សមត្ថកិច្ច និងប្រជាពលរដ្ឋអ្នកគាំទ្រCPP ឡោមព័ទ្ធទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅក្រុងកំពង់ចាមនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤(រូបភាពដោយ ញឹម សុខន)
CNRP៖ សមត្ថកិច្ច រំខាន គម្រោង វេទិកាសំណេះសំណាល របស់ លោក កឹម សុខា នៅកំពង់ចាម នៅព្រឹកនេះ
ដោយ៖ ដួង សុខា / វីអូឌី | ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
គណបក្សសង្គ្រោះជាតិ(CNRP) ប្រកាសថា សមត្ថកិច្ចក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានចល័តកងកម្លាំងប្រដាប់អាវុធ និងកៀងគរប្រជាពលរដ្ឋនៅទីក្រុងកំពង់ចាមនៅថ្ងៃទី២៥ និងទី២៦ ខែមករា ដើម្បីបង្កចលាចល បំភិតបំភ័យប្រជាពលរដ្ឋ ដែលចង់ចូលរួមវេទិកាសំណេះសំណាលនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅម៉ោង៨ព្រឹកនេះ ក្រោមអធិបតីភាពរបស់ប្រធានស្តីទីគណបក្ស លោក កឹម សុខា។
សេចក្តីប្រកាសព័ត៌មានរបស់ CNRP ចេញផ្សាយនៅថ្ងៃអាទិត្យនេះ អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បញ្ឈប់ជាបន្ទាន់នូវការរំលោភរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលកម្ពុជា។ គណបក្សសង្គ្រោះជាតិ ក៏អំពាវនាវឲ្យសង្គមស៊ីវិលជាតិ-អន្តរជាតិ អង្គការសហប្រជាជាតិ និងអង្គទូតតាមដានឃ្លាំមើល និងថ្កោលទោសចំពោះទង្វីទាំងនេះ ដែលគណបក្សគិតថាជាបទល្មើស។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាម លោក គួយ ប៊ុនរឿន ប្រាប់VODថា នៅម៉ោងប្រមាណ៧ព្រឹកនេះ កម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធារាប់រយនាក់ ប្រដាប់ដោយកាំភ្លើងយន្ត ត្រូវបានដាក់ពង្រាយនៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្ត។ លោកបន្តថា ប្រជាពលរដ្ឋប្រមាណ ១ ០០០នាក់ក៏ត្រូវបានដឹកតាមទ្បានមកទីស្នាក់ការគណបក្សដែរ។
លោកឲ្យដឹងថា នៅម៉ោង៧ព្រឹកនេះដែរ ប្រជាពលរដ្ឋមួយក្រុមទៀតដែលមានចំនួនច្រើននាក់ បានទៅលោមព័ទ្ធសណ្ឋាគារ លាភ វីរៈសា នៅទីរួមខេត្តកំពង់ចាម ដែលលោក កឹម សុខា កំពុងស្នាក់នៅ។ ប៉ុន្តែ ប្រមាណមួយម៉ោងក្រោយមក ប្រជាពលរដ្ឋទាំងនោះបានចាកចេញពីទីនោះ។
លោក គួយ ប៊ុនរឿន បញ្ជាក់ថា លោកបានទូរស័ព្ទទៅកាន់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា ដើម្បីឲ្យរាយការណ៍ពីការរំខានរបស់សមត្ថកិច្ចទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ លោក បន្តថា លោក ស ខេង បានបង្គាប់ឲ្យរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ធ្វើអន្តរាគមន៍ទៅអភិបាលខេត្តកំពង់ចាម ឲ្យបញ្ឈប់សកម្មភាពនេះ។
No comments:
Post a Comment