Paris Peace Accords 23 Oct. 1991

Saturday, January 4, 2014

តុលាការ​ក្រុង​ សម្រេច​ ឃុំ​មនុស្ស​ ១៣​នាក់​ ដែល​ចាប់​ នៅ​ផ្លូវ​វ៉េងស្រេង​ បណ្ដោះ​អាសន្ន

តុលាការ​ក្រុង​ សម្រេច​ ឃុំ​មនុស្ស​ ១៣​នាក់​ ដែល​ចាប់​ នៅ​ផ្លូវ​វ៉េងស្រេង​ បណ្ដោះ​អាសន្ន

នៅ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​របស់​ក្រុម​កម្មករ​ជាច្រើន​រោងចក្រ នៅ​តាម​ដង​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់​មនុស្ស​ច្រើន​នាក់​ឃុំ​ខ្លួន ហើយ​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា។ ក្រោយ​ពី​បាន​ស៊ើប​សួរ តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​មនុស្ស​ចំនួន ១៣​នាក់។
ដោយ អ៊ុក សាវបូរី / វិទ្យុអាស៊ីសេរី | ០៤ មករា ២០១៤
ឡាន​ប៉ូលិស​ដឹក​អ្នក​ទោស ៦១០
រថយន្ត​ប៉ូលិស​ដឹក​ជន​សង្ស័យ​ដែល​ប៉ូលិស​ចាប់​នៅ​តំបន់​ផ្លូវ​វ៉េងស្រេង ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។
RFA/Ouk Savborey
មនុស្ស​ចំនួន ១៣​នាក់ ភាគ​ច្រើន​ជា​កម្មករ​ដែល​អាជ្ញាធរ​ភ្នំពេញ បាន​ចាប់​ចង​ដៃ និង​ធ្វើ​ទារុណកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ក្នុង​បាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៦០​ដុល្លារ​ក្នុង​១​ខែ ត្រូវ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ដោយ​ចោទ​ពី​បទ​បង្ក​ហិង្សា និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា។
ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ថ្លែង​ថា អាជ្ញាធរ​បាន​ប្រើ​អំណាច​ចាប់​ពលរដ្ឋ​មិន​ចំ​អ្នក​ប្រព្រឹត្តិ​ហិង្សា បែរ​ជា​ចាប់​អ្នក​ខ្លះ​ដែល​មិន​មែន​បាតុករ ហើយ​បាន​បញ្ជូន​ទៅ​តុលាការ​ឲ្យ​សាកសួរ រួច​បញ្ជូន​ទៅ​ពន្ធនាគារ៖ «ទី​១ គាត់​ប្រើ​លោក​ប្រើ​កម្លាំង វា​អត់​សមាមាត្រ​ជាមួយ​កម្លាំង​របស់​បាតុករ។ ទី​២ ការ​ចាប់​ទៀត​សោត​ហ្នឹង ក៏​មាន​ការ​ចាប់​ខុស​ដែរ មិន​មែន​ជា​អ្នក​ប្រើ​ហិង្សា ឬ​មិន​មែន​ជា​បាតុករ​ទេ ដូច​ជា​ប្អូន​កម្មករ​សំណង់​ម្នាក់​ហ្នឹង គាត់​ទៅ​ទិញ​បាយ​ថ្ងៃ​ត្រង់​ហូប​ទេ។ នៅ​ពេល​ដែល​ដើរ​ពី​ទិញ​មក​វិញ ប៉ូលិស​ហ្នឹង​ចាប់​វ៉ៃ​គាត់ ហើយ​ចង​ស្លាប​សេក​យក​មក​តែ​ម្តង។ ហើយ​បង​ប្រុស​ម្នាក់​ហ្នឹង ក៏​អ៊ីចឹង​ដែរ ដែល​ឈ្មោះ វណ្ណី ហ្នឹង គាត់​នៅ​ក្នុង​បន្ទប់​ទេ ប៉ុន្តែ​ពេល​ដែល​ឮ​សំឡេង​អ៊ូអរ​ហ្នឹង គាត់​បើក​បន្ទប់​ទៅ កម្លាំង​សមត្ថកិច្ច​សម្រុក​ចូល​ផ្ទះ​គាត់ ហើយ​ចាប់​គាត់​មក​ទៀត​ទៅ»
ក្រុម​គ្រួសារ​ដែល​មាន​ប្ដី បង ក្មួយ មិត្តភក្ដិ​នៃ​អ្នក​ដែល​រង​នូវ​ការ​ចោទ​នោះ អះអាង​ថា តុលាការ​ហាក់​ធ្វើ​ការ​ចន្លោះ​ផ្លូវ​ច្បាប់​ក្នុង​ការ​ចោទ​ប្រកាន់ ព្រោះ​មាន​អ្នក​ខ្លះ​កំពុង​នៅ​ក្នុង​ផ្ទះ មិន​បាន​ចូល​រួម​បាតុកម្ម តែ​ក្រុម​ប្រដាប់​អាវុធ​ទៅ​ចាប់​ពី​ក្នុង​បន្ទប់​ជួល​ក្នុង​ភូមិ​ត្រពាំងថ្លឹង យក​មក​ចង​ដៃ​ទៅ​ក្រោយ​វាយ​ធ្វើ​បាប​បែក​មុខ​មាត់។
យុវជន​ឈ្មោះ ប៉ាង ដួងលី ជា​បុគ្គលិក​ក្រុមហ៊ុន​កសិកម្ម​មួយ អះអាង​ថា បង​ប្រុស​ឈ្មោះ ប៉ាង វណ្ណី បាន​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុង​ភូមិ​ត្រពាំងថ្លឹង មិន​បាន​ចូល​រួម​បាតុកម្ម​ទេ តែ​ក្រុម​អាវុធហត្ថ​ចូល​ចាប់​ពី​ក្នុង​ផ្ទះ​ជួល​យក​ទៅ​ចង​ដៃ​វាយ​កាល​ពី​ព្រឹក​ម៉ោង ៩ ថ្ងៃ​ទី​៣ ខែ​មករា៖ «ធ្វើ​ការ​ទម្លុះ​ទ្វារ ធាក់​ទ្វារ ច្រាន​ទ្វារ​ឡើង​ខ្ទេច​ខ្ទី​ចូល​ទៅ​ចាប់​គាត់។ ឥឡូវ​ហ្នឹង ខ្ញុំ​សុំ​ស្នើ​ឲ្យ​អង្គការ​ជួយ​សុំ​ឲ្យ​បង​សមត្ថកិច្ច គាត់​ជួយ​ដោះ​លែង​បង​ខ្ញុំ​មក​វិញ​ផង បង​ខ្ញុំ​អត់​មាន​ខុស​អី​ទេ»
កម្មការិនី​ឈ្មោះ ម៉េង អាយ ឲ្យ​ដឹង​ថា ប្តី​គាត់​ឈ្មោះ ហេង រ៉ាត់ ជា​អ្នក​រត់​ម៉ូតូ​ឌុប មិន​មែន​ជា​កម្មករ​ទេ ត្រូវ​អាជ្ញាធរ​ចាប់​កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា ប្ដី​គាត់​ត្រូវ​ប៉ូលិស​ក្រុង​បញ្ជូន​មក​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ គាត់​ចង់​ជួប​មុខ​ប្ដី​ណាស់ ប៉ុន្តែ​តុលាការ​បាន​បញ្ជូន​ប្ដី​គាត់​ទៅ​ឃុំ​ខ្លួន​មិន​បាន​ឃើញ​មុខ និង​មិន​ដឹង​ឃុំ​នៅ​ទីណា៖ «គាត់​អ្នក​រត់​ម៉ូតូ​ឌុប​ទេ គាត់​មិន​មែន​កម្មករ​ទេ គាត់​ឃើញ​គេ​បាតុកម្ម គាត់​ឈរ​ទៅ​មើល​គេ ហើយ​ដល់​ពេល​នោះ គេ​ចាប់​គាត់​ទៅ»
ក្រុម​ជា​មិត្តភក្ដិ​បុរស​ឈ្មោះ សារ៉ាត់ ដែល​ធ្វើ​ការ​នៅ​ក្លិប​កម្សាន្ត ឲ្យ​ដឹង​ថា សារ៉ាត់ មិន​បាន​ចូល​រួម​បាតុកម្ម​ទេ គាត់​កំពុង​នៅ​ក្នុង​ផ្ទះ​ជាមួយ​ភរិយា ដែល​ទើប​តែ​សម្រាល​កូន ស្រាប់​តែ​អាជ្ញាធរ​ចាប់​ពី​ក្នុង​ផ្ទះ​មក​ចង​ដៃ​វាយ​អោយ​សន្លប់ កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​មករា។ ពួក​គេ​សុំ​ឲ្យ​តុលាការ​ដោះ​លែង