អ្នកបឹងកក់ និងសហគមន៍មានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ លើកបង្ហាញបដា និងទង់ជាតិសហរដ្ឋអាមេរិក ចំនួន៥២ ថ្លែងអំណរគុណដល់សភាអាមេរិក នាមុខស្ថានទូតសហរដ្ឋអាមេរិក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤។
អ្នកមាន បញ្ហាដីធ្លី នៅភ្នំពេញ ដាក់ញត្តិ អរគុណសភាអាមេរិក
អ្នកបឹងកក់ និងសហគមន៍មានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃសុក្រ នេះ បានប្រមូលផ្ដុំនៅមុខស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។ ពួកគេបានដាក់លិខិតមួយទៅស្ថានទូតនេះ ដែលជាការថ្លែងអំណរគុណដល់សភាអាមេរិក ក្នុងការជួយជំរុញឲ្យមានដំណោះស្រាយករណីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់។
ដោយ អ៊ួន ឈិន / អាស៊ីសេរី | ២៤ មករា ២០១៤
ក្នុងពេលជួបប្រជុំ ពួកគាត់បានលើកបង្ហាញបដា និងទង់ជាតិសហរដ្ឋអាមេរិក ចំនួន៥២ ដែលតំណាងរដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក និងទង់សាសនាខ្លះផង។
តំណាងអ្នកបឹងកក់ អ្នកស្រី ទេព វន្នី បានថ្លែងនៅខាងមុខស្ថានទូតថា ពួកគាត់អរគុណដល់សភាសហរដ្ឋអាមេរិក ដែលបានអនុម័តច្បាប់ថវិកា ដោយមានលក្ខខណ្ឌរួមបញ្ចូល ក្នុងនោះតម្រូវឲ្យធនាគារពិភពលោក (World Bank) ជួយដោះស្រាយជូនអ្នកបឹងកក់ ទាំងអ្នកដែលបានចាកចេញ និងអ្នកដែលមិនទាន់បានចាកចេញ។
លិខិតថ្លែងអំណរគុណដែលមានចុះហត្ថលេខា និងស្នាមមេដៃរបស់តំណាងសហគមន៍បឹងកក់ ដែលបានចាកចេញ និងមិនទាន់ចាកចេញ ចំនួន ៩នាក់ ឲ្យដឹងថា សភាអាមេរិក បានស្នើឲ្យធនាគារពិភពលោក ធ្វើរបាយការណ៍ពីការវិវឌ្ឍនៃការដោះស្រាយ និងការរីកចម្រើនរបស់អ្នករស់នៅតំបន់បឹងកក់ រៀងរាល់ ៤៥ថ្ងៃម្តងក្នុងរយៈពេល ៩ខែទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយចាប់ផ្ដើមពីថ្ងៃទី១៣ ខែមករា តទៅ។
រហូតដល់ម៉ោងជិត ៩ព្រឹកនេះ ពុំមានកម្លាំងសមត្ថកិច្ចចុះទៅឃ្លាំមើល ឬបំបែកការប្រមូលផ្ដុំនេះទេ ហើយពួកគាត់ក៏បានរំសាយការជួបជុំ បន្ទាប់មន្ត្រីទូតបានទទួលលិខិតពួកគាត់៕
No comments:
Post a Comment