Paris Peace Accords 23 Oct. 1991

Thursday, January 9, 2014

​អាដហុក ​ថ្កោលទោស​ ចំពោះ​ ការប៉ង​ធ្វើឃាត​ ទៅលើ​ មន្ត្រី​ របស់​ ខ្លួន​ ពី​ក្រុមហ៊ុន​ឯកជន​មួយ​ នៅ​ខេត្ត​មណ្ឌលគិរី​​

​អាដហុក ​ថ្កោលទោស​ ចំពោះ​ ការប៉ង​ធ្វើឃាត​ ទៅលើ​ មន្ត្រី​ របស់​ ខ្លួន​ ពី​ក្រុមហ៊ុន​ឯកជន​មួយ​ នៅ​ខេត្ត​មណ្ឌលគិរី​​


ដោយ៖​ ថុល ស្រី​លក្ខណ៍​​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថ្កោលទោស​ចំពោះ​ការប៉ុនប៉ង​ធ្វើឃាត​ដោយ​ចេតនា ទៅលើ​មន្ត្រី និង​សកម្មជន​របស់​ខ្លួន​៣​នាក់ និង​តំណាង​សហគមន៍​៩​នាក់ ពី​សំណាក់​ក្រុមហ៊ុន វីឡា​ស៊ូភឺ​មែន ក្នុង​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​៨​ខែ​មករា​។​

​សេចក្តីថ្លែងការណ៍​របស់ អាដហុក បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៤ មន្ត្រី​សម្របសម្រួល​អាដហុក លោក សុក រដ្ឋា និង សហការី​២​រូប រួម​ទាំង​ប្រជា​សហគមន៍​៩​នាក់​ទៀត បាន​ចុះ​ស៊ើបអង្កេត ពី​ករណី​ឈូសឆាយ​ដី​ព្រៃឈើ ធ្វើឲ្យប៉ះពាល់​ដល់​ដី​របស់​ប្រជា​សហគមន៍ នៅ​តំបន់ អូ​ចុង​ចារ ភូមិ​ឡៅ​ការ ឃុំ​សុខដុម ស្រុក​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។ សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា ពេល​ចុះ​ទៅ​ដល់​ចម្ងាយ ២០០​មែត្រ ពី​ច្រកចូល​ក្រុមហ៊ុន វីឡា​ស៊ូភឺ​មែន មាន​ឡាន​របស់​ក្រុមហ៊ុន ម៉ាក Tacoma ស្លាក​លេខ 2A-5873 មួយ​គ្រឿង​បើក​សំដៅ​មក​បុក ក្រុមការងារ​ដែល​ចុះ​ទៅ​ស៊ើបអង្កេត បណ្តាល​ឲ្យ​ម៉ូតូ​មួយ​គ្រឿង​ខូចខាត តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​
​សមាគម​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់វិធានការ​តាម​ផ្លូវច្បាប់ ផ្តន្ទាទោស​ជនដៃដល់ ដែល​ប៉ុនប៉ង​ធ្វើឃាត​ដោយ​ចេតនា​លើ​ប្រជា​សហគមន៍ និង​មន្ត្រី​របស់​ខ្លួន​ជាបន្ទាន់​។​
​សេចក្តីថ្លែងការណ៍​បាន​ដកស្រង់​សម្តី​ប្រជាពលរដ្ឋ និង​មេការ​មួយចំនួន​មក​សរសេរ​ថា ក្រុមហ៊ុន​នេះ​មាន​រូបភាព​ជា​ក្រុមហ៊ុន​ដាំ​កៅស៊ូ តែ​នៅក្នុង​បរិវេណ​នៃ​ក្រុមហ៊ុន​នេះ មាន​ស្តុក​ឈើ​ប្រណិត​គ្រប់គ្រង​ដោយ​អភិបាលរង​ខេត្ត​មណ្ឌលគិរី លោក យឹម លុច​។​
ប៉ុន្តែ លោក យឹម លុច បដិសេធការចោទប្រកាន់នេះ។
លោកថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនភរិយារបស់លោក តែមិនមានករណីប៉ុងប៉ងធ្វើឃាត ឬរក្សាឈើខុសច្បាប់ដូចការចោទប្រកាន់នោះទេ ហើយលោក​ស្នើ​ឲ្យ​មន្រ្តីអាដ​ហុក​ជួបផ្ទា​ល់​​ជាមួយលោក។ រីឯស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ញ៉ែម វ៉ាន់នី មានប្រសាសន៍ថា ក្រុមការងាររបស់លោក កំពុងចុះស៊ើបអង្កេតករណីនេះ តែមិន​ទាន់​អាច​សន្និ​ដ្ឋា​ន​យ៉ាង​ណានោះទេ៕


No comments:

Post a Comment