បក្សប្រឆាំង កែតម្រូវ ថា លោក ស៊ូប៊ែរឌី គ្រាន់តែ ចូលរួម សង្កេតការណ៍ មិនមែន អមដំណើរ លោក សម រង្ស៊ី និងកឹម សុខា ទេ
ដោយ៖ សុទ្ធ គឹមសឿន / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី9 ខែមករា ឆ្នាំ2014
គណបក្សសង្គ្រោះជាតិ ប្រកាសកែតម្រូវថា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី(Surya P. Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃការិយាល័យសិទ្ធិមនុស្សនឹងគ្រាន់តែសង្កេតការណ៍ពីការសាកសួររបស់តុលាការទៅលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអនុប្រធាន លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រេត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ហើយត្រូវអញ្ជើញទៅកាន់អយ្យការអមសាលាដំបូងរាជនីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នៅវេលាម៉ោង៩ព្រឹក និង១០ព្រឹក តាមដីកាកោះហៅរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី នឹងចូលរួមសង្កេតការណ៍ តែលោកមិនអាចបញ្ជាក់ថាតើ លោក ប្រាសាទស៊ូប៊ែរឌី នឹងចូលរួមស្ដាប់ក្នុងតុលាការ ឬគ្រាន់តែឃ្លាំមើលស្ថានការខាងក្រៅតុលាការនោះទេ។
លោក សូរិយា ប្រាសាទស៊ូប៊ែរឌី នឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ លោក មានគម្រោងជួបលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មន្ត្រីរដ្ឋាភិបាលកម្ពុជា សកម្មជនសិទិ្ធមនុស្ស មេដឹកនាំសហគមន៍ និងមន្ត្រីប្រទេសជំនួយ៕
No comments:
Post a Comment