សង្គមស៊ីវិល ស្វែងរក អន្តរាគមន៍ ពីព្រះមហាក្សត្រ
លិខិតថ្វាយព្រះមហាក្សត្រដែលចុះហត្ថលេខា ដោយប្រធានអង្គការមួយចំនួនសរសេរថា ព្រឹត្តិការណ៍ហិង្សារវាងកម្មករ-កម្មការិនី និងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ រងរបួសប្រមាណ ៤០នាក់ និងត្រូវចាប់ខ្លួនមួយចំនួនទៀត។
ព្រះបរមរាជវាំងនៅមិនទាន់ឆ្លើយតបទៅសំណើរបស់អង្គការសង្គមស៊ីវិលនៅឡើយទេនៅថ្ងៃច័ន្ទនេះ។
កាលពីថ្ងៃទី ៤ មករា ក្រសួងការបរទេសបារាំងក៏បានសំដែងការសោកស្តាយចំពោះការបង្ក្រាបហិង្សាលើក្រុមកម្មករតវ៉ាដំឡើងប្រាក់ខែគោល។ សេចក្តីថ្លែងការណ៍ សរសេរថា ប្រទេសបារាំងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅប្រទេសកម្ពុជា។ ប្រទេសបារាំងសោកស្តាយចំពោះអំពើហិង្សា ដែលបានបណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្សជាច្រើននាក់។ សេចក្តីថ្លែងការណ៍បន្តថា ប្រទេសបារាំងបញ្ជាក់ជាថ្មី ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន គាំទ្រសិទ្ធិសេរីភាពក្នុងការធ្វើបាតុកម្មដោយអហិង្សា។ ក្រសួងការបរទេសបារាំងបន្តទៀតថា ការចាប់ផ្តើម សន្ទនានយោបាយរវាងភាគីផ្សេងៗ ឡើងវិញឲ្យបានយ៉ាងឆាប់រហ័សនៅពេលខាងមុខនេះ មានសារសំខាន់ណាស់ ដើម្បីធ្វើការរួមគ្នាអនុញ្ញាតឲ្យស្ថាប័នទាំងឡាយអាចដំណើរការបាន ក្នុងស្មារតីស្ងៀមស្ងាត់និងអត់ធ្មត់៕
No comments:
Post a Comment