សម្ព័ន្ធ ក្រុមអង្គការ សិទ្ធិមនុស្ស ស្នើសហគមន៍អន្តរជាតិ លើកបញ្ហា នៃការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា ពិភាក្សា ក្នុងកិច្ចប្រជុំ អង្គការ សហប្រជាជាតិ
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014
សម្ព័ន្ធក្រុមអង្គការសិទ្ធិមនុស្ស ចំនួន៤ ជំរុញឲ្យសហគមន៍អន្តរជាតិ លើកបញ្ហានៃការរំលោភសិទ្ធិមនុស្ស និងករណីបង្ក្រាបលើសេរីភាពប្រមូលផ្តុំ ការបញ្ចេញមតិនៅកម្ពុជា ទៅពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារស្អែកនេះ។
សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអង្គការសិទ្ធិមនុស្សចំនួន៤ រួមមាន CCHR, Article 19 សមាគមប៊ិចអន្តរជាតិ និងសមាគមអ្នកបោះពុម្ពផ្សាយអន្តរជាតិ ចុះថ្ងៃទី២៧ ខែមករានេះ ឲ្យដឹងថា យូភីអ គឺជាដំណើរការមួយ ដែលរដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វាយតម្លៃជាប្រចាំទៅតាមជុំនោះ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមករា នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វ៊ីស។ សម្ព័ន្ធអង្គការសិទ្ធិមនុស្ស យល់ឃើញថា នេះជាឱកាសមួយ ដែលសហគមន៍អន្តរជាតិ គប្បីលើកពិភាក្សាពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសវិធានការរបស់រដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើងបំបិទសេរីភាពបញ្ចេញមតិរបស់សកម្មជន អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលហ៊ានចេញមុខរិះគន់។សម្ព័ន្ធក្រុមអង្គការសិទ្ធិមនុស្ស ចំនួន៤ ជំរុញឲ្យសហគមន៍អន្តរជាតិ លើកបញ្ហានៃការរំលោភសិទ្ធិមនុស្ស និងករណីបង្ក្រាបលើសេរីភាពប្រមូលផ្តុំ ការបញ្ចេញមតិនៅកម្ពុជា ទៅពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារស្អែកនេះ។
ក្នុងសេចក្តីថ្លែងការណ៍នេះ នាយកប្រតិបត្តិនៃអង្គការមាត្រា១៩ លោក ថូម៉ាស់ ហ៊ូគ មានប្រសាសន៍ថា «ក្រោយពីការបោះឆ្នោតនៅឆ្នាំ២០១៣ ប្រជាពលរដ្ឋកម្ពុជាលែងនៅស្ងៀមទៀតហើយ។ ឥឡូវនេះ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ កំពុងតែប្រថុយជីវិតរបស់ខ្លួនក្នុងការបញ្ចេញមតិ និងទាមទារឲ្យមានសង្គមមួយដែលខ្លួនចង់បាន។ បែបបទប្រតិបត្តិការរបស់រដ្ឋាភិបាល ក្នុងការបង្ក្រាបមកលើសំឡេងប្រឆាំង មិនគួរកើតមានបន្តទៀតនោះទេ។ វាគួរតែដល់ពេលក្នុងការគោរពសេរីភាពបញ្ចេញមតិ និងសិទ្ធិមនុស្ស។ នេះជាសារដែលសហគមន៍អន្តរជាតិគួរតែនៅទីខាងក្រោយ»។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ឲ្យដឹងដែរថា តាមការអនុវត្តកន្លងមក រង្វិលជុំនៃការចោទសួរ រដ្ឋជាសមាជិក នឹងសួរនាំពីបញ្ហាដែលកើតមានឡើងក្នុងប្រទេសកម្ពុជា រួមនឹងការអនុសាសន៍របស់អង្គការសង្គមស៊ីវិល។ លោកបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងមានការដាក់ទណ្ឌកម្ម គឺស្តែងឡើងតាមរូបភាពនៃការកាត់បន្ថយជំនួយពីប្រទេសជាសមាជិក មកកម្ពុជា «ជាធម្មតា នៅពេលដែលការប្រជុំចឹង គេហ្នឹងមើលរបាយការណ៍ហើយនិងគេសួរ បណ្ដាប្រទេសផ្សេងគេនឹងសួរមកតំណាងប្រទេសកម្ពុជាពីបញ្ហារំលោភសិទ្ធិមនុស្សមួយចំនួន ក្រោយពីគេសួរហើយចឹងទៅតំណាងរដ្ឋាភិបាលត្រូវឆ្លើយ ពីមុនមកអត់ឆ្លើយទេ សួរហើយទុកសិនឆ្លើយតាមក្រោយហើយបន្ទាប់មកគេហ្នឹងផ្ដល់អនុសាស៍» ។
សេចក្តីថ្លែងការណ៍ដដែរនោះ ឲ្យដឹងដែរថា សម្ព័ន្ធក្រុមអង្គការសិទ្ធិមនុស្ស នឹងរៀបចំកម្មវិធីមួយនៅទីក្រុងហ្សឺណែវ ដើម្បីស្របទៅនឹងដំណើរការ យូភីអ ដែលនឹងមានសកម្មជនសិទ្ធិដីធ្លី អ្នកស្រី ទេព វន្នី ជាវាគ្មិនកិត្តិយស។ សម្រាប់ប្រទេសកម្ពុជា លោក ឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងចូលរួមក្នុងកិច្ចប្រជុំនោះ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការលើកលែងទោសអន្តរជាតិ ចុះថ្ងៃទី២៦ ខែមករាម្សិលមិញនេះ ក៏បានអំពាវនាវឲ្យរដ្ឋដែលជាសមាជិកអង្គការសហប្រជាជាតិជួយដោះស្រាយវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា ដោះលែងជាបន្ទាន់នូវជនទាំង ២៣នាក់ ដែលត្រូវបានចាប់ខ្លួន កាលពី ថ្ងៃទី២ និងទី៣ ខែមករា ដើម្បីឲ្យពួកគេទទួលបានការព្យាបាលពីគ្រូពេទ្យ។ អង្គការទាំងពីរនេះ ក៏ជំរុញឲ្យរដ្ឋាភិបាលបញ្ចប់ការប្រើប្រាស់សន្តិសុខ បង្ក្រាបលើការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ និងដកបម្រាមការប្រមូលផ្តុំនោះចេញវិញ៕
No comments:
Post a Comment