Paris Peace Accords 23 Oct. 1991

Monday, January 27, 2014

សមត្ថកិច្ច​៖ បុរស​ម្នាក់​ ក្នុងចំណោម​ ពីរ​នាក់ ដែល​បាន​ ឃាត់ខ្លួន សារភាព​ ថា​ ជា​អ្នក​បន្លំ​ បង្កចលាចល​​


សមត្ថកិច្ចចុះបង្ក្រាបបាតុករ នៅថ្ងៃទី២៦ ខែមករា (រូបថត ណាត សុភាព)

សមត្ថកិច្ច​៖ បុរស​ម្នាក់​ ក្នុងចំណោម​ ពីរ​នាក់ ដែល​បាន​ ឃាត់ខ្លួន សារភាព​ ថា​ ជា​អ្នក​បន្លំ​ បង្កចលាចល​​


ដោយ៖​ តាំង វីដា​ / វីអូឌី | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014

អគ្គស្នងការ​នគរបាល​ជាតិ ឲ្យដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា បុរស​ម្នាក់​ក្នុងចំណោម​ជន​ទាំង​ពីរ​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ម្សិលមិញ​នេះ ត្រូវបាន​សមត្ថកិច្ច​ស​ម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​សវន​ការ បន្ទាប់ពី​សាកសួរ​រួច រកឃើញថា ជា​ជន​បន្លំ​ខ្លួន ដែល​ត្រូវបាន​គេ​ជួល​មក​បង្កចលាចល​។
នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ មនុស្ស​ពីរ​នាក់ ត្រូវបាន​ក្រុម​សហជីព​កម្មករ និង​ប្រជាពលរដ្ឋ ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​រកឃើញ​ថា មាន​កាន់​ជំ​ពាម​កៅស៊ូ​គ្រាប់​ដែក និង​ស្នាប់ដៃ ចូលក្នុង​ហ្វូង​ប្រជា​បាតុករ ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ ចំនួន ២៣ នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​គោល​កម្មករ​គ្រប់​វិស័យ ១៦០ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​។ បុរស​ទាំង​ពីរ​នាក់​នោះ​ឈ្មោះ ផេង ផា និង ហាំ ហ៊ុត​។
លោក គៀត ចន្ទ​ថា​រិទ្ធិ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ប្រាប់​VOD ឲ្យដឹង​នៅ​ព្រឹក​នេះ​ថា ក្រោយ​ការសាកសួរ បុរស​ម្នាក់​ឈ្មោះ ផេង ផា មាន​មុខ​​របរ​ជាងផ្សារដែក បាន​សារភាព​ថា ពិត​ជា​ចេតនា​បង្ក​ភាពចលាចល ដើម្បី​ឲ្យឃើញ​ថា​សមត្ថកិច្ច​ប្រើ​ហិង្សា​លើ​បាតុករ​។ លោក​បន្តថា ជនសង្ស័យ អះ​អាង​ការធ្វើ​នេះ គឺ​ក្រោម​បញ្ជា​បុរស​ម្នាក់​ឈ្មោះ ធី ណា​រិទ្ធិ រស់នៅ​ប្រទេស​អូស្ត្រាលី និង​ជា​មនុស្ស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ «​តាម​ចម្លើយ​របស់​គាត់ គាត់​ឆ្លើយថា គាត់​បាន​ជួប​ជាមួយ​មនុស្ស​ម្នាក់​មក​ពី​ប្រទេស អូស្ត្រាលី ហើយ​បើ​តាម​យើង​ដឹង គាត់​គឺជា​មនុស្ស​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពឹង​គាត់​បាញ់​ទៅលើ​បាតុករ ដើម្បី​ចោទប្រកាន់ថា អាជ្ញាធរ​នោះ​បាន​ប្រើ​អំពើហិង្សា ដាក់​បាតុករ​»​។​
​ដោយឡែក សម្រាប់​បុរស​ឈ្មោះ ហាំ ហ៊ុត លោក គៀត ចន្ទ​ថា​រិទ្ធិ ឲ្យដឹងថា សមត្ថកិច្ច បាន​ដោះលែង​វិញ​ហើយ បន្ទាប់ពី​រកឃើញ​ថា មិន​មាន​ជាប់​ព័ន្ធ​។
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់ថា ករណីនេះ គប្បី​មាន​ការស៊ើបអង្កេត​ច្បាស់លាស់ មិនគួរ​ស្តាប់​ចម្លើយ​ជនសង្ស័យ​តែ​ម្ខាង ហើយ​ទម្លាក់កំហុស​មកលើ​គណ​បក្ស​នេះ​ទេ​ «​អ្នក​ដែល​បង្កើតឲ្យមាន​អំពើ​ហិង្សា គឺ​អ្នក​នោះ​ត្រូវតែ​ទទួល​ទោស ហើយ​ត្រូវតែ​មាន​ការស៊ើបអង្កេត ឲ្យបាន​ច្បាស់លាស់ ឲ្យមាន​អព្យាក្រឹតភាព ឲ្យមាន​ឯករាជ្យ​ភាពត្រឹមត្រូវ​។ សំខាន់​ការ​រក​ការពិត មិនមែន​គ្រាន់តែ​ឆ្លើយ មិនមែន​គ្រាន់តែ​ប្រឌិត​រឿង ហើយ​ឆ្លើយ​ដាក់​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​មាន​ទេ​។ ដូច្នេះ​ម្សិលមិញ​នេះ មិនមែន​បាតុកម្ម​ដែល​រៀបចំឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​»​។​
​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ចាន់ សុ​វ៉េ​ត ឲ្យដឹងថា សាច់ញាតិ​គ្រួសារ​របស់​ជនសង្ស័យ លោក ផេង ផា បាន​ដាក់​បណ្តឹង​មកកាន់​សមាគម​អាដហុក​នៅ​ព្រឹក​មិញ​នេះ ដើម្បី​ស្នើ​អន្តរាគមន៍​លើ​ករណី​នេះ​។ លោក គិតថា មនុស្ស​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​នេះ គឺជា​ជន​បង្គប់​បង្កចលាចល តែ​លោក​មិន​អាច​សន្មត់​ថា​ជានរ​ណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ការស៊ើបអង្កេត​បន្ថែម​ «​បើ​ពិនិត្យ​មើល​ទៅ​ស្ថានភាព​ហ្នឹង វា​ដូចជា​ស៊ីសង្វាក់​ដែរ ហើយ​យើង​ក៏​មិនទាន់​បាន​ធ្វើ​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ ព្រោះ​មិន​បាន​ជួប ថា​គាត់​ពិតជា​មនុស្ស ត្រូវបាន​គេ​ជួល ឲ្យធ្វើ​សកម្មភាព​ឬ​ក៏​យ៉ាងម៉េច​។ ប៉ុន្តែ​ក្នុង​ចំណោម​ពីរ​នាក់​នេះ ប្រហែលជា​អាច​មាន​ម្នាក់ ជា​មនុស្ស​ដែល​អាច​ថា ជា​មនុស្ស មិន​ទាក់ទង​ក្នុង​រឿង​ទាំងអស់​នោះ​ទេ​»​។​
ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ និង​បាតុករ ដែល​ឈរ​ប្រមូលផ្តុំ​នៅ​មុខ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ បណ្តាលឲ្យ​មនុស្ស​របួសធ្ងន់ និង​ស្រាល​ប្រមាណ​ជា ១០ នាក់ រួម​ទាំង​បុគ្គលិក​អង្គការ Comfrel ម្នាក់ បុគ្គលិក​សារព័ត៌មាន The Cambodia Daily ម្នាក់ អ្នកកាសែត​ក្មេង​វត្ត​ស្ថាបនា​ម្នាក់ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក យឹម សុវណ្ណ និង​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ​ចំនួន​ម្នាក់​ផង​ដែរ​៕



No comments:

Post a Comment