ចក្រភព អង់គ្លេស និងអាមេរិក ប្រាប់ សមាជិកក្រុមប្រឹក្សា សិទ្ធិមនុស្ស UN ពីការបារម្ភ លើ ការបង្ក្រាប របស់ សមត្ថកិច្ច កម្ពុជា
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃអង្គារ ទី28 ខែមករា ឆ្នាំ2014
តំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស និងអាមេរិក ប្រាប់សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សUN ពីការបារម្ភលើការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចកម្ពុជាទៅលើកម្មករ និងបាតុករ និងបំរាមលើការប្រមូលផ្តុំដោយសន្តិវិធី។
ក្នុងដំណើរការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា(UPR) ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិក ដែលត្រូវបានបន្តផ្ទាល់តាមរយៈគេហទំព័រ webtv.un.org/ តំណាងចក្រភពអង់គ្លេស បានលើកឡើងថា ខ្លួនបារម្ភពីការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស។ ចក្រភពអង់គ្លេស ជំរុញឲ្យមានការស៊ើបអង្កេតលើការបង្ក្រាប និងដោះលែងអ្នកទាំង២៣ជាបន្ទាន់។ ចក្រភពអង់គ្លេស ស្នើឲ្យមានការដកបំរាមនៃការប្រមូលផ្តុំដោយសន្តិវិធី ការកែទម្រង់ប្រព័ន្ធតុលាការ ការលុបបំបាត់អំពើពុករលួយ កំណែទម្រង់ការបោះឆ្នោតនិងការអនុវត្តអនុសាសន៍របស់លោកស៊ូប៊ែឌី។
ចំណែកតំណាងអាមេរិក បានថ្លែងបារម្ភយ៉ាងខ្លាំងទៅលើការបង្ក្រាបរបស់កម្លាំងសន្តិសុខ នាពេលថ្មី ស្នើឲ្យដកបំរាមលើការប្រមូលផ្តុំ កំណែទម្រង់ការបោះឆ្នោត កំណែទម្រង់ក្រមព្រហ្មទណ្ឌ និងបង្កើតយន្តការរៀបចំការចុះបញ្ជីដីធ្លី។
នៅដើមខែមករា ឆ្នាំ២០១៤នេះ រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់យន្តការថ្មីៗ ដើម្បីទប់ស្កាត់ និងចាត់វិធានការទៅលើការតវ៉ារបស់ក្រុមប្រឆាំងនឹងរដ្ឋាភិបាល រួមមានការបង្ក្រាបកាលពីថ្ងៃទី០២និងទី០៣ខែមករា ដែលបណ្តាលឲ្យមនុស្ស៥នាក់ ស្លាប់ ការបោសសម្អាតបាតុករពីទីលានប្រជាធិបតេយ្យ ដោយមិនឲ្យមានការតវ៉ា ការហាមមិនឲ្យមានការប្រមូលផ្តុំ និងសម្តែងមតិនៅទីលានប្រជាធិបតេយ្យ រហូតមានការប៉ះទង្គិច ការគំរាមកំហែង ការប្រមូលផ្តុំរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម និងការបង្ក្រាបទៅលើបាតុករ ដែលដឹកនាំដោយលោក ម៉ម សូណង់ដូជាដើម។
ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃដោយក្រុមការងារអង្គការសហប្រជាជាតិលើកដំបូង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៩ ដោយគ្រានោះUN បានផ្តល់អនុសាសន៍កែលម្អចំនួន ៩១ចំណុច ហើយរដ្ឋាភិបាល បានប្រកាសទទួលយកអនុសាសន៍ទាំងអស់នោះ នឹងត្រូវវាយតម្លៃជាថ្មីដោយរដ្ឋជាសមាជិកUN ក្នុងកិច្ចប្រជុំលើកនេះផងដែរ។
UPR គឺជាដំណើរការមួយ ដែលរដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វាយតម្លៃជាប្រចាំទៅតាមជុំ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស និងអនុសាសន៍របស់អង្គការសង្គមស៊ីវិលក្នុងប្រទេសនីមួយៗ ដែលមានរយៈពេល ៤ម៉ោង និង៣០នាទី៕
យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដែលស្រឡាញ់ ប្រកាន់ និង គោរពលទ្ធិប្រជាធិប
ReplyDeleteតេយ្យ សូមជំរាបដល់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំអស់ថា ការលើកឡើងនូវករណិយស្នើ
ឲពួករដ្ឋាភិបាល ហ៊ុនសែន ធ្វើការកែទម្រង់ទាំងប៉ុន្មានចំណុចនោះ វាហាក់ដូចជាគ្មានប្រយោជន៍
ឡើយ ។ ព្រោះពួកវាមិនស្តាប់ មិនធ្វើតាមទាល់តែសោះ ពីមុនក៍អញ្ចឹង ពេលនេះក៍អញ្ចឹង ហើយ ទៅថ្ងៃមុខក៍អញ្ចឹង ។ ព្រោះពួកគេមិនខ្លាច មិនញញើតដល់ច្បាប់អន្តរៈជាតិក៍ដូចអស់លោកដែលជា
ប្រទេសមាជិកអង្គការសហប្រជាជាតិផងដែរ ដោយពួកវាអាងទៅលើប្រទេសចិន និង យួន នៅពី
ក្រោយខ្នង ។ ដូច្នេះ យើងទាំងអស់គ្នា សូមសំណូមពរដល់អស់លោកជាសមាជិកអង្កការសហប្រជា
ជាតិទាំងអស់ ជាពិសេស ប្រទេសមហាអំណាចដែលប្រកាន់លទ្ធិប្រជាធិបតេយ្យទាំងប៉ុន្មាន មេត្តាជួយ
ជម្រុញ និង ជ្រោមជ្រែង ដល់ប្រជាពលរដ្ឋខ្មែរក្នុងការទាមទារឲមានការផ្លាស់ប្តូរអ្នកដឹកនាំ និង របប
របស់ប្រទេសកម្ពុជាបច្ចុប្បន្នឲបានសម្រេចក្នុងពេលឆាប់ ៗ នេះផង ។ បើពុំនោះទេ ប្រទេសកម្ពុជា និង ប្រជាពលរដ្ឋខ្មែរ មិនអាចស្គាល់ពន្លឺសុភមង្គលបានជារៀងរហូត ការវិនាសហិនហោច ការរងទុក្ខ
វេទនា និង ការឈឺចាប់ នៅតែកើតមានឡើងជារៀងដរាបតរៀងទៅ ។ សូមអស់លោកជាយចាត់
វិធាមនការជាបន្ទាន់ កុំឲយឺតពេលទាន់ ។