Paris Peace Accords 23 Oct. 1991

Tuesday, January 28, 2014

ប៉ូលិស​ ដោះលែង​ ជន​សង្ស័យ​ បង្ក​ហិង្សា​ ពេល​ប៉ះ​ទង្គិច​ នៅ​ទីលាន​ប្រជាធិបតេយ្យ

ជន​សង្ស័យ​ ៦១០
បុរស​ម្នាក់​ដែល​ក្រុម​អ្នក​តវ៉ា​ចាប់​ក្នុង​ពេល​ប៉ះទង្គិច​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​២៦ មករា ដោយ​ចោទ​ថា​ជា​អ្នក​បង្ក​ហិង្សា (រូប​កណ្ដាល) ហើយ​ត្រូវ​ប៉ូលិស​ដោះលែង​កាល​ពី​ថ្ងៃ​២៧ ខែ​មករា ឆ្នាំ​២០១៤។  (រូបថត RFA / Sek Bandith)

ប៉ូលិស​ ដោះលែង​ ជន​សង្ស័យ​ បង្ក​ហិង្សា​ ពេល​ប៉ះ​ទង្គិច​ នៅ​ទីលាន​ប្រជាធិបតេយ្យ

មនុស្ស​ម្នាក់​ ក្នុង​ចំណោម ២​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​ ក្នុង​អំពើ​ហិង្សា​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បាន​ ដោះលែង​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ។ អំពើ​ហិង្សា​ នៅ​ពេល​នោះ​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ១០​នាក់​ រង​របួស​ធ្ងន់​ និង​ស្រាល។
ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ២៧ មករា ២០១៤
មន្ត្រី​សិទ្ធិមនុស្ស​មក​ពី​សមាគម​អាដហុក បាន​បញ្ជាក់​ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​​ដោះលែង​មនុស្ស​ម្នាក់​ក្នុង​ចំណោម ២​នាក់ ក្រោយ​ពី​បញ្ចប់​នីតិវិធី​របស់​ខ្លួន ក្រោម​បទ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ស្ថិត​នៅ​ពីក្រោយ​នៃ​បទ​ចោទ​ថា ពួក​គេ​គឺ​ជា​កូន​ជឹង​នៃ​ការ​ជួល ដើម្បី​ឲ្យ​​មក​អុកឡុក​និង​កកូរកកាយ​ក្នុង​ព្រឹត្តិការណ៍​ជួប​ប្រជុំ​របស់​សហជីព​ដែល​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស ២៣​នាក់​ដែល​កំពុង​ឃុំ​ខ្លួន​នៅ​មន្ទីរ​កែប្រែ “ម៣” ត្រពាំងផ្លុង ខេត្ត​កំពង់ចាម។
លោក ចាន់ សុវ៉េតេ មន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក ថ្លែង​នៅ​ថ្ងៃ​ទី​២៧ មករា ថា យុវជន​ឈ្មោះ ហម ឃុត ត្រូវ​បាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោះលែង​វិញ​ហើយ ក្រោយ​ពី​បាន​ឃុំ​ខ្លួន​ពេញ​មួយ​យប់ និង​បញ្ចប់​នីតិវិធី​សាកសួរ​រួច​មក។ លោក​បន្ត​ទន្ទឹម​នឹង​នេះ​ជន​សង្ស័យ​ឈ្មោះ ផេង ផា ដែល​ចាប់​ខ្លួន​ក្នុង​ថ្ងៃ​តែ​មួយ កាល​ពី​ថ្ងៃ​ទី​២៦ មករា ជាមួយ​គ្នា​នោះ​ដែរ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​នៅ​ឡើយ។
ជន​សង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​ចាប់​ខ្លួន​ភ្លាមៗ មុន​បញ្ជូន​ឲ្យ​សមត្ថកិច្ច​ក្រោយ​ពី​រក​ឃើញ​​ពួក​គេ​មាន​ចម្ពាម​កៅស៊ូ និង​គ្រាប់​បាញ់​ដែល​ផលិត​ពី​ដែក​តាន់​នៅ​ក្នុង​ដៃ។ មូលហេតុ​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ ជន​សង្ស័យ​ទាំង​ពីរ​ត្រូវ​រង​ការ​ចោទ​ថា គឺ​ជា​ជន​បង្កប់ ឬ​ជា​កូនជឹង​របស់​រដ្ឋាភិបាល ដើម្បី​បង្ក​អុកឡុក ដែល​ជា​ហេតុ​ងាយ​ស្រួល​ឲ្យ​សមត្ថកិច្ច​មាន​មធ្យោបាយ​ក្នុង​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា ដោយ​ចោទ​ថា ក្រុម​បាតុករ​មាន​អាវុធ​ក្នុង​ដៃ ហើយ​បង្ក​ហិង្សា​ប្រឆាំង​សមត្ថកិច្ច។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ចាន់ សុវ៉េត គិត​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ មេធាវី​របស់​សមាគម​អាដហុក និង​ការ​ឆ្លើយ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​រក​ឃើញ​ថា ជន​សង្ស័យ​ទាំង​ពីរ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ណា​មួយ​ក្នុង​អំពើ​ហិង្សា​ទេ។ លោក​បន្ត​ថា អ្វី​ដែល​បាន​កើត​ឡើង​កាល​ណោះ ទំនង​ជា​មាន​ការ​ភាន់ច្រឡំ​ប៉ុណ្ណោះ។
