ក្រុមសមត្ថកិច្ច នៅទីលានប្រជាធិបតេយ្យ ព្រឹកនេះ ថ្ងៃទី២៦ មករា ២០១៥ ((រូបភាពដោយ ណាត សុភាព)
មនុស្ស យ៉ាងហោចណាស់ ៨នាក់ រងរបួស នៅក្នុងការប៉ះទង្គិចគ្នា ក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ
ដោយ៖ ណាត សុភាព | ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
មនុស្សយ៉ាងណាស់ ៨នាក់ ក្នុងនោះមានសន្តិសុខសាលាខណ្ឌដូនពេញម្នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងក្រុមសន្តិសុខ និងប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នានៅក្បែរស្ពាននាគ សង្កាត់វត្តភ្នំ ជិតទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃអាទិត្យនេះ។
នៅម៉ោងប្រមាណជាង៩ព្រឹកនេះ មានការប៉ះទង្គិចគ្នាមួយ រវាងសន្តិសុខមួយក្រុម ដែលត្រូវបានរាយការណ៍មកថា ជាក្រុមសន្តិសុខសាលាខណ្ឌដូនពេញ និងប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលឈរប្រមូលផ្តុំនៅមុខស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ បណ្តាលឲ្យមនុស្ស៧នាក់ រងរបួសធ្ងន់និងស្រាល។
ជាមួយគ្នានោះដែរ សន្តិសុខម្នាក់ ក៏ត្រូវបានពលរដ្ឋវាយឲ្យរងរបួសធ្ងន់ផងដែរ នៅពេលប៉ះទង្គិចគ្នានោះ ហើយពេលនេះ សន្តិសុខរូបនោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។
តែទោះជាយ៉ាងណា នៅម៉ោងប្រមាណ១០ព្រឹកនេះ ស្ថានការណ៍នៅទីលានប្រជាធិបតេយ្យ បានស្ងប់ស្ងាត់វិញបន្តិចហើយ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបដិសេធអត្ថាធិប្បាយជុំវិញករណីនេះ ដោយប្រាប់ថា កំពុងតាមដានលើករណីនេះ។
ចំណែក លោកចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក ដែលឃ្លាំមើលហេតុការណ៍នេះ បានចាត់ទុកក្រុមសន្តិសុខដែលបំបែកការប្រមូលផ្តុំទៅលើពលរដ្ឋ ថាជាបាតដៃទីបី ដែលបង្កការចលាចលក្នុងសង្គម និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។ លោកថា រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ព្រោះក្រុមសន្តិសុខទាំងនោះ ជាអ្នកដែលអាជ្ញាធររាជធានីភ្នំពេញដាក់សម្រាប់ការពារប្រជាពលរដ្ឋ តែបែរជាប្រើប្រាស់ហិង្សាទៅលើប្រជាពលរដ្ឋទៅវិញ ដែលជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅវិញ។
ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅពេលដែលក្រុមសហជីព កម្មករ និងប្រជាពលរដ្ឋ គ្រោងធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារដោះលែងសកម្មជនសិទ្ធិមនុស្ស ដីធ្លី និងកម្មករ២៣នាក់ និងដំទ្បើងប្រាក់ឈ្នួលកម្មករគ្រប់វិស័យយ៉ាងតិច១៦០ដុល្លារក្នុងមួយខែ ប៉ុន្តែត្រូវបានអាជ្ញាធររារាំង ដោយដាក់កម្លាំងជាច្រើនរយនាក់ បិទផ្លូវ និងដាក់កម្លាំងបំបែកនូវរាល់ការប្រមូលផ្តុំនៅក្បែរនោះ៕
No comments:
Post a Comment