RFA/Saut Sokprathna
កម្មករ នៅកំពង់ចាម ធ្វើកូដកម្ម ទាមទារ ឲ្យតំណាង សហជីព ចូលធ្វើការ
RFA | 14 Jan. 2014
កាលពីថ្ងៃ ទី១០ មករា, ប្រធាន សម្ព័ន្ធសហជីព កម្ពុជា នៃរោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd), លោក ចន ធាង បាន ឲ្យដឹងថា, ក្រុមអ្នកដឹកនាំ សហជីពលោក មួយចំនួន ត្រូវ បានខាងភាគី រោងចក្រ ព្យួរការងារ រយៈពេល ៤ខែ ដោយគិតថ្លៃឈ្នួល ៥០ភាគរយ និងគំរាម ថា នឹងដាក់ពាក្យប្ដឹង ទៅតុលាការ ពីបទបានញុះញង់ កម្មករ ឱ្យធ្វើបាតុកម្ម នាពេលកន្លងទៅ។ លោក បន្តថា, ការធ្វើបែបនេះ វា ជារឿង មិនត្រឹមត្រូវ, ពីព្រោះ លោក បានធ្វើ ឱ្យតាមការចង់បាន របស់កម្មករ នូវការដំឡើង ប្រាក់ខែគោល សមរម្យ សម្រាប់ ការរស់នៅ ក្នុងសង្គម។
កម្មកររោងចក្រ មេតថេក ខេមបូឌា ជាច្រើនរយនាក់ នាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ ដោយមិនព្រមចូលធ្វើការនៅថ្ងៃទី១៤ មករា ដរាបណាភាគីរោងចក្រមិនយល់ព្រមអនុញ្ញាតឱ្យតំណាងសហជីពរបស់ពួកគាត់ បានវិលត្រឡប់ចូលធ្វើការជាធម្មតាវិញនោះ។
កម្មកររោងចក្រម្នាក់ដែលធ្វើការរយៈពេល ២ឆ្នាំមកហើយ គឺអ្នកស្រី លឹម ឡៃហ៊ាង បានមានប្រសាសន៍ថា ពួកគាត់នាំគ្នាមកឈរតវ៉ាដោយស្ម័គ្រចិត្ត ដើម្បីទាមទារឱ្យតំណាងរបស់អ្នកស្រីជិត ១០នាក់ បានចូលធ្វើការដូចដើមវិញ។ អ្នកស្រីបន្តថា ការបាត់បង់សហជីព ប្រៀបដូចជាការបាត់បង់ឪពុកម្តាយ ដែលវាងាយស្រួលក្នុងការធ្វើបាប ឬគាបសង្កត់ពីសំណាក់ភាគីរោងចក្រ ពីព្រោះកម្មករមិនហ៊ានចេញមុខតវ៉ា បើគ្មានមេនោះទេ។
អ្នកស្រី លឹម ឡៃហ៊ាង៖ «បើមានសហជីព ខ្ញុំមានបញ្ហាអីខ្ញុំអាចទាក់ទងទៅសហជីពឱ្យជួយខ្ញុំបាន ចុះបើអត់មានសហជីព អត់មាននរណាអាចទាមទារអីបាន មានអ្នកណាគេជួយយើង? អ៊ីចឹង ខ្ញុំទាមទារហៅសហជីពទាំងអស់ចូលវិញ ខាងសហជីពសហព័ន្ធ។ បើអត់បានចូល ខ្ញុំអត់ព្រម កម្មករទាំងអស់គេទោះជាអ្នកចូលក៏អារម្មណ៍អត់នឹងនរដែរ។ អ្នកនៅខាងក្រៅហ្នឹង ក្នុងចិត្តក្នុងបេះដូង ទាមទារឱ្យតែសហជីពចូលតែប៉ុណ្ណឹងទេ។»
អ្នកស្រីបន្ថែមថា ក្រៅពីតម្រូវឱ្យភាគីរោងចក្រយល់ព្រមឱ្យតំណាងរបស់គាត់ចូលធ្វើ ការនោះ កម្មករក៏ទាមទារឱ្យភាគីរោងចក្រដកពាក្យបណ្ដឹងចេញវិញ ពីព្រោះកម្មករយល់ថា តំណាងសហជីពរបស់ខ្លួន គឺធ្វើដើម្បីកម្មករ ដោយមិនមានអ្វីខុសនោះឡើយ។
ចំណែកឯកម្មករមួយរូបទៀត ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា បន្ទាប់ពីពួកគាត់បានចូលធ្វើការដោយគ្មានតំណាងសហជីពមក កម្មករតែងរងការគាបសង្កត់ជាច្រើនពីសំណាក់ភាគីរោងចក្រ ទាំងការនិយាយស្តី និងគំនាបផ្សេងៗទៀតជាដើម៖ «ឧទាហរណ៍ទៅបន្ទប់ ទឹកអី ទៅយូរក៏មិនបាន ឧទាហរណ៍គ្នាជួបគ្នាសួរគ្នាថា ទៅណាទៅណីអី ក៏មិនបាន សុទ្ធតែពួកយើងពួកនិយាយគ្នាថាឱ្យពួកខ្ញុំសុទ្ធតែអីណាអីណី។ អត់ពាក់មួកកាត់លុយ។ គាបសង្កត់ហ្នឹង ដូចថាមកយឺត ១០នាទី ជួនកាលឡានខូចឡានអីហ្នឹង គេដេញពួកខ្ញុំអត់ឱ្យចូលធ្វើការទេ។»
អតីតប្រធានផ្នែករដ្ឋបាល និងបច្ចុប្បន្នជាអ្នកបកប្រែភាសាចិន នៅក្នុងរោងចក្រ មេតថេក ខេមបូឌា លោក សម សីហា បានមានប្រសាសន៍ថា លោកមិនទាន់បានដឹងចំពោះការតវ៉ារបស់កម្មករនៅឡើយទេ។ ប៉ុន្តែថ្មីៗនេះ ខាងភាគីរោងចក្របានទទួលលិខិតអញ្ជើញពីខាងមន្ទីរការងារខេត្ត ដើម្បីទៅដោះស្រាយនៅថ្ងៃទី១៥ មករា ជុំវិញបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងរោងចក្រ។
អភិបាលរងខេត្តកំពង់ចាម និងជាប្រធានផ្នែកដោះស្រាយទំនាស់កូដកម្ម និងបាតុកម្ម លោក ជីម លាវ បានមានប្រសាសន៍ថា ខាងអាជ្ញាធរនឹងដើរតួនាទីជាអ្នកសម្របសម្រួលជុំវិញបញ្ហានេះ រវាងភាគីរោងចក្រ និងភាគីតំណាងកម្មករ។ ប៉ុន្តែ លោកចង់ឱ្យកម្មករទាំងអស់នាំគ្នាចូលធ្វើការដូចធម្មតាវិញ ហើយប្រសិនបើមានការទាមទារ ឬការមិនពេញចិត្តណាមួយ គប្បីត្រូវធ្វើឡើងដោយមានសំណុំបែបបទត្រឹមត្រូវ ជៀសវាងការមិនព្រមចូលធ្វើការ ដែលធ្វើឱ្យខាតបង់ប្រយោជន៍ទាំងសងខាង។
លោក ជីម លាវ៖ «ចង់ឱ្យកម្មករចូលធ្វើការ រីឯការទាមទារយ៉ាងម៉េចនោះ យើងចេះតែតាមទារទៅ។ យើងដាក់ញត្តិដាក់អីទៅទាមទារទៅ។ ចង់ធ្វើម៉េចយើងធ្វើការបានសន្តិភាពទាំងអស់គ្នា កុំឱ្យមានបញ្ហា។ អ្វីដែលកម្មករទាមទារឱ្យតំណាងយើងធ្វើការ យើងទាមទារទៅខាងសហជីពហ្នឹង គាត់ក៏មានមេគាត់។ បាទ! ឱ្យមេគាត់មកចរចាជាមួយរោងចក្រ ឬក៏មេគាត់ទំនាក់ទំនងជាមួយអាជ្ញាធរ ប្រសិនបើមិនអាចទំនាក់ទំនងបាន ជួបខ្ញុំផ្ទាល់ក៏បានដែរ។ ខ្ញុំនឹងទៅដល់រោងចក្រទាំងអស់គ្នា ពិភាក្សាគ្នា ឬក៏អញ្ជើញភាគីរោងចក្រ និងតំណាងសហជីពមកជជែកគ្នានៅសាលាខេត្តក៏បានដែរ។»
លោកបន្តថា ជាការប្រសើរបំផុត ទាំងភាគីរោងចក្រ និងភាគីកម្មករ គប្បីធ្វើយ៉ាងណាត្រូវគោរពគោលការណ៍ច្បាប់ជាធំ។ ប្រសិនបើមានបញ្ហាពិបាកដោះស្រាយ ភាគីទាំងពីរគប្បីទំនាក់ទំនងជាមួយអាជ្ញាធរដែលមានសមត្ថកិច្ច ដើម្បីធ្វើជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយនូវរាល់បញ្ហាទាំងអស់ ជៀសវាងការធ្វើអ្វីមួយទៅតាមការនឹកឃើញ ប្រៀបដូចជាមិនមានច្បាប់ទម្លាប់សម្រាប់គ្រប់គ្រងនោះ៕
No comments:
Post a Comment