លីកាដូ៖ ពលរដ្ឋ មួយចំនួន ដែលចាប់ខ្លួន នៅពេលបង្ក្រាប កំពុងមាន បញ្ហាសុខភាព ធ្ងន់ធ្ងរ
ដោយ៖ ថុល ស្រីលក្ខណ៍ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014
កម្មករ និងប្រជាពលរដ្ឋជាច្រើននាក់ត្រូវបានចាប់ខ្លួន ក្រោយផ្ទុះហិង្សានៅផ្លូវវេងស្រេង (រូបភាពដោយ តាត ឧត្តម)
មន្ត្រីសិទិ្ធមនុស្ស នៅថ្ងៃពុធនេះ ឲ្យដឹងថា មនុស្សចំនួន២៣នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពេលបង្ក្រាប កាលពីថ្ងៃទី២ និងទី៣ ខែមករា នៅរោងចក្រយ៉ាក់ជីន និងនៅសួនឧស្សាហកម្មកាណាឌីយ៉ាកាលនោះ ត្រូវបានឃុំខ្លួន នៅពន្ធនាគារដាច់ស្រយាលក្នុងខេត្តពោធិ៍សាត់ និងមណ្ឌលអប់រំកែប្រែទី៣ នៅត្រពាំងថ្លុង ក្នុងខេត្តកំពង់ចាម។
អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្រុមលោក វន់ ពៅ ចំនួន១០នាក់ ដែលចាប់ខ្លួននៅរោងចក្រយ៉ាក់ជីន ត្រូវបានឃុំនៅ មណ្ឌលអប់រំកែប្រែទី៣ (ម៣) នៅត្រពាំងថ្លុង ក្នុងខេត្តកំពង់ចាម។ ចំណែកកម្មករចំនួន១៣នាក់ទៀត ដែលចាប់ខ្លួននៅពេលបាញ់បង្ក្រាប ម្តុំសួនឧស្សាហកម្មការណាឌីយ៉ា ត្រូវបានឃុំនៅមណ្ឌលអប់រំកែប្រែទី៤ នៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
លោក អំ សំអាត បន្ថែមថា ព័ត៌មាននៃការឃុំខ្លួននេះ ទទួលបានពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សែមសក្តិកូឡា។ លោកបន្តថា នៅម៉ោង១១និង៣០នាទីថ្ងៃត្រង់នេះ ក្រុមគ្រូពេទ្យរបស់លីកាដូ និងអង្គការសហប្រជាជាតិ (UN) បានជួបសួសុខទុក្ខក្រុម លោក វន់ ពៅ នៅមណ្ឌលអប់រំកែប្រែត្រពាំងថ្លុង ដែលក្រុមគ្រូពេទ្យ ពិនិត្យឃើញថា ជនជាប់ចោទ មានបញ្ហាសុខភាពធ្ងន់ធ្ងរ បន្ទាប់ពីមានការវាយដំនៅពេលចាប់ខ្លួន ហើយមិនត្រូវបានឲ្យគ្រូពេទ្យព្យាបាលភ្លាមៗ។
ការបាញ់បង្ក្រាបរបស់សមត្ថកិច្ច នៅដើមឆ្នាំ២០១៤នេះ ទៅការតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ បានបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ ប្រមាណ៣៩នាក់រងរបួស និង២៣នាក់ត្រូវបានចាប់ខ្លួន ខណៈសមត្ថកិច្ច១៦នាក់ក៏រងរបួសដែរ។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ ក្រុមអ្នតវ៉ាទាំងនោះ ពីបទហិង្សាដោយចេតនាដោយមានស្ថានទង្ងន់ទោស និងការបំផ្លាញទ្រព្យសម្បត្តិដោយចេតនាដោយមានស្ថានទម្ងន់ទោសប្រឈមមុខនឹងការឃុំខ្លួនបណ្តោះអាសន្នចំនួន១៨ខែ និងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី ១០០០ដុល្លារ ទៅ ២៥០០ដុល្លារ។ ប៉ុន្តែតុលាការ មិនបានកោះហៅអ្នកបាញ់សម្លាប់លើការតវ៉ានេះមកចោទប្រកាន់ឡើយ៕
No comments:
Post a Comment