បុរសម្នាក់ក្នុងចំណោមអ្នកផ្សេងមួយចំនួនទៀត រងរបួសក្នុងពេលកម្លាំងអាជ្ញាធរបង្ក្រាបការតវ៉ារបស់ក្រុមបាតុករលោក ម៉ម សូណង់ដូ នៅខាងមុខក្រសួងព័ត៌មាននៅព្រឹកថ្ងៃ២៧ មករា ឆ្នាំ២០១៤។
ប៉ូលិសដែលគេដាក់ពង្រាយដើម្បីបំបែកអ្នកតវ៉ា។ RFA/Van Vichar
អាជ្ញាធរ បំបែក បាតុករ លោក ម៉ម សូណង់ដូ របួស យ៉ាងតិច ៧នាក់
ដោយ វណ្ណ វិចារ / អាស៊ីសេរី | ២៧ មករា ២០១៤
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណជាង ៥០០នាក់ អមទៅដោយកម្លាំងនគរបាលបង្ក្រាបបាតុកម្មរាប់សិបនាក់ រួមនឹងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ ជាច្រើនទៀត ត្រូវបានបញ្ជាឲ្យចូលវាយសំពងបង្ក្រាបក្រុមបាតុករដែលដឹកនាំដោយលោក ម៉ម សូណង់ដូ នៅខាងមុខក្រសួងព័ត៌មាន។
មុននឹងចូលបំបែកក្រុមអាជ្ញាធរដែលដឹកនាំដោយមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង បានប្រកាសតាមឧគ្ឃោសនស័ព្ទឲ្យពលរដ្ឋនិងបាតុករទាំងអស់ចេញពីមុខក្រសួងព័ត៌មាន ដើម្បីបើកចរាចរណ៍ឡើងវិញ។ សមត្ថកិច្ចទាំងនោះទុកពេល ៥នាទី ដើម្បីធ្វើការចាកចេញ។
កំពុងអង្គុយឱបក្បាលដែលមានឈាមហូរច្រាលតាមប្រឡោះម្រាមដៃ និងមានស្នាមរបួសរយះក្បាលប្រវែងប្រមាណបីថ្នាំងដៃផងនោះ អ្នករបួសម្នាក់និយាយទាំងញ័រៗ គាត់មិនមានខុសអ្វីទេ តែក្រុមសន្តិសុខសម្រុកវាយក្បាលគាត់តែម្ដង៖ «មិនដឹងយ៉ាងម៉េចបានមកវ៉ៃខ្ញុំអ៊ីចឹង...។ មិនដឹងយកស្អីវ៉ៃ វាច្រើនណាស់។ ឥឡូវខ្ញុំបែកក្បាលហូរឈាមច្រើនណាស់ៗ»។
ទោះជាបែបណាក្ដី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង បានបញ្ជាក់ដោយខ្លីថា នេះជាការងាររបស់សមត្ថកិច្ចក្នុងការបើកចរាចរណ៍ឡើងវិញ។
មន្ត្រីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ មានប្រសាសន៍ថា សមត្ថកិច្ចអនុវត្តតាមតួនាទីរបស់ខ្លួនក្នុងការរក្សាសណ្ដាប់ធ្នាប់សាធារណៈ៖ «ខាងអាជ្ញាធររាជធានីបានហាមគាត់មិនឲ្យហែក្បួន ឬប្រមូលផ្ដុំគ្នាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់និងសន្តិសុខ... ប៉ុន្តែគាត់អាចមានសិទ្ធិបញ្ចេញមតិ ដោយដាក់ញត្តិ ឬបញ្ជូនញត្តិទៅអាជ្ញាធរ»។
ទាក់ទងនឹងការធ្វើបាតុកម្មនេះ លោក ម៉ម សូណង់ដូ មានប្រសាសន៍ថា លោកដឹកនាំការទាមទារបើកវិទ្យុដើម្បីផ្ដល់ចំណេះដឹង និងការអប់រំជូនប្រជាពលរដ្ឋប៉ុណ្ណោះ ហើយមិនមានបំណងប្រើហិង្សាណាមួយទេ៖ «ប្រជាពលរដ្ឋស្វែងយល់ ចង់មានការចេះដឹង ចង់ស្ដាប់វិទ្យុសំបុកឃ្មុំ ដែលពលរដ្ឋមួយចំនួនមិនបានឮវិទ្យុសំបុកឃ្មុំ។ អាហ្នឹងវាស្របទៅនឹងរដ្ឋធម្មនុញ្ញ ស្របទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល»។
កាលពីដើមខែមករា ក្រសួងព័ត៌មាន បានប្រាប់លោក ម៉ម សូណង់ដូ ថា ក្រសួងមិនមានរលកអាកាសផ្សាយ (ហ្វ្រេកង់ស៍) សម្រាប់ផ្ដល់ជូនវិទ្យុសំបុកឃ្មុំឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤។
ក្រៅពីការវាយបង្ក្រាបទៅលើបាតុករនិងពលរដ្ឋ ក្រុមសមត្ថកិច្ចក៏បានប្រមូលម៉ូតូ និងរ៉ឺម៉កកង់បីមួយចំនួនយកទៅទុកក្នុងសាលាក្រុង ដោយសារតែម្ចាស់យានយន្តទាំងនេះបានភិតភ័យ ហើយរត់ចោលក្នុងពេលប៉ូលិស និងប៉េអឹមបំបែកបាតុករ។
សង្គមស៊ីវិលចាត់ទុកថា ការបង្ក្រាបដោយហិង្សាទៅលើអ្នកតវ៉ាជារឿងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ កាលពីថ្ងៃទី២៦ ខែមករា អំពើហិង្សាក៏បានផ្ទុះម្ដងរួចហើយក្នុងពេលក្រុមកម្មករនិងសហជីព បានធ្វើបាតុកម្មទាមទារឲ្យដោះលែងមនុស្សចំនួន ២៣នាក់ ដែលកំពុងតែជាប់ពន្ធនាគារ។
សាលារាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងទៅកាន់លោក ម៉ម សូណង់ដូ ថា អាជ្ញាធរមិនអនុញ្ញាតឲ្យលោកដឹកនាំធ្វើបាតុកម្មឡើយ ដោយរង់ចាំឲ្យសភាពការណ៍ស្ងប់ស្ងាត់សិន និងព្រមានថា អ្នកបង្កឲ្យមានចលាចលក្នុងសង្គមនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
No comments:
Post a Comment