Paris Peace Accords 23 Oct. 1991

Friday, January 24, 2014

តំណាង​ សង្គម​ស៊ីវិល ជួប UNCHR ខណៈ​ អ្នក​ភូមិ​បឹងកក់​ ដាក់​ លិខិត​ ថ្លែង​អំណរ​គុណ​ ទូត​អាមេរិក​

អ្នក​ភូមិបឹងកក់​ ​ថ្មគោល បុរីកីឡា ប្រមូល​ផ្តុំគ្នា ​នៅមុខ​ស្ថាន​ទូត​សហរដ្ឋអាមេរិក ដើម្បី​ដាក់​លិខិត​ថ្លែង​អំណរគុណ ​​ដល់​​សភា​​អាមេរិក នៅ​ថ្ងៃទី២៤មករា២០១៤
អ្នក​ភូមិបឹងកក់​ ​ថ្មគោល បុរីកីឡា ប្រមូល​ផ្តុំគ្នា ​នៅមុខ​ស្ថាន​ទូត​សហរដ្ឋអាមេរិក ដើម្បី​ដាក់​លិខិត​ថ្លែង​អំណរគុណ ​​ដល់​​សភា​​អាមេរិក នៅ​ថ្ងៃទី២៤មករា២០១៤ (រូបភាព RFI / Siv Channa)

តំណាង​ សង្គម​ស៊ីវិល ជួប UNCHR ខណៈ​ អ្នក​ភូមិ​បឹងកក់​ ដាក់​ លិខិត​ ថ្លែង​អំណរ​គុណ​ ទូត​អាមេរិក​

ដោយ សួង សុភារី
តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៨នាក់ មក​ពី​អង្គការ​ចំនួន ៦ តំណាង​ឲ្យ​អង្គការសង្គម​ស៊ីវិល ចំនួន ១៨៦ នៅ​ព្រឹក​ថ្ងៃសុក្រនេះ បាន​ជួបចរចារ​​ដោយ​ផ្ទាល់ ជាមួយភ្នាក់ងារ​ឧត្តម​ស្នង​ការទទួល​បន្ទុក​ផ្នែក​សិទ្ធមនុស្ស ​​អង្គការ​សហប្រជាជាតិ UNCHR។ ជាការ​ជួប​ចរចារ​ដាក់​ញត្តិ ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​សហជីព និង​កម្មករ ២៣​នាក់ និង​ទាម​ទារ​ឲ្យ​សមត្ថកិច្ច​បញ្ឃប់អំពើ​ហិង្សា​ដល់​ក្រុម​អ្នក​តវ៉ា។ ​ ចំណែក​ អ្នក​ភូមិបឹងកក់​វិញ នៅព្រឹកថ្ងៃ​នេះ ក៏​បានដាក់លិខិត​មួយ ទៅ​កាន់​ស្ថាន​ទូត​អាមេរិក ថ្លែង​អំណរ​គុណ ដែល​ស្ថានទូត​មួយ​នេះ បានជួយ​អន្តរាគមន៍​ដល់​អ្នក​ភូមិ។

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦ តំណាងឲ្យ​ ១៨៦ អង្គភាព នៅ​ព្រឹក​ថ្ងៃសុក្រនេះ បាន​យកញត្តិ​ និង​ជួប​ដោយ​ផ្ទាល់​ជាមួយតំណាង​ឧត្ត​ម​ស្នងការ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ។ ជា​ការដាក់​ញត្តិ​នេះគឺដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​សហជីព និង​កម្មករ ២៣​នាក់ និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​បញ្ឃប់​អំពើ​ហិង្សា​ ដល់​ក្រុម​អ្នក​តវ៉ា។ ជាលទ្ធផល​ពី​ការ​ជួប​ពិភាក្សា​ ប្រមាណជា ១ម៉ោង លោក ណៃ​ វ៉ង់ដា អនុ​ប្រធាន​អង្កេត​ការសិទ្ធមនុស្ស និង​ក្រុម​មេធាវី នៃ​អង្គការ​ អាដហុក បាន​ឲ្យ​ដឹង​ថា UNCHR បាន​ឯក​ភាព និង ​កំពុង​តែ​ស្នើសុំ​ឲ្យ​មាន​ការដោះ​លែង​សកម្មជន​ទាំង ២៣​រូប​នោះ​ឲ្យ​បាន​ទាន់ពេល​វេលាផងដែរ។

