Paris Peace Accords 23 Oct. 1991

Wednesday, January 15, 2014

ពលរដ្ឋ​ខ្មែរ​​​ នៅ​បរទេស ​គ្រោង​ធ្វើ​បាតុកម្ម​ ទាមទារ​ ឱ្យ​លោក​ ហ៊ុន សែន​ ចុះ​ចេញ​ ពី​តំណែង

កម្មករ របួស ៦១០ ៣-មករា-២០១៤៖ បាតុករ​ ដឹក​ជញ្ជូន​ អ្នក​​របួស​ ដោយសារ​គ្រាប់​កាំភ្លើង​ របស់​ កម្លាំង​ អាជ្ញាធរ បាញ់​បង្ក្រាប ​ការ​តវ៉ា​ នៅ​តាម ​បណ្ដោយ​ផ្លូវ​ វ៉េងស្រេង ទៅ​មន្ទីរពេទ្យ។ RFA

ពលរដ្ឋ​ខ្មែរ​​​ នៅ​បរទេស ​គ្រោង​ធ្វើ​បាតុកម្ម​ ទាមទារ​ ឱ្យ​លោក​ ហ៊ុន សែន​ ចុះ​ចេញ​ ពី​តំណែង

ពលរដ្ឋ​ខ្មែរ​ រស់​នៅ​បរទេស​ ប្រមាណ​ ១​ពាន់​នាក់​ នឹង​ស្នើ​ សូមឲ្យ​ រដ្ឋាភិបាល​ អាមេរិក​ និង​អូស្រ្តាលី​ ជួយ​អន្តរាគមន៍​ ទៅ​រដ្ឋាភិបាល​ កម្ពុជា​ ឲ្យ​បញ្ឈប់​ អំពើ​ រំលោភ​សិទ្ធិ​មនុស្ស​ និង​ដោះស្រាយ​ ការ​ជាប់​គាំង​ នយោបាយ​។  ពលរដ្ឋ​ទាំង​នោះ​ នឹង​ជួប​ជុំ​ ធ្វើ​បាតុកម្ម​ ដើម្បី​ ដាក់​ញត្តិ​ ទៅ​រដ្ឋាភិបាល​ អាមេរិក​, អូស្រ្តាលី,​ និង​ស្ថាប័ន​ ផ្សេង​ទៀត​ នៅ​ចុង​សប្តាហ៍​នេះ​ និង​ដើម​សប្តាហ៍​ក្រោយ​។

RFA | 14 Jan. 2014

ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ និង​អូស្រ្តាលី​ គ្រោង​ នឹង​ធ្វើ​បាតុកម្ម​ ដាច់​ដោយ​ឡែក​ពី​គ្នា​ ទាមទារ​ ឲ្យ​រដ្ឋាភិបាល​ កម្ពុជា​ ដោះលែង​ សកម្មជន​ សិទ្ធិ​មនុស្ស​ និងកម្មករ​ ចំនួន ​២៣​នាក់​ ដែល​កំពុង ​ជាប់​ឃុំឃាំង ​ក្នុង​ពន្ធនាគារ​ ខេត្ត​កំពង់ចាម​។  ក្រុម​បាតុករ​ ក៏​នឹង​ស្នើសូម ​ឲ្យ​មាន​ការ​កែ​ទម្រង់ ​ការ​បោះឆ្នោត​ និង​រៀប​ចំ​ ការ​បោះ​ឆ្នោត​ ឡើង​វិញ​ នៅ​ឆ្នាំ​​២០១៤​នេះ​។


ពលរដ្ឋ​ខ្មែរ​-​អូស្រ្តាលី​ អ្នក​ស្រី​ ខេយ​ សុវណ្ណីរង្គ​ មាន​ប្រសាសន៍​ថា​ ខ្មែរ​-អូស្រ្តាលី​ប្រមាណ​ ៤០០​​នាក់​ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​រាជ​ធានី​កង់ប៊ែរ៉ា​ (Canberra) ប្រទេស​អូស្រ្តាលី​ នៅ​ថ្ងៃ​សុក្រ​ ទី​១៧​ មករា​ ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​អូស្រ្តាលី​ សុំ​ឲ្យ​រដ្ឋាភិបាល​នេះ​ កៀរ​គរ​ប្រទេស​ម្ចាស់​ជំនួយ​ដល់​កម្ពុជា ​មួយ​ចំនួន​ទៀត​ ឱ្យ​ថ្កោលទោស​​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ចំពោះ​បទ​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​៖ «​គ្រប់​ខ្មែរ​ទូទាំង​សកល​លោក​ មក​បញ្ចេញ​មតិ​​ដើម្បី​ប្រឆាំង​ថា​ ធ្វើ​ឲ្យ ​ហ៊ុន សែន​ ហ្នឹង​ចុះ​ចេញ​ពី​តំណែង​ជា​បន្ទាន់​ ពី​ព្រោះ​អី​ ហ៊ុន សែន​ ក្តោប​ក្តាប់​អំណាច​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ធ្វើ​អំពើ​ផ្តាច់​ការ​សំលាប់​ប្រជាជន​ ហើយ​ប្រទេស​កាន់​តែ​លំបាក​ទៅ​ៗ​»

ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ ក៏​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ ជំរុញ​ឲ្យ​​អាជ្ញាធរ​កម្ពុជា​ ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស ​និង​កម្មករ ​២៣​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​ កាល​ពី​ថ្ងៃ​ទី​២​ និង​ទី​៣​ មករា​ ដែល​បណ្តាល​ឲ្យ​កម្មករ​ ៤​នាក់​ស្លាប់​រង​របួស​ប្រមាណ​ ៤០​នាក់​ និង​បាត់​ខ្លួន​មួយ​ចំនួន​ទៀត​។

ចំណែក​ឯ​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​ ក្នុង​សហរដ្ឋ​អាមេរិក​ នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សេតវិមាន​ (White House) នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ នៅថ្ងៃ​ទី​២០​ មករា​ ដើម្បី​ថ្កោលទោស​ការ​ប្រើប្រាស់​ហិង្សា​បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​ ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល​ចំនួន​ ១៦០​ដុល្លារ​។

ប្រធាន​មូល​និធិ​សង្គ្រោះជាតិ​ លោក​ ទូច​ វិបុល​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​ប្រមាណ ​៥០០​​នាក់​ នឹង​ជួប​ជុំ​គ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​បញ្ឈប់​អំពើ​ហិង្សា​ និង​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​កម្មករ​ ហើយ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ សម​ រង្ស៊ី​ ប្រធាន​​គណបក្ស​សង្គ្រោះជាតិ​ និង​លោក​ កឹម​ សុខា​ អនុ​ប្រធាន ​ព្រម​ទាំង​លោក​ រ៉ុង​ ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​។  ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ រ៉ុង​ ឈុន​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ក្រុម​បាតុករ​ក៏​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ដាក់​សម្ពាធ​​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​រៀប​ចំ​ការ​បោះឆ្នោត​ឡើង​វិញ​ នៅ​ឆ្នាំ​​២០១៤​នេះ​។

លោក​ ទូច​ វិបុល​ សង្ឃឹម​ថា ​អន្តរាគមន៍​របស់​សហរដ្ឋ​អាមេរិក​ នឹង​មាន​លទ្ធផល​វិជ្ជមាន​នៅ​កម្ពុជា​៖ «រហូត ​មក​ទល់​ពេល​សព្វ​ថ្ងៃ​នេះ​ យើង​បាន​ឃើញ​របាយការណ៍​ផ្សេង​ៗ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​អស់​ហ្នឹង​ រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ រៀប​ចំ​សេចក្តី​សម្រេច​ចិត្ត​​នានា ​ប្រាប់​ទៅ​រដ្ឋាភិបាល​ ហ៊ុន សែន​ ថា​ត្រូវ​តែ​ទទួល​យក​សំណើ​នានា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះឆ្នោត​ ការ​កែ​ទម្រង់​នានា​។ ចំពោះ​ជំហរ​ក្រសួង​ការ​បរទេស​ តំណាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ហ្នឹង​ រហូត​មក​ដល់​ថ្ងៃ​នេះ​ គេ​នៅ​ប្រកាន់​ជំហរ​ មិន​ទាន់​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ ស្រប​ច្បាប់​នៅ​ឡើយ​ទេ​»

គំរោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​ប្រកាស​ជា​ថ្មី​ម្តង​ទៀត​ថា​ លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ តាម​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ គណបក្ស​ សង្គ្រោះ​ជាតិ​ឡើយ​។

រដ្ឋាភិបាល​ និង​សមាជិក​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ កាល​ពី​សប្តាហ៍​មុន​ បាន​ថ្កោលទោស​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ បាញ់​ប្រហារ​គ្រាប់​កាំ​ភ្លើង​ពិត​ទៅ​លើ​ក្រុម​បាតុករ​។ ប្រធាន​​គណៈកម្មាធិការ​កិច្ចការ​បរទេស​សភា​សហរដ្ឋ​អាមេរិក​ ដ៏​មាន​ឥទ្ធិពល​ គឺ​លោក​ អេដ​ រ៉យ្ស​ (Ed Royce) ចាត់​ទុក​ថា​ ការ​បង្ក្រាប​ក្រុម​បាតុករ​ គឺ​ជា​ការ​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ មិន​អាច​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ បាតុករ​គណបក្ស​ប្រឆាំង​បាន​ឡើយ​ ​ទើប​រហូត​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​បាតុករ​អហិង្សា​យ៉ាង​ដូច្នេះ​។ លោក​ អេដ​ រ៉យ្ស​ ទាមទារ​ឲ្យ​ លោក​ ហ៊ុន​ សែន​ បញ្ចប់​ការ​ដឹក​នាំ​ផ្តាច់​ការ​ និង​ចុះ​ចេញ​ពី​តំណែង​ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ ទទួល​បាន​ការ​រីក​ចំរើន​ល្អ​ប្រសើរ​ជាង​នេះ​៕









No comments:

Post a Comment