Paris Peace Accords 23 Oct. 1991

Monday, January 6, 2014

លោក ស ខេង ជួប​ជាមួយ​ មន្ត្រី​ទូត​ ប្រចាំ​កម្ពុជា​​

លោក ស ខេង ជួប​ជាមួយ​ មន្ត្រី​ទូត​ ប្រចាំ​កម្ពុជា​​


ដោយ៖​ តាំង វីដា​ / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014 

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (រូបភាពដោយ តាត ឧត្តម)
រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ល្ងាច​ម៉ោង​៥ ថ្ងៃ​ចន្ទ​នេះ បាន​ជួប​ជាមួយ​មន្ត្រី​ទូត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​មួយចំនួន នៅឯ​ក្រសួងមហាផ្ទៃ​។​
កិច្ចប្រជុំ​នេះ អ្នកសារព័ត៌មាន មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូលរួម​ទេ លើកលែង​តែ​ទូរទស្សន៍​ជាតិ​កម្ពុជា​តែ​ប៉ុណ្ណោះ​។​អ្នកសារព័ត៌មាន ត្រូវ​បាន​​អ្នកយាម ប្រាប់​ឲ្យទៅ​វិញ និង​ថា​មិន​មាន​សន្និសីទ​សារព័ត៌មាន​ជា​ផ្លូវការ​ទេ​។​រថយន្ត​មន្ត្រី​ទូត​សំខាន់ បាន​ចត​នៅ​ក្រសួង​មហាផ្ទៃ ដូច​ជា​​ទូត​អាមេរិក  បារាំង ជប៉ុន ចិន វៀតណាម ឥណ្ឌា ប៉ា​គី​ស្ថាន អាល្លឺម៉ង់ និង​ថៃ​ជាដើម​។​
​មិនទាន់មាន​សេចក្តីរាយការណ៍​ថា​តើ​កិច្ចប្រជុំ​នោះ នឹង​លើកយក​ពី​បញ្ហា​អ្វី​នោះ តែ​បញ្ហា​ថ្មីៗ​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា គឺ​អំពើហិង្សា និង​ការបង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​ទៅ​លើ​កម្មករ​រោងចក្រ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​បណ្តាលឲ្យ​មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់ និង​ការបង្ក្រាប​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​០៤​ខែ​មករា​។​
​បន្ទាប់​ពី​ការកើតឡើង​ហិង្សា ក្រសួងការបរទេស​បារាំង បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​លើកឡើង​ថា ប្រទេស​បារាំង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ប្រទេស​បារាំង​សោកស្តាយ​ចំពោះ​អំពើហិង្សា ដែល​បាន​បណ្តាលឲ្យ​មាន​ការបាត់​បង់​ជីវិត​មនុស្ស​ជាច្រើន ហើយ​សូម​រំ​ឮ​ក​អំពី​ការ​ប្រកាន់ខ្ជាប់​របស់​ខ្លួន​ចំពោះ​សេរីភាព​ក្នុងការ​ធ្វើ​បាតុ​កម្ម​អហិង្សា​។ ក្រសួងការបរទេស​បារាំង បន្តថា ជា​ការសំខាន់ ដែល​ការចរចា​នយោបាយ​អាច​ចាប់ផ្តើម​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ប្រកប​ដោយ​ភាពស្ងប់ស្ងាត់​និង​ការអត់ធ្មត់ ដើម្បី​ឲ្យ​ភាគី​ទាំងឡាយ​អាច​ធ្វើការ​រួម​គ្នា​ជា​ប្រយោជន៍​ដល់​ដំណើរការ​ល្អ​នៃ​ស្ថាប័ន​នានា​។​
​ចំណែក​អ្នកនាំពាក្យ​រង​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក  លោកស្រី Marie Harf មានប្រសាសន៍​កាលពី​សប្តាហ៍​មុន​ថា សហ​រដ្ឋ​អាមេរិក សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​ជីវិត មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា អំឡុង​ពេល​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​បាតុ​ករ និង​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​។​លោកស្រី​បញ្ជាក់​ថា​«​យើង​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​ហិង្សា​យកមក​ធ្វើ​ជា​មធ្យោ​បាយ​ក្នុង ការសម្រេច​នូវ​គោលដៅ​នយោបាយ​ឬអ្វីៗ​ផ្សេងទៀត ហើយ​ទទូច​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ខិតខំ​អត់ធ្មត់ ជា​អតិបរិមា​និង បង្ហាញ​នូវ​ការ​គោរព​ច្បាប់​»៕

1 comment:

  1. Anonymous3:45 AM

    I hope that MR MARKINTOS The US Ambassador will not take communist doctrine from busted SAR KHENG to AMERICA when he leave cambodia.

    ReplyDelete