ព្រោះ​បុរស​ឈ្មោះ សារ៉ាត់ នេះ​ជា​អ្នក​យាម​ម៉ូតូ​នៅ​ក្លិប​ជាមួយ​ពួក​គេ មិន​មែន​បាតុករ​ទេ៖ «ដោយសារ​ប្រពន្ធ​គាត់​កូន​ខ្ចី​ទើប​ឆ្លង​បាន​១​ខែ អ៊ីចឹង​គាត់​ត្រូវ​សម្រាក​ដើម្បី​ទៅ​មើល​ផ្ទះ​ប្រពន្ធ​គាត់​នៅ​ទី​ហ្នឹង។ ដល់​ពេល​កំពុង​សម្រាក​មិន​ទាន់​បាន​ប្រហែល ២​ម៉ោង​ផង ក៏​ខាង​កង​កម្លាំង​ហ្នឹង​ចុះ​បង្ក្រាប ទៅ​ក៏​ចាប់​គាត់​ទាញ​ចេញ​មក ​ធាក់​បន្ទប់​ធាក់​អី​ចេញ​មក យក​គាត់​មក​អ៊ីចឹង»
បុរស​ឈ្មោះ អឹម រ៉ន ឲ្យ​ដឹង​ថា ក្មួយ​ប្រុស​គាត់​ឈ្មោះ រី ស៊ីនួន កម្មករ​រោងចក្រ​តម្បាញ សីន លាន ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ខែ​មករា។ គាត់​បាន​សួរ​ស្នង​ការ​រាជធានី ទើប​ដឹង​ថា​ជាប់​ឃុំ​១​យប់ ទើប​បញ្ជូន​មក​តុលាការ​សាលា​ដំបូង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា៖ «ព្រោះ​វា​ចេញ​មក​៣​នាក់ បង​ប្អូន​កាន់​ដៃ​គ្នា។ ដល់​ពេល​ចេញ​មក​ហ្នឹង ទទួល​គេ​ផ្អើល​ឈូរ​មក​ហ្នឹង វា​របូត​ដៃ​ពី​បង​ប្អូន​វា​ទៅ វា​ចេញ​តែ​វា គេ​ចាប់​មួយ​កំណាត់​វា​ទៅ។ បាត់​១​ថ្ងៃ​១​យប់ បាន​ដឹង​ដំណឹង​ថា​គេ​ចាប់»
មន្ត្រី​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ឲ្យ​ដឹង​ថា ក្នុង​ចំណោម ១៣​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​នោះ មាន​ម្នាក់​ជា​អនីតិជន ដែល​មេធាវី​របស់​អង្គការ​នេះ​ជួយ​ការពារ។ លោក មឿន តុលា ឲ្យ​ដឹង​ថា កម្មករ និង​ពលរដ្ឋ​ទាំង ១៣​នាក់ ត្រូវ​បាន​ការពារ​ដោយ​មេធាវី​មក​ពី​អង្គការ​ចំនួន​២ គឺ​អង្គការ​លីកាដូ និង​អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ អ្នក​ទាំង ១៣​នាក់​នោះ​មាន​ឈ្មោះ យ៉ន ជា អាយុ ១៧​ឆ្នាំ ជា សារ៉ាត់ អាយុ ៣៤​ឆ្នាំ ប៊ូ សារិត អាយុ ២៧​ឆ្នាំ អ្នក​ទាំង​៣ គឺ​មេធាវី​អង្គការ​លីកាដូ ជួយ​ការពារ​ក្តី។ ចំណែក​ឯ ១០​នាក់​ទៀត គឺ​មេធាវី​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ការពារ​ក្តី គឺ​មាន​ឈ្មោះ ជឿន យ៉ុង អាយុ ២៣​ឆ្នាំ ហេង រដ្ឋា អាយុ ២២​ឆ្នាំ រី ស៊ីនួន អាយុ ១៨​ឆ្នាំ ម៉ម ពិសិទ្ធ អាយុ ២៣​ឆ្នាំ ណិប ស៊ីនួន អាយុ ២៣​ឆ្នាំ ផាង ត្រេន អាយុ ២៤​ឆ្នាំ ប៉ាង វណ្ណី អាយុ ៣៨​ឆ្នាំ ភឿន ដា អាយុ ២៩​ឆ្នាំ រស់ សុភ័ណ្ឌ អាយុ ២៥​ឆ្នាំ និង ត្រោង សារ៉ាត់ អាយុ ២៦​ឆ្នាំ។
