​
​អនុប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក សុខ ឈុន​អឿង លើកឡើងថា កាលណា​មាន​ការឈឺចាប់​ដោយសារ​ការ​គា​ប​សង្គត់​ក្នុង​សង្គម​នោះ នឹង​ដុត​កម្ពៅ​នៃ​ការតវ៉ា​កាន់តែ​ខ្លាំងឡើង​។  លោក ឈុន ​អឿង បន្ថែមថា ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក វ​ន់ ពៅ មួយ​រយៈពេល​នេះ​រូប​លោក និង​សមាជិក​ផ្សេងទៀត ហាក់​កាន់ តែ​មាន​សាមគ្គី​គ្នា​រឹងមាំ​ជាមុន​ក្នុង​តវ៉ា​ប្រឆាំង​និង​ការជិះជាន់​ <<​តាម​ការវាស់ស្ទុង​របស់​យើង ទាំង​សមាជិក ទាំង​សកម្មជន គឺ​នៅ​ធ្វើការ​ខ្លាហាន គឺ​នៅមានកម្រិត ចង់​និយាយ​ថា ចង់​ខ្លាំង​ជាង​មុន​ផង ព្រោះ​ដោយសារ​ថា ការវាយតម្លៃ​ថា ភាព​អ​យុត្ដិធម៌​នៅក្នុង​សង្គម​មាន​ការកើនឡើង​ចឹង​ធ្វើឲ្យ​មនុស្ស​មាន​ការឈឺចាប់​កាន់តែ​ខ្លាំង​>>​។​
​យោធា​បាញ់​បង្ក្រាប​នៅ​ថ្ងៃទី​២ និង​ទី​៣​ ខែ​មករា ពេល​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នូល បណ្តាលឲ្យ​កម្មករ​យ៉ាងហោចណាស់​៥​នាក់​ស្លាប់ ប្រមាណ​៤០​នាក់​រងរបួស  និង​២៣​នាក់​ត្រូវ​ចាប់ខ្លួន​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង​ក្នុង​ខេត្ត​កំពង់ចាម​។  ក្នុង​ចំណោម​អ្នក ដែល​ជាប់​ឃុំ​នោះ​រួមទាំង​លោក វ​ន់ ពៅ ​ផង សុទ្ធ​រងរបួស​ដោយសា​រ​យោធា​វាយ​។
​ពេទ្យ​អង្គការ​លីកាដូ​បានឲ្យដឹងថា របួស​នៅ​លើ​ក្បាល​លោក វ​ន់ ពៅ បែក​១០​ថ្នេរ ហើយ​មាន​ស្នាមរបួស​មួយចំនួន​ទៀត​នៅ​លើ​ដងខ្លួន​ផងដែរ​។​
​លោក ថេង សាវឿន អ្នកសម្របសម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ដែល​សមត្ថកិច្ច​ចាប់​ទៅ​ជាមួយ​លោក វ​ន់ ពៅ ដែរនោះ ក៏​មាន​របួស​បែកក្បាល​៧​ថ្នេរ និង​មាន​របួស​នៅ​លើ​ខ្លួន​មួយ​ចំនួន​ទៀត​ដែរ​។​
​ជុំវិញ​ហេតុការណ៍​បង្ក្រាប​នេះ លោក គៀត ច័ន្ទ​ថា​រិទ្ធិ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លើកឡើងថា សមត្ថកិច្ច​មិន​មាន​បំណង​សម្លាប់ ឬ​ធ្វើឲ្យ​បាតុ​ក​រមាន​របួស​ទេ គឺ​គ្រាន់​ចុះ​ទៅ​សម្របសម្រួល ចំពោះ​បាតុករ​ហិង្សា ដើម្បី​ការពារ​ផលប្រយោជន៍​សាធារណៈ​ប៉ុណ្ណោះ​។
​ទោះ​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បកស្រាយ​ថា មិន​មាន​បំណង​បង្ក្រាប​ក៏ដោយ​ តែ​ហេតុការណ៍​នោះ បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រ ទេស​ក៏ដូចជា​ សហគមន៍​អន្តរជាតិ​ផង​ដែរ​។
​ក្រោយ​ការបង្ក្រាប​សហរដ្ឋអាមេរិក បារាំង សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​២៨​ ជា​សមាជិក និង​ជប៉ុន បាន​សំដែង​ការព្រួយបារម្ភ និង​ខ្លះទៀត​ថ្កោលទោស​ចំពោះ ហេតុការណ៍ យោ​ធា​បង្ក្រាប​លើ​បាតុករ​នោះ​។
​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍  និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម​មួយរូប លោក កែម ឡី លើក ឡើង​ថា ហេតុការណ៍​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើ​បាតុក​រនោះ គឺ​មិន​អាច​បញ្ចប់​បញ្ហា បាន​ទេ ព្រោះ​រដ្ឋាភិបាល​មិន​បាន​ដល់​ដោះស្រាយ​ឲ្យដល់​ឫស្សគ​ល់​នៃ​បញ្ហា​មិនបាន​ធ្វើឲ្យ​អ្នក​មាន បញ្ហា​ស្ងប់ចិត្ត ដូច្នេះ​ការតវ៉ា​នៅតែ​អាច​កើតមានឡើង​ទៀត​៕


No comments:

Post a Comment