តើ លោក ហ៊ុន សែន ជាបុរស ខ្លាំងមែន ឬទេ?
ជុន ច័ន្ទបុត្រ / វីទ្យុអាស៊ីសេរី | 14 មករា 2014
កិត្តិនាម របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនត្រូវបានគេស្គាល់ តែនៅក្នុងប្រទេសកម្ពុជាទេ ឈ្មោះរ បស់លោក សុះសាយពេញពិភពលោក។ អ្នកខ្លះហៅ លោក ថាជាបុរសខ្លាំង ប្រហែលជាគេសំដៅទៅការបង្រ្កាបមិនរើសមុខរបស់លោក។ អ្នកខ្លះទៀតហៅលោកថា ជាមេដឹកនាំផ្តាច់ការ ប្រហែលជាគេសំដៅទៅលើសមត្ថភាពវាយបំបែក និងរំលាយគូប្រកួត មិនទុកអោយមានពីររបស់លោក។
នៅឯកម្ពុជា ជាផ្លូវការ គេមិនហៅលោកថាជាបុរសខ្លាំងទេ។ លោកមានងារដែលព្រះមហាក្សត្រទ្រង់សព្វព្រះទ័យប្រទាន ថាជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ប៉ុន្តែទុកជាព្រះមហាក្សត្រមិនប្រទានងារបុរសខ្លាំងក៏ដោយចុះ លោកជាបុរសខ្លាំងសំរាប់មនុស្សមួយចំនួនធំរួចទៅហើយ។ បើលោកមិនខ្លាំង មិនមែនលោកចាញ់ឆ្នោត ហើយអាចឡើងធ្វើនាយករដ្ឋមន្រ្តីបានទេ។ នេះបើនិយាយអំពីការបោះឆ្នោត កាលពីសម័យអ៊ុនតាក់ ឆ្នាំ១៩៩៣។
មិនមែនតែលោក ហ៊ុន សែន ខ្លួនឯងទេដែលខ្លាំង សាច់សារលោហិតរបស់លោក ទោះសាច់ជិតឬឆ្ងាយ ក៏ទទួលចំហាយខ្លាំងនេះដែរ។ ក្មួយបង្កើតរបស់លោក ជាឧទាហរណ៍ស្រាប់ ខ្លាំងរហូតដល់ទៅហ៊ានគាស់ភ្នំយកទៅធ្វើរបងផ្ទះផង... គ្មាននរណាហ៊ានក្អកដាក់ទេ ទោះបីជាគេនាំគ្នាយកដៃរឺតទ្រូង ដកដង្ហើមធំ ពេលដែលគេធ្វើដំណើរកាត់ផ្ទះនោះ ដែលស្ថិតនៅពីក្រោយសណ្ឋាគារ អាំងទែរកុងទីណង់តាល់ នៅភ្នំពេញនោះក៏ដោយ។
ក្នុងរយៈពេលកាន់អំណាច២៨ឆ្នាំកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដើរជាតួឯកសំខាន់ម្នាក់ ក្នុងការធ្វើអោយការផ្លាស់ប្តូរឈុតឆាកនយោបាយនៅកម្ពុជា គឺតាំងពីសម័យសង្រ្គាមត្រជាក់ ដែលកម្ពុជាស្ថិតនៅក្រោមការប្រទាញប្រទង់រវាងមនោគមនវិជ្ជានយោបាយនៃប្លុកកុំម្មុយនីស្ត និងប្លុកសេរី រហូតដល់សម័យដែលកម្ពុជា ត្រូវឈានចូលដល់របបសេរី ប្រជាធិបតេយ្យពហុបក្ស។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរទាំងនេះ មួយផ្នែកកើតចេញពីឥទ្ធិពលនៃចរន្តនយោបាយអន្តរជាតិ និងមួយផ្នែកទៀតកើតចេញពី មហិច្ឆិតារក្សាអំណាចគ្រប់គ្រងកម្ពុជារបស់លោក ហ៊ុន សែន តែម្តង។