បើ​ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រក​ឃើញ​ថា ឧបករណ៍​ចម្ពាម​កៅស៊ូ និង​ស្នាប់​ដៃ​ដែល​ភាគ​ច្រើន​ប្រើ​​ក្នុង​ពេល​បាតុកម្ម​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ គឺ​មាន​ភិនភាគ​ដូច​គ្នា ដែល​បាញ់​ចេញ​ពី​ជន​សង្ស័យ​ដែល​ពុំ​មែន​ជា​ក្រុម​បាតុករ។ ជាក់​ស្ដែង ការ​បាញ់​បង្ក្រាប​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​របស់​លោក ម៉ម សូណង់ដូ និង​ក្រុម​សហជីព​គឺ​មាន​លក្ខណៈ​តែ​មួយ។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​ពី​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឡើយ ដោយ​អ្នក​ទទួល​ទូរស័ព្ទ​របស់​លោក​អះអាង​ថា លោក ជួន សុវណ្ណ ឈប់​ប្រើប្រាស់​លេខ​ទូរស័ព្ទ​នេះ​ហើយ។ ចំណែក​លោក ជួន ណារិន្ទ ស្នងការ​រង​រាជធានី​ភ្នំពេញ ក៏​ពុំ​អាច​ស្នើសុំ​អត្ថាធិប្បាយ​បាន​ដែរ ដោយ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។
ដោយ​ឡែក លោក អំ សំអាត មន្ត្រី​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ គិត​ថា បើ​វប្បធម៌​នៃ​ការ​បាច​ទឹក​ដាក់​គ្នា​នៅ​តែ​កើត​ឡើង​មិន​ឈប់ឈរ​ដូច្នេះ ហិង្សា​នឹង​មិន​អាច​បញ្ចប់​ត្រឹម​នេះ​បាន​ឡើយ។
យ៉ាង​ណា​ក៏​ដោយ ទាំង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ច្រានចោល​សេចក្ដី​រាយការណ៍​ថា អង្គការ​ទាំង​ពីរ​នេះ​បាន​បញ្ជូន​មេធាវី​របស់​ខ្លួន​ដើម្បី​ការពារ​ក្ដី​ឲ្យ​ជនសង្ស័យ​ទាំង​ពីរ។ គិត​មក​ដល់​ពេល​នេះ ស្ថាប័ន​ផ្នែក​សិទ្ធិ​មនុស្ស​ទាំង​ពីរ​នេះ បាន​ទាត់​ចោល​ព័ត៌មាន​ស្ដីពី​ការ​ផ្ដល់​មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​សង្ស័យ​ទាំង​ពីរ ដោយ​ចាត់​ទុក​ថា ពុំ​មាន​ជាប់​ពាក់ព័ន្ធ ហើយ​ក៏​ពុំ​ដែល​ផ្ដល់​មេធាវី​ការពារ​ក្ដី​នោះ​ម្ដង​ណា​ទេ។
ប្រតិកម្ម​របស់​ស្ថាប័ន​ទាំង​ពីរ​នេះ កើត​ឡើង​នៅ​ចំ​ពេល​ដែល​ការ​បាញ់​បង្ក្រាប​គ្រាប់​បែក​ផ្សែង​ពុល​ប្រឆាំង​ក្រុម​បាតុករ​មួយ​ថ្ងៃ​ក្រោយ បន្ទាប់​ពី​ការ​បង្ក្រាប​ដោយ​ជោគជ័យ​ទៅ​លើ​ក្រុម​សហជីព កាល​ពី​ថ្ងៃ​ទី​២៦ មករា ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស ២៣​នាក់ ដែល​គ្រោង​ធ្វើ​មិន​បាន​សម្រេច​នៅ​ទីលាន​ប្រជាធិបតេយ្យ។
បាតុកម្ម​ជា​ថ្មី​ទៀត​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ ដែល​ទាមទារ​សុំ​ដំឡើង​ហ្វ្រេកង់ស៍​វិទ្យុ​តាម​ខេត្ត និង​បង្កើត​ទូរទស្សន៍​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​រង​របួស​ធ្ងន់​និង​ស្រាល។ ទន្ទឹម​នឹង​នេះ សមាគម​អាដហុក បញ្ជាក់​ថា ក្រៅ​ពី​មាន​អ្នក​របួស​ហើយ ក្នុង​នោះ​មនុស្ស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​ដែរ៕



No comments:

Post a Comment