Paris Peace Accords 23 Oct. 1991

Monday, January 27, 2014

ជន​រងគ្រោះ​ ជំរុញ​ ឲ្យ​ តុលាការ​ ពន្លឿន​នីតិវិធី​លើ​ករណី​ ជន​បរទេស​ បាញ់​​ឲ្យ​របួស

ជន​រងគ្រោះ​ ជំរុញ​ ឲ្យ​ តុលាការ​ ពន្លឿន​នីតិវិធី​លើ​ករណី​ ជន​បរទេស​ បាញ់​​ឲ្យ​របួស

អង្គការ​សិទ្ធិ​មនុស្ស និង​ជន​រង​គ្រោះ​នៃ​ការ​បាញ់​ប្រហារ​ពី​ជនបរទេស​នៅ​តំបន់​អូរបាក់រទេះ ខេត្ត​ព្រះសីហនុ ជំរុញ​ឲ្យ​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ ពន្លឿន​នីតិវិធី​សម្រេច​ក្តី​លើ​ករណី​ជន​បរទេស​ប្រើ​អាវុធ​បាញ់​ប្រជាពលរដ្ឋ​អ្នក​រក​ស៊ី​គាស់​គល់​ឈើ​នៅ​តំបន់​នោះ​ឲ្យ​រង​របួស​ធ្ងន់ កាល​ពី​ប្រមាណ ៣​សប្ដាហ៍​មុន​នេះ។
ដោយ សេក បណ្ឌិត / អាស៊ីសេរី | ២៧ មករា ២០១៤
បច្ចុប្បន្ន​ជន​ជាប់​សង្ស័យ​ក្នុង​ករណី​បាញ់​ប្រហារ​នោះ កំពុង​គេច​ខ្លួន​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​ប្រដាប់​អាវុធ​នេះ។ ចំណែក​គ្រួសារ​ជន​រងគ្រោះ​ក៏​កំពុង​ភ័យ​ខ្លាច​ការ​គំរាម​កំហែង​ពី​ជន​សង្ស័យ​នោះ​ដែរ។
ជន​រង​គ្រោះ​ឈ្មោះ ផាន់ កញ្ញា អាយុ​ជាង ៣០​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃប្រសិដ្ឋ ឃុំ​អូរបាក់រទេះ ខេត្ត​ព្រះសីហនុ បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​មន្ទីរពេទ្យ​រុស្ស៊ី នា​រាជធានី​ភ្នំពេញ ទាំង​ស្ថានភាព​ជំងឺ​នៅ​ដុនដាប​ដើម្បី​ស្វែង​រក​យុត្តិធម៌។
កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា កន្លង​ទៅ ឈ្មោះ ផាន់ កញ្ញា ហៅ ញ៉ាញ់ បាន​ទៅ​គាស់​គល់​ឈើ​ងាប់​ដែល​គេ​កាប់​យក​ដើម​បាត់​ទៅ​ជា​យូរ​មក​ហើយ ដើម្បី​លក់​យក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ របរ​នោះ​គេ​បាន​ប្រើ​ឧបករណ៍​ផ្សេងៗ ដោយ​មាន​ទាំង​រណារ​យន្ត​ផង ជាមួយ​ប្អូន ២​នាក់​ផ្សេង​ទៀត។ កន្លែង​ប្រកប​រប​នោះ​ស្ថិត​នៅ​ជិត​ជម្រាល​ជើង​ភ្នំ​មួយ​ក្នុង​តំបន់​អូរបាក់រទេះ ស្រុក​កំពង់សីលា។
ជន​រង​គ្រោះ​បាន​រៀបរាប់​ថា ពេល​គេ​កំពុង​គាស់​គល់​ក្នុង​ព្រៃ​របោះ​នោះ បុរស​ជា​ជន​បរទេស​ម្នាក់ ដែល​អ្នក​ស្រុក​ស្គាល់​ឈ្មោះ​ថា ភីធើ (Pitter) ហើយ​ទាំង​អាជ្ញាធរ និង​ពលរដ្ឋ​និយម​ហៅ​ថា «មេ» ជា​ជនជាតិ​ជប៉ុន ចេះ​និយាយ​ភាសា​ខ្មែរ​រស់​នៅ​តំបន់​ក្បែរ​នោះ​ដែរ។