ស្នាដៃលេចធ្លោមួយចំនួន ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកគាំទ្រលោកតែងលើកយកមកនិយាយជាញឹកញយ គឺការដែលលោកចូលរួមក្នុងការធ្វើអោយមានកិច្ចចរចារ រវាងភាគីជំលោះខ្មែរទាំងបួនក្រុម ដែលឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងការបញ្ចប់របបខ្មែរក្រហមជាដើម។ ក៏ប៉ុន្តែបើពិនិត្យអោយដិតដល់ ការចរចាររវាងភាគីជម្លោះទាំងបួនក្រុមនាពេលនោះ មួយផ្នែកធំកើតឡើងពីការដួលរលំនៃរបបកុំម្មុយនីស្ត ដែលនាំអោយមានការបញ្ចប់នៃសង្គ្រាមត្រជាក់ រវាងប្លុកកុំម្មុយនីស្តដឹកនាំដោយសហភាពសូវៀត និងក្រុមប្រទេសនៅអឺរ៉ុបខាងកើត និងប្លុកសេរី ដឹកនាំដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចឯណោះទៅវិញទេ។ ដោយពេលនោះ សហភាពសូវៀត ជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ អតីតប្រធានាធិបតីសហភាពសូវៀត លោក មីខាអ៊ីល ហ្គោរបាឆេវ (Michail Gorbachev) បានងាកទៅចាប់ដៃជាមួយលោកសេរី ហើយដូរប្រព័ន្ធគ្រប់គ្រងបែបកុំម្មុយនីស្តផ្តាច់ការ អោយទៅជាបែបសេរីពហុបក្ស តាមលោកខាងលិចវិញ។ ស្ថិតក្នុងរបត់ចរន្តនយោបាយថ្មីនេះ សហភាពសូវៀត ក៏គ្មានហេតុផលអ្វី នឹងបន្តផ្តល់ជំនួយថវិកា និងគ្រឿងសព្វាវុធរបស់ខ្លួន ដល់កងទ័ពវៀតណាម ក្នុងបេសកកម្មជួយប្រទេសកម្ពុជា «ជាបងប្អូន» ក្នុងត្រកូលកុំម្មុយនីស្តនឹងគ្នានោះទៀតដែរ។ របបសាធារណរដ្ឋប្រជាមានិតុកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនោះ ដែលប្រឈមមុខនឹងការដាក់គំនាបសេដ្ឋកិច្ចពីលោកខាងលិចស្រាប់ ហើយត្រូវទទួលរងនូវការបោះបង់ចោលពីប្រទេសរៀមច្បងប្លុកកុំម្មុយនីស្តទៀត ក៏ចាប់ផ្តើមស្រវេស្រវាដោះអាវចាស់ផ្លាស់រកអាវថ្មី លៃលករកយន្តការបន្ទាន់មួយ ដើម្បីទ្រទ្រង់វត្តមានរបស់ខ្លួន និងដើម្បីកាន់កាប់កម្ពុជាជាបន្តទៅទៀត។
រំលឹករឿងនេះ មិនមែនមានន័យថា លោក ហ៊ុន សែន គ្មានយុទ្ធសាស្ត្រនយោបាយខ្លួនឯងនោះទេ។ ល្បែងនយោបាយដ៏ចំបងមួយ ដែលគេឯងទទួលស្គាល់ថាលោកនាយករដ្ឋមន្ត្រីលេងបានខ្លាំង ហើយលេងមិនសូវចាញ់នោះ គឺល្បែងបំបែកគូប្រកួត ដោយអូសទាញសមាជិកដែលជាជនឱកាសនិយមខ្លះនៃក្រុមម្ខាងទៀតអោយមកនៅខាងលោក តាមរយៈការផ្តល់លាភសក្ការៈជាលុយកាក់ ឬជាតំណែងនៅក្នុងជួររដ្ឋាភិបាល។ ការបញ្ចប់របបខ្មែរក្រហមជាស្ថាពរនៅឆ្នាំ១៩៩៦ និងការបំផ្លាញគណបក្សហ៊ុនស៊ីនប៉ិច ជាឧទាហរណ៍ដ៏ងាយមើលមួយ ចំពោះល្បែងនយោបាយទិញបំបែករបស់លោក ហ៊ុន សែន។ លោកនាយករដ្ឋមន្ត្រីបំបែកក្រុមខ្មែរក្រហម តាមរយៈការផ្តល់ការលើកលែងទោសជារង្វាន់ដល់មេខ្មែរក្រហមអៀង សារី និងមេខ្មែរក្រហមគ្រាក់ៗមួយចំនួនទៀត។ លោកបំបែកហ៊្វុនស៊ីនប៉ិច នៃតំណាក់កាលដំបូង តាមរយៈការផ្តល់តំណែងនាយករដ្ឋមន្ត្រីទីមួយដល់លោក អ៊ឹង ហួត។ តាមពិតលោកនាយករដ្ឋមន្រ្តីលេងល្បែង ដែលលោកខ្លាំងនេះ មិនតែជាមួយអ្នកនយោបាយទេ សូម្បីតែជាមួយក្រុមសកម្មជនតវ៉ាសិទ្ធិដីធ្លី ក៏លោកអនុវត្តល្បែង ដែលលោកខ្លាំងក្នុងការលេងនេះដែរ។ សកម្មជនដីធ្លីបឹងកក់ ដែលធ្លាប់តែរួមសាមគ្គីគ្នាយ៉ាងស្អិតរមួត ទីបំផុតត្រូវគេបំបែកជាពីរក្រុម តាមល្បែងទិញហើយបំបែកនេះ។
បន្ថែមលើនេះ ប្រសិនបើលោកអនុវត្តល្បែងទិញបំបែកនេះតែមួយមុខ មិនបានជោគជ័យជាទីគាប់ចិត្តលោកទេ លោកបញ្ចូលបន្ថែមវិធីមួយទៀត ដែលលោកធ្លាប់លេងបានខ្លាំងគួរសមដែរ នោះគឺវិធីកំទេចអ្វីដែលលោកគិតថា ជាការគំរាមកំហែងដល់ការកាន់អំណាចរបស់លោកចោល តែម្តង។ កាលពីនៅចុងសប្ដាហ៍កន្លងនេះ សារព័ត៌មាន ឌឹវ៉លស្រ្ទីត ហ្សួរណាល់ (The Wall Street Journal) របស់សហរដ្ឋអាមេរិក បានដកស្រង់ការវិភាគរបស់អ្នកវិទ្យាសាស្ត្រនយោបាយនៃវិជ្ជាស្ថានការពារជាតិអូស្ត្រាលី លោក ខាល ថាយយរ៍ (Carl Thayer) ថាការបាញ់សម្លាប់បង្ក្រាបបាតុករជាកម្មកររោងចក្រនាពេលថ្មីៗនេះ គឺជាការព្យាយាមបំបែកចំណងទាក់ទងរវាងបាតុករដែលជាកម្មករ ពីបាតុករដែលជាអ្នកគាំទ្រគណបក្សប្រឆាំង។ លោកបញ្ជាក់ថាលោក ហ៊ុន សែន អាចនឹងរំងាប់កំហឹងរបស់កម្មករហើយអូសទាញពួកគេអោយមកខាងលោកវិញ តាមការដំឡើងប្រាក់ខែគោលដែលពួកគេទាមទារ។ បន្ទាប់មកលោកអាចចាប់ពួកគេអោយជល់នឹងក្រុមបាតុកររបស់គណបក្សប្រឆាំងវិញ។ ជាទូទៅ លោកតែងតែលេងល្បែង ទិញបំបែកនេះបានជោគជ័យស្ទើរតែរាល់លើក ហើយបើលោកជាអ្នកឈ្នះ អ្នកដែលចូលលេងល្បែងនេះជាមួយលោក មានន័យថាក្រុមលក់ខ្លួនអោយលោកនាយករដ្ឋមន្ត្រី គឺជាអ្នកចាញ់... ថ្វីត្បិតតែពីដំបូងមើលទៅហាក់ដូចជាឈ្នះក៏ដោយ។ មានអ្នកចូលលេងល្បែងទិញខ្លួនលក់ខ្លួនជាមួយលោក ហ៊ុន សែន តិចនាក់ណាស់ ដែលមិនរលាយបាត់មុខពីឆាកនយោបាយ។ ប្រសិនបើនៅមានមុខក្នុងឆាកនយោបាយ ក៏គេកំរឃើញពួកគាត់បានតំណែងអ្វីធំដុំ ឬតំណែងដែលមានឥទ្ធិពលក្នុងជួររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ឬក្នុងជួរគណបក្សប្រជាជនណាស់។ អ្នកដែលលក់ខ្លួនអោយលោក ហ៊ុន សែន ភាគច្រើនទទួលតំណែងធំបំផុត ត្រឹមមានមុខងារជាសត្វសេក ត្រូវលោកប្រើអោយស្រែកជេររករឿងអ្នកកាសែត ជេរអតីតមនុស្សនៅក្រុមជាមួយគ្នា ឬទុកអោយស្រែកការពារសម្តេចតេជោប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់តែប៉ុណ្ណោះ។
ថ្វីត្បិតតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាជនខ្លាំងជាប់លេខមួយក្នុងការបំបែក និងរំលាយគូប្រកួត និងពង្រឹងអំណាចខ្លួនក៏ដោយ លោកទទួលបានពិន្ទុទាបណាស់ ក្នុងការគោរពសិទ្ធិមនុស្ស ការផ្តល់យុត្តិធម៌សង្គម ការបំបាត់អំពើពុករលួយ និងការការពារសម្បត្តិធម្មជាតិ។ នេះបើតាមសេចក្តីរាយការណ៍នានារបស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។
ដូចនេះ តើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបុរសខ្លាំងមែន ឬមិនមែន? បើតាមការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ អ្នកដឹកនាំ ដែលខ្លាំងយកអំពើហិង្សា មកដោះស្រាយបញ្ហា មិនមែនជាមេដឹកនាំប្រកបដោយគុណធម៌ទាំងដប់ ឬហៅថាទសពិធរាជធម៌នោះទេ។ អ្នកដឹកនាំដែលមានគុណធម៌ទាំងដប់នោះរួមមាន ការដឹកនាំប្រកបដោយទាន មានទឹកចិត្តពោរពេញដោយក្តីអាណិតអាសូរ ស្គាល់សុខនិងទុក្ខ ជួយសង្រ្គោះប្រជារាស្រ្តដូចកូនបង្កើតរបស់ខ្លួន។ ដឹកនាំដោយមានសីលធម៌ល្អ ចេះគោរពច្បាប់ប្រទេស គឺរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ចេះបរិច្ចាគប្រកបដោយក្តីលះបង់ខ្ពស់ លះបង់ប្រយោជន៍ខ្លួន គិតដល់ប្រយោជន៍រាស្រ្ត និងជាតិជាធំ និងដឹកនាំដោយមិនឆាប់ខឹងក្រោធ ឆេវឆាវខុសទំនង គ្មានហេតុផលជាដើម។
ទោះជាយ៉ាងណាក៏ដោយ បើតាមការអះអាងរបស់មនុស្សដែលរិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្មានសំចៃមាត់ គឺលោក ប្រ៊ែដ អាដាម (Brad Adam) នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លោកនៅតែចាត់ទុកថា លោក ហ៊ុន សែន ជាបុរសខ្លាំង ដោយ លោកប្រដូចលោក ហ៊ុន សែន ទៅនឹងជនផ្តាច់ការមួយចំនួន មាន បេន អាលី (Ben Ali) មូបារ៉ាក់ (Mubarak) និងហ្គាដាហ្វី (Qaddafi) ជាដើម។ ពួកមេដឹកនាំ នៃពិភពអារ៉ាប់ទាំងនេះសុទ្ធតែជាមេដឹកនាំផ្តាច់ការ យកការគំរាមគំហែង និងអំពើហិង្សាជាមធ្យោបាយ ហើយទើបនឹងត្រូវគេបណ្តេញចេញពីអំណាច នាពេលថ្មីៗនេះ៕
