ការបង្ក្រាបទៅលើពលរដ្ឋដែលទាមទារបង្កើតហ្វ្រេកង់ទូរទស្សន៍នៅមុខក្រសួងព័ត៌មាន នៅថ្ងៃទី២៧ខែមករា (រូបថត ឡាយ សាមាន)
CCIM ចាត់ទុក ការបង្ក្រាប បាតុកម្ម លោក ម៉ម សូណង់ដូ ជាការប្រឆាំង សេរីភាពបញ្ចេញមតិ
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃអង្គារ ទី28 ខែមករា ឆ្នាំ2014
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចាត់ទុកទង្វើអាជ្ញាធរបង្ក្រាបបាតុកម្មទាមទារស្នើសុំហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយបន្តទៅតាមខេត្តរបស់ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ថាជាការបំបិទសេរីភាពបញ្ចេញមតិ។
សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ចុះផ្សាយនៅថ្ងៃទី ២៨ ខែមករានេះ ឲ្យដឹងថា ការប្រើប្រាស់ហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ច ទៅលើបាតុកម្មដែលដឹកនាំដោយប្រធានវិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ នៅថ្ងៃម្សិលមិញនេះ គឺជាការកើនឡើងនៃយន្តការរដ្ឋាភិបាល ប្រឆាំងនឹងសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
សេចក្តីប្រកាសព័ត៌មាននេះ បន្តថា ក្នុងហេតុការណ៍ប៉ះទង្គិចនោះ កម្លាំងសមត្ថកិច្ច បានប្រើដំបងឆក់ និងគ្រាប់បែកផ្សែង បង្ក្រាបទៅលើបាតុករជាប្រជាពលរដ្ឋ បណ្តាលឲ្យមានគ្រោះថ្នាក់ទៅលើអ្នកធ្វើដំណើរ រួមនឹងអ្នកសារព័ត៌មានផងដែរ។ ទន្ទឹមនឹងនេះ CCIM ឲ្យដឹងដែរថា កាលពីឆ្នាំមុននេះ អ្នករាយការណ៍ព័ត៌មាន វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី ដែលជាស្ថាប័នផលិតកម្មវិធីផ្សាយរបស់ CCIM បានរកការគំរាមកំហែងពីកម្លាំងអាជ្ញាធរ បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់កម្មកររោងចក្រ ក្នុងមហាបាតុកម្ម កន្លងមក។
ក្នុងសេចក្តីប្រកាសព័ត៌មាន CCIM អំពាវនាវឲ្យរដ្ឋាភិបាល បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ហិង្សា និងការរំខានលើអ្នកសារព័ត៌មាន ក៏ដូចជាស្នើដល់រដ្ឋាភិបាល បញ្ឈប់ការរិះគន់លើស្ថាប័នព័ត៌មានឯករាជ្យនៅកម្ពុជា។ CCIM ក៏ជំរុញឲ្យក្រសួងមហាផ្ទៃ ដកចេញនូវបម្រាមហាមឃាត់ការប្រមូលផ្តុំ និងបញ្ឈប់ការប្រើប្រាស់ហិង្សាលើបាតុករអហិង្សាផងដែរ។
នៅថ្ងៃទី២៧ ខែមករាម្សិលមិញនេះ មានការបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ ទៅលើក្រុមពលរដ្ឋប្រមាណ៣០០០នាក់ ដែលទាមទារដំឡើងកម្លាំងផ្សាយវិទ្យុតាមបណ្តាខេត្ត និងហ្វ្រេកង់សម្រាប់ស្ថានីយទូរទស្សន៍ នៅខាងមុខក្រសួងព័ត៌មាន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៨នាក់ របួសធ្ងន់ស្រាល៕
No comments:
Post a Comment