ផាន់ កញ្ញា បន្ត​ថា ក្រោយ​ពី​បាន​ឮ​ស្នូរ​រណារ​យន្ត​ពី​ចម្ងាយ ភីធើ ក៏​បាន​ប្រើ​អាវុធ​កាំភ្លើង​អាកា​បាញ់​បណ្តើរ ដើរ​ចូល​មក​រក​កន្លែង​រូបគេ​ដែល​កំពុង​គាស់​គល់​ឈើ​នោះ​អស់​ជា​ច្រើន​គ្រាប់ ហើយ​គ្រាប់​ចុង​ក្រោយ​ត្រូវ​ចំ​ភ្លៅ​ក្បែរ​ក្រលៀន៖ «ពេល​ហ្នឹង​ខ្ញុំ​ចូល​ទៅ​ព្រៃ កំពុង​គាស់​គល់​នាងនួន ខ្ញុំ​ឮ​ស្នូរ​កាំភ្លើង​បាញ់​ប្រហើរ​លើ​ក្បាល ២០​ជាង​គ្រាប់។ នៅ​ពេល​ស្ងាត់​គ្រាប់​កាំភ្លើង ខ្ញុំ​ក៏​បាន​ចេញ​មក​ឃើញ ភីធើ ហ្នឹង​ខ្ញុំ​ថា មេ​ខ្ញុំ​ទេ មិន​បាច់​បាញ់​ខ្ញុំ​ទេ! ដល់​ពេល​អ៊ីចឹង​គាត់​ឲ្យ​ខ្ញុំ​លើក​ដៃ​ឡើង គាត់​បាញ់​ខ្ញុំ​មួយ​គ្រាប់​ចំ​ប្រឡោះ​ត្រចៀក បន្ទាប់​មក​ទៀត​គាត់​បាញ់ ២​គ្រាប់​ចុង​ក្រោយ មួយ​គ្រាប់​ចំ​ជើង ហើយ​ខុស​មួយ​គ្រាប់»
ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​កំពុង​អង្កេត​រឿង​នេះ​បាន​ឲ្យ​ដឹង ជន​សង្ស័យ​ជា​ជន​បរទេស​នោះ​ពិបាក​នឹង​ស្គាល់​អត្តសញ្ញាណ​ច្បាស់​លាស់​ណាស់។
តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​ដឹង​ខ្លះៗ​ពី​សមត្ថកិច្ច​អាជ្ញាធរ​នោះ បង្ហាញ​ថា ជនសង្ស័យ​មាន​ឈ្មោះ ភីធើ ហ្សិតលី (Pitter Z ly) ជា​ជនជាតិ​អាមេរិកាំង កាត់​ជប៉ុន ហើយ​មាន​សញ្ជាតិ​អាមេរិកាំង។ បុរស​រូប​នោះ​មាន​វ័យ​ប្រមាណ​ជាង ៣០​ឆ្នាំ ជា​ប្រធាន​មណ្ឌល​សុខភាព​មនុស្សធម៌​មួយ​នៅ​ទី​នោះ ឈ្មោះ​ក្រាហ្វី ប៉ុន្តែ​ពេល​ខ្លះ ភីធើ បាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​ទាហាន ដោយ​មាន​ប្រើ​ប្រាស់​អាវុធ​វែង​ផង ខ្លី​ផង ព្រម​ទាំង​មាន​សម្ភារៈ​សឹក​មួយ​ចំនួន​ទៀត​ជាប់​នឹង​ខ្លួន។
អ្នកស្រី​បន្ត​ថា អ្នក​ស្រុក​តំបន់​នោះ​បាន​ឲ្យ​ដឹង​គ្រប់​គ្នា​ថា លោក ភីធើ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «យើង​អត់​ដឹង​ថា គាត់​ហ្នឹង​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​អ្នក​ស្រុក​និយាយ​ថា គាត់​ជា​ទាហាន ហើយ​ជា​ពួកម៉ាក​ជាមួយ ហ៊ុន ម៉ាណែត ព្រោះ​អី​ធ្លាប់​ឃើញ​យោធា «ង៧០» មក​ពីរ​បី​ឡាន មក​ហាត់​មក​អី ហើយ​ធ្លាប់​ឃើញ ហ៊ុន ម៉ាណែត ចេញ​ចូល​នៅ​ហ្នឹង។ ក្រោយ​មក​ទៀត ដល់​ពេល​មាន​រឿង​អ៊ីចឹង ខាង​ប្រជាពលរដ្ឋ​គាត់​និយាយ​ថា ឥឡូវ​គាត់​នៅ​ហ្នឹង នៅ​ក្នុង​ទីបញ្ជាការ «ង៧០» ហ្នឹង​គាត់​អត់​ទាន់​មាន​ចេញ​ទៅ​ណា​ទេ»
អ្នកស្រី​បន្ត​ថា លោក ភីធើ ហ្សិតលី កន្លង​មក​ធ្លាប់​ប្រើ​អាវុធ​បាញ់​បោះ​គំរាម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជា​ញឹកញាប់។
ជន​រង​គ្រោះ​ឈ្មោះ ផាន់ កញ្ញា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​គាត់​មិន​ទាន់​ប្រសើរ​ទេ ប៉ុន្តែ​ដោយ​គ្រូពេទ្យ​ហាក់​អស់​សមត្ថភាព​ក្នុង​ការ​ព្យាបាល​ដោយសារ​គ្រាប់​នោះ​កប់​ជ្រៅ​ក្នុង​សាច់ ពេទ្យ​ក៏​មិន​ហ៊ាន​ធ្វើ​ការ​វះ​កាត់ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ខ្លាំង​ថែម​ទៀត ហើយ​គាត់​ក៏​មិន​មាន​លុយ​សម្រាប់​សម្រាក​ព្យាបាល​បន្ត​ទៀត​ដែរ៖ «ឈឺ​ចាប់​ណាស់​បង! ឈឺ​ម្តងៗ ពេល​យើង​ដើរ​បាន​ធ្វើ​ទុក្ខ​ដល់​កំភួនជើង ជួនណា​ធ្វើ​ទុក្ខ​ដល់​ក្ដៅ​អន្ទះអន្ទែង ធ្វើ​ឲ្យ​ដង្ហក់​ចង់​ផុត​ម្តងៗ»
