Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

ព្រះសង្ឃ​ និង​សកម្មជន​ សិទ្ធិមនុស្ស ដែល​សមត្ថកិច្ច​ ឃាត់ខ្លួន នៅ​ខេត្ត​ព្រះវិហារ ត្រូវបាន​ ដោះលែង​​

ព្រះសង្ឃ​ និង​សកម្មជន​ សិទ្ធិមនុស្ស ដែល​សមត្ថកិច្ច​ ឃាត់ខ្លួន នៅ​ខេត្ត​ព្រះវិហារ ត្រូវបាន​ ដោះលែង​​

Photo: Prey Nokor News' Facebook

ដោយ៖​ បូ សា​វី និង​អ៊ឹង ប៊ុនថន​​  / វិទ្យុវីអូឌី | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014

​ព្រះសង្ឃ​ចំនួន​ពីរ​អង្គ និង​សកម្មជន​សិទ្ធិមនុស្ស​បី​រូប​ទៀត ដែល​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ខេត្ដ​ព្រះវិហារ កាល​ពី​ម្សិលមិញ ត្រូវបាន​ដោះលែង​វិញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​មាន​អន្ដរាគមន៍​ពី​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​មេធាវី​ការពារ​។​
​មន្ដ្រី​ការពារ​សិទ្ធ​លំនៅឋាន​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ CLEC លោក ប៊ូ ពៅ ដែល​ត្រូវបាន​ដោះលែង ប្រាប់​VOD​ថា ព្រះសង្ឃ​ពីរ​ព្រះអង្គ និង​មន្ដ្រី​របស់​លោក​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង នៅ​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​នេះ បន្ទាប់ពី​មាន​មេធាវី​ការពារ​ក្តី និង​មាន​ជួយ​អន្ដរាគមន៍ ពី​ពលរដ្ឋ​ជនជាតិ​គួ​យ និង​អង្គការ​សង្គម​ស៊ីវិល​។ លោក​ថា លោក​ត្រូវបាន​សមត្ថកិច្ច ឃាត់​ខ្លួន​អស់​មួយ​យប់ ដោយ​ចោទ​ថា ញុះញង់​ពលរដ្ឋ​ឲ្យមាន​ចលាចល និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​ ​៖
ចំណែក ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ មាន​ថេរៈ​ដីកា​ថា ការឃាត់​ព្រះកាយ​ព្រះអង្គ និង​បុគ្គលិក​អង្គការ នោះ​ជា​ការរំលោភ​សិទ្ធិ​ពលរដ្ឋ ដោយ​គ្រាន់តែ ពួកគាត់​សំណេះសំណាល និង​សួរសុខទុក្ខ​ពលរដ្ឋ ខណៈ​ពលរដ្ឋ រង​ការរំលោភ​ដីធ្លី ពី​ក្រុមហ៊ុន​ចិន​នៅ​តំបន់​នោះ​។ ព្រះអង្គ​បន្ដ​ថា សមត្ថកិច្ច​បាន​ប្រើ​អាវុធ​ភ្ជង់​ព្រះអង្គ ហើយ​ឃាត់​ព្រះកាយ​ព្រះអង្គ អស់​ជាច្រើន​ម៉ោង ​​៖
VOD មិនអាច​ទាក់ទង​ស្នងការ​នគរបាល ខេត្ដ​ព្រះវិហារ លោក ស៊ី ការី ដើម្បី​បំភ្លឺ​ពី​ការឃាត់ខ្លួ​សកម្មជន​សិទ្ធិមនុស្ស និង​ព្រះសង្ឃ​នោះបានទេ ដោយ​ទទួល​ទូរស័ព្ទ​ហើយ ផ្ដាច់​ទៅវិញ បន្ទាប់ពី​សាកសួរ​ពី​រឿងនេះ​។​
​អ្នកសម្របសម្រួល​សមា​គម​អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ទង្វើ​របស់​សមត្ថកិច្ច​នៃ​ការឃាត់ខ្លួន​នេះ ជា​ករណី​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​។ លោក​ស្នើឲ្យ​អាជ្ញាធរ​បញ្ឈប់​គំរាមកំហែងព​ល​រដ្ឋ ដែល​មិន​មាន​កំហុស និង​ជំរុញ​ឲ្យជួយ​ដោះស្រាយ​ជំលោះដីធ្លី​ពលរដ្ឋ​ប្រសើរ​ជាង​ប្រើ​ហឹង្សា​។​
​កាលពី​រសៀល​ថ្ងៃ​ទី​២​ ខែ​មករា ឆ្នាំ​២០១៤ សមត្ថកិច្ច​ខេត្ដ​ព្រះវិហារ ប្រមាណ​ជាង​៥០​នាក់​ប្រដាប់​ដោយ​អាវុធ បាន​ប្រើ​កាំភ្លើង​ភ្ជង់ ឃាត់ខ្លួន​បុគ្គលិក​អង្គការ​ចំនួន​៣​រូប និង​ព្រះសង្ឃ​ពីរ​ព្រះអង្គ បន្ទាប់ពី​ពួកគេ ចេញ​ពី​សំណេះសំណាល និង​សួរសុខទុក្ខ​ពលរដ្ឋ​ជនជាតិ​គួ​យ ដែល​តវ៉ា​រឿង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន ឡាន​ហ្វេ​ង ក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ដ​ព្រះវិហារ​។
​ព្រះសង្ឃ​ដែល​ត្រូវ​ឃាត់​ព្រះកាយ​នោះ ព្រះនាម ប៊ុត ប៊ុន​ទិញ និង​ព្រះនាម ណា​ម ចាន់ថេន និង​បុគ្គិល មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ បី​រូប​ទៀត មាន លោក ប៊ូ ពៅ លោក ឯម សារ៉ុម និង លោក ឆេន សំបូរ​៕

No comments:

Post a Comment