បក្សប្រជាជន ចោទ បក្សប្រឆាំង ថា ធ្វើឲ្យ ប៉ះពាល់ លទ្ធិប្រជាធិបតេយ្យ
ថ្នាក់ដឹកនាំគណបក្សកាន់អំណាច បញ្ជាក់ជំហរចង់ឲ្យមានការចរចានយោបាយជាមួយបក្សប្រឆាំង ប៉ុន្តែគណបក្សមួយនេះប្ដេជ្ញាថា នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីការពាររដ្ឋសភា និងរាជរដ្ឋាភិបាល។
ការប្រកាសនេះ ធ្វើឡើងរយៈពេលបីថ្ងៃ បន្ទាប់ពីអាជ្ញាធររដ្ឋាភិបាលបានបំបែកបាតុកម្មអហិង្សារបស់គណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យ និង បួនថ្ងៃបន្ទាប់ពីការបង្ក្រាបកុបកម្មនៅផ្លូវវ៉េងស្រេង ដោយបាញ់មនុស្សចំនួន ៤នាក់ឲ្យស្លាប់ និងរបួសជាង ៣០នាក់។
លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានធ្វើទង្វើមួយចំនួនដែលផ្ទុយពីរដ្ឋធម្មនុញ្ញ រួមមាន ការធ្វើបាតុកម្ម កូដកម្ម និងការទាមទារនានា ការស្នើឲ្យបោះឆ្នោតឡើងវិញ ការស្រែកបង្ខំឲ្យ លោក ហ៊ុន សែន ចុះចេញពីតំណែង រួមទាំងការព្យាយាមបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិ បញ្ឈប់ការផ្តល់ជំនួយមកឲ្យកម្ពុជា ជាដើម។ ក្រៅពីការលើកឡើងពីបញ្ហាទំនាស់នយោបាយ លោក ហេង សំរិន ក៏មិនភ្លេចថ្លែងអំណរគុណដល់វៀតណាម ដែលបានផ្ដួលរំលំរបប ប៉ុល ពត ដែរ។
ទោះជាបែបណាក្តី សង្គមស៊ីវិល និងភាគីអន្តរជាតិមួយចំនួន មិនបានគាំទ្រទង្វើរដ្ឋាភិបាលក្នុងបុព្វហេតុការពារសមិទ្ធផល ៧ មករា ដោយប្រើវិធីរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់នោះទេ។ សង្គមស៊ីវិល និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ បានថ្កោលទោសលើទង្វើមួយចំនួន ដូចជា ការបាញ់សម្លាប់កម្មករ ៤នាក់នៅផ្លូវវ៉េងស្រេង ការបង្ក្រាបកម្មករតវ៉ានៅរោងចក្រ អែស.អិល (SL) ការបង្ក្រាបពលរដ្ឋដែលតវ៉ារឿងអាជ្ញាធរបិទផ្លូវនៅស្ពានអាកាសក្បាលថ្នល់ និងការបោសសម្អាតកម្មករចេញពីទីលានប្រជាធិបតេយ្យជាដើម។ លើសពីនេះ ការប្រើប្រាស់ប្រព័ន្ធតុលាការ កោះហៅមេបក្សប្រឆាំង និងតំណាងសហជីព ក៏ត្រូវរងការរិះគន់ពីភាគីអន្តរជាតិ និងសង្គមស៊ីវិល ថាជាការប្រើប្រាស់ប្រព័ន្ធតុលាការ ក្នុងហេតុផលនយោបាយដែរ។
ចំណែកឯមេបក្សប្រឆាំង លោក សម រង្ស៉ី នៅព្រឹកថ្ងៃទី៧ ខែមករា នេះ ក៏បានថ្លែងថ្កោលទោសចំពោះទង្វើរដ្ឋាភិបាលដែរ។ ហើយគណបក្សនេះក៏គ្រោងប្ដឹងអ្នកកាន់អំណាចទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិទៀតផង។
នៅក្នុងការប្រារព្ធខួបលើកទី៣៥ នៃថ្ងៃទី៧ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានថ្លែងទៅកាន់អ្នកកាសែត ឬអ្នកគាំទ្រឡើយ។ ដោយលោកបានដើរចាប់ដៃ និងសួរសុខទុក្ខអ្នកគាំទ្រមួយចំនួនដែលចូលរួមពិធីប៉ុណ្ណោះ។
ការរៀបចំពិធីឆ្នាំនេះ គណបក្សកាន់អំណាចបានប្រមូលពលរដ្ឋពីគ្រប់ខណ្ឌនៅទូទាំងរាជធានីភ្នំពេញ និងបានរៀបចំអាហារពេលព្រឹក ព្រមទាំងមានឡានសម្រាប់ដឹកជញ្ជូនពលរដ្ឋទៅមកផង។ ក្នុងពិធីនោះ ក៏មានវត្តមានទូតនៃបណ្ដាប្រទេសជាមិត្តមួយចំនួន ភាគច្រើនជាប្រទេសកុម្មុយនីស្ត និងសមាជិកអាស៊ាន។ គេមិនឃើញមានវត្តមានអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលទើបតែថ្កោលទោសរដ្ឋាភិបាល ក្នុងការបណ