អ្នក​ទាំង ១៣​នាក់ ដែល​តុលាការ​បាន​ចោទ​ប្រកាន់​ក្រោយ​ពី​សាកសួរ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា បញ្ជូន​ទៅ​ពន្ធនាគារ​នៅ​តាម​ខេត្ត ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ម៤ ឬ​ពន្ធនាគារ​ខេត្ត​កំពង់ចាម ម៣ នោះ​ទេ។
ទន្ទឹម​នោះ​ដែរ ក្រុម​គ្រួសារ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ តំណាង​សហជីព សកម្មជន​ដីធ្លី និង​កម្មករ ៧​នាក់​ផ្សេង​ទៀត កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ក្រុម​គ្រួសារ​ពួក​គេ បន្ទាប់​ពី​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​មករា។ ពួក​គេ​បាន​អះអាង​ថា ពុំ​មាន​ព័ត៌មាន​ថា​តើ​អ្នក​ទាំង​នោះ​ត្រូវ​បញ្ជូន​ទៅ​ទីណា​ពិត​ប្រាកដ​ឡើយ ដ្បិត​មិន​មាន​វត្តមាន​អ្នក​ទាំង ១០​នាក់​នោះ​នៅ​ក្នុង​ពន្ធនាគារ ម១ ឬ​ព្រៃស នោះ​ទេ។ ពួក​គាត់​សង្ស័យ​ថា អ្នក​ទាំង ១០​នាក់​នោះ​អាច​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ ម៤ ខេត្ត​ពោធិ៍សាត់ ឬ ម៣ ខេត្ត​កំពង់ចាម។
ក្នុង​ថ្ងៃ​ទី​៤ ខែ​មករា នៅ​ជុំវិញ​បរិវេណ​អគារ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​មាន​វត្តមាន​បាតុករ​មក​បិទ​ផ្លូវ​ទេ មាន​តែ​ក្រុម​គ្រួសារ​កម្មករ ១៣​រូប ដែល​រង​នូវ​ការ​ចោទ​ថ្មី​នោះ​ប៉ុណ្ណោះ៕

1 comment:

  1. Anonymous6:20 AM

    All Khmer have seen enough is enough ah Hun Sen beaten and killing innocent Khmer people as follow:

    Ah Hun Sen beaten monks.

    Ah Hun Sen killed monks.

    Ah Hun Sen beaten factories workers.

    Ah Hun Sen killed factories workers.

    Ah Hun Sen beaten men, women and children.

    Ah Hun Sen killed men, women and children.


    Ah Hun Sen sold the whole nation including Koh Trol , Angkor Wat and others to yuon Hanoi in change for Hun Sen and his family interests.

    So we million Khmer as the victims of this so-called Hun Sen yuon puppet government must stick together and use every means to force Hun Sen to go and bring this criminal Hun Sen and his thugs to face ICC to seek justice for all Khmer and their families.

    ReplyDelete