នៅ​ព្រឹក​ថ្ងៃសុក្រនេះ​ផងដែរ ស្ថានទូត​ឥណ្ឌា ក៏​យល់​ព្រម​ទទួល​ជួប​ជាមួយ តំណាង​អង្គការ​សង្គម​ស៊ីវិល​ ទាំង៦ ខណៈស្ថានទូតមីយ៉ាន់ម៉ា និង​សិង្ហបុរី មិន​ទាន់​បាន​បញ្ជាក់ពី​ការ​ជួប​ផ្ទាល់ ជាមួយ​ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិលនៅឡើយទេ។ នេះ​បើ​តាម​លោក ណៃ វ៉ង់ដា។

យ៉ាងណា​ក៏​ដោយ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ មិន​មាន​ការ​ហែក្បួន​ដាក់​ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិលជាតិ​ និង​អន្តរជាតិ ដូចកាលពី​ថ្ងៃទី ២៣មករាឡើយ ដោយ​សារ​អង្គការ​ខ្លះ ជាប់​បំពេញ​ការងារ​ផ្សេងៗ។ ប៉ុន្តែ​បើ​តាម​លោក ណៃ វ៉ង់ដា ដដែល ការ​ហែក្បួនធំ នឹង​ធ្វើជាថ្មី នៅ​ថ្ងៃទី ២៧មករាខាងមុខ ជាបន្តទៀត។

សូម​បញ្ជាក់ថា ញត្តិ​ទាមទារ ​ដែល​ត្រូវ​ដាក់​ជូន​ស្ថានទូត​បរទេស​ មាន​ខ្លឹមសារ​ថ្កោលទោស​ ការប្រើ​កម្លាំង​ប្រដាប់​អាវុធ ​និង​កំណើន​អំពើ​ហិង្សា​ប្រឆាំង​ប្រជាជន​កម្ពុជា។ ​ញត្តិ​ក៏បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នកដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​ ២៣ ​នាក់​ ឲ្យ​បង្កើត​​គណៈកម្មការ​ឯករាជ្យមួយ​ស៊ើបអង្កេត​ករណីហិង្សាកាលពីដើមខែមករា ​ ទាមទារ​ឲ្យ​អាជ្ញាធរបញ្ឈប់​ការប្រើ​អំពើ​ហិង្សា​ និង​ការ​ប្រើ​កម្លាំង​ហួសហេតុ​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​អ្នកតវ៉ា។ ​

ចំណែក​អ្នក​ភូមិបឹងកក់​ ​ថ្មគោល បុរីកីឡា ព្រះ​សង្ឃ និង​យុវជន ​ប្រមាណ ជាង​៧០​នាក់ នៅ​ព្រឹក​ថ្ងៃ​​សុក្រ​នេះ បាន​ប្រមូល​ផ្តុំគ្នា ​នៅមុខ​ស្ថាន​ទូត​សហរដ្ឋអាមេរិក ដើម្បី​ដាក់​លិខិត​ថ្លែង​អំណរគុណ ​​ដល់​​សភា​​អាមេរិក ដែល​បាន​ជួយជំរុញ​ឲ្យ​មាន​​​ដំណោះស្រាយ​ករណី​តំបន់​បឹងកក់​។ នេះ​បើ​យោង​តាម តំណាង​អ្នក​ភូមិបឹងកក់ គឺ​អ្នក​ស្រី ទេព វ​ន្នី បាន​ប្រាប់វិទ្យុបារាំង​។ ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ភូមិបឹងកក់ បុរី​កីឡា និង​ថ្ម​គោល នៅ​ថ្ងៃ​សុក្រ​នេះ គឺ​ពុំ​មាន​ការរារាំង ឬ​ចាប់​ខ្លួន​ ពី​អាជ្ញាធរ​អ្វី​នោះ​ទេ៕


No comments:

Post a Comment