បញ្ហា​ទាំង​អស់​នេះ​ហើយ​បាន​ជា ផាន់ កញ្ញា បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​មន្ទីរពេទ្យ ហើយ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​នានា ជា​ពិសេស​រដ្ឋាភិបាល ឲ្យ​ជួយ​រក​យុត្តិធម៌ និង​មធ្យោបាយ​ព្យាបាល​ជំងឺ​របស់​ខ្លួន៖ «ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​រឿង​ខ្ញុំ​ឲ្យ​បាន​តាម​ផ្លូវ​ច្បាប់ និង​សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឲ្យ​ខ្ញុំ ជួយ​មើល​ជំងឺ​ខ្ញុំ ជួយ​ឲ្យ​អ្នក​មាន​ទោស​ទទួល​តាម​ផ្លូវ​ច្បាប់»។
ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ព្រះសីហនុ លោក ប៊ូ ប៊ុនហេង មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​ពុំ​ទាន់​បាន​មក​ដល់​ដៃ​តុលាការ​នៅ​ឡើយ ហើយ​ថា ខាង​សមត្ថកិច្ច​ប៉ូលិស​កំពុង​ធ្វើការ​ស៊ើប​អង្កេត​រឿង​នេះ៖ «អូន​សួរ​ទៅ​ខាង​ប៉ូលិស​ទៅ ព្រោះ​ប៉ូលិស​គេ​កំពុង​ចាត់ការ...»
វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​លោក ភីធើ ហ្សិតលី ដែល​ជា​ជន​ជាប់​ចោទ​ដើម្បី​សុំ​បំភ្លឺ​រឿង​នេះ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​អាទិត្យ ទី​២៦ មករា។
ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស អ្នកស្រី ជៀប សុធារី បាន​ឲ្យ​ដឹង​ថា អង្គការ​អាដហុក បាន​ទទួល​ពាក្យ​បណ្ដឹង និង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ពី​ជន​រងគ្រោះ​ហើយ និង​កំពុង​ឃ្លាំមើល​ការងារ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច និង​តុលាការ​មួយ​រយៈ​សិន៖ «ក្នុង​ករណី​ហ្នឹង​ឲ្យ​តែ​សុំ​រឿង​ហ្នឹង​ចេះ​តែ​ពន្យារ​ពេល យូរៗ​ទៅ​យើង​នឹង​អន្តរាគមន៍​ឡើង​ទៅ​ទៀត អោយ​តែ​ដឹង​ថា បច្ចុប្បន្ន​នេះ​ភាគី​នោះ​ស្នាក់នៅ​ទីបញ្ជាការ​យោធា «ង៧០» យើង​នឹង​ដាក់​លិខិត​ទៅ​ទីបញ្ជាការ​ហ្នឹង ដើម្បី​សុំ​ឲ្យ​បញ្ជូន​ជន​ប្រព្រឹត្ត​បទល្មើស​មក​តុលាការ»
ស្រប​ពេល​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​តំបន់​អូរបាក់រទេះ​នោះ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​សុំ​ឲ្យ​អាជ្ញាធរ​បណ្ដេញ​បុរស​ជនបរទេស ឈ្មោះ ភីធើ នោះ​ចេញ​ពី​ភូមិ​ពួកគាត់ ឬ​ចេញ​ពី​ប្រទេស​កម្ពុជា និង​គាំទ្រ​ឲ្យ​អាជ្ញាធរ​រក​យុត្តិធម៌​ដល់ ផាន់ កញ្ញា ហៅ ញ៉ាញ់ នោះ​ឲ្យ​បាន​ឆាប់ ពីព្រោះ​ជន​បរទេស​នោះ តែងតែ​គំរាម​កំហែង បង្ក​ការ​ភ័យ​ខ្លាច ប៉ះពាល់​ដល់​ការ​រស់​នៅ​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជា​ញឹកញាប់៕


No comments:

Post a Comment