ក្នុងរបបខ្មែរក្រហមទី១ កំចាត់ ប៉ុល ពត តែម្នាក់ ប្រជារាស្ត្រទូទាំងប្រទេស បានសប្បាយ រីករាយ រីកថ្លើម រីកប្រមាត់ បានមួយរយៈដ៏ខ្លី។ រួចក៏ធ្លាក់ចូលក្នុង របបខ្មែរក្រហមទី២ គឺរបប ហ៊ុន សែន រហូតដល់សព្វថ្ងៃ។ ប្រជារាស្ត្រ បាត់បង់សេរីភាព ខាងបញ្ចេញមតិ ស្ទើរឣស់រលីង។ ពេលខ្លះ ហ៊ុន សែន បណ្តោយឲ្យស្រែក ឲ្យបែកផែនដី ក៏ ហ៊ុន សែន ធ្វើមិនឮ មិនឃើញ ដូច ហ៊ុន សែន ធ្លាប់លើកឡើងថា "ឆ្កែ(គឺរាស្ត្រខ្មែរ)ចេះតែព្រុស មនុស្ស(គឺគេ ហ៊ុន សែន)ចេះតែដើរ"។ ដូចករណី ឣ្នកក្រីក្រនៅបឹងកក់ នៅក្រោមចុងច្រមុះសោះ បើ ហ៊ុន សែន មើលពីលើ វិមានសន្តិភាពទៅ មិនបាច់កែវយឹត ក៏ឃើញបានដែរ តែ ហ៊ុន សែន ធ្វើហី មិនឃើញ មិនឮ មិនដឹង។
ReplyDeleteក្នុងរបបខ្មែរក្រហមទី២ គឺរបប ហ៊ុន សែន នេះ បើកំចាត់ ហ៊ុន សែន តែម្នាក់ចេញ ប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស ប្រាកដជា បានសប្បាយ រីករាយ រីកថ្លើម រីកប្រមាត់ ឡើងវិញហើយ។
ហ៊ុន សែន៖ ជាកូនឣ្នកក្រ ចំណេះសែនទាប ឡើងពីកូនទាហាន ទៅដល់ឋានៈ នាយករដ្ឋមន្ត្រីខ្មែរ ដោយយួនលើកបន្តុប ជាសមាជិកបក្សប្រជាជនកម្ពុជា ជាឣាយ៉ង បក្សកុម្មុយនិស្តយួនហាណូយ លោភលន់ក្រាញឣំណាច ប្រើឣំណាចផ្តាច់ការក្នុងស្រុក សម្លាប់ជនជាតិឯង បំរើផែនការយួន គ្រួសារសាច់ញាតិ បក្សពួកនិយម ឣភិវឌ្ឍន៍បង្កើន ទ្រព្យសម្បត្តិ មហាសាលផ្ទាល់ខ្លួន។ ហ៊ុន សែន សែនមហាពុករលួយ បំផ្លាញ សុភមង្គលរាស្ត្រក្រីក្រ បំផ្លាញ និងលក់ទ្រព្យសម្បត្តិជាតិ ឣង្គរវត្ត ព្រៃឈើ រ៉ែ ស្តាត កោះ ខ្លះ៩៩ឆ្នាំ ខ្លះរហូត។ ហ៊ុន សែន លក់មុខតំណែងរដ្ឋ ទិញទឹកចិត្តមន្ត្រីទូទៅ និងមន្ត្រីបក្សប្រឆាំង ដោយផ្តល់មុខតំណែង ឬដោយបណ្តោយ ឲ្យពុករលួយតាមចិត្ត។
ហ៊ុន សែន ដូចAdolf Hitlerផង ដូចប៉ុល ពតផង ដូចសាដាំ ហ៊ុសសេនផង ដូចហ្កាដាហ្វ៊ីផង ហើយទីបំផុត ហ៊ុន សែន (គ្រួសារសាច់ញាតិ) នឹងវិនាសខ្លួន ដូច Hitler, ប៉ុល ពត, សាដាំ ហ៊ុសសេន ឬហ្កាដាហ្វ៊ីឣញ្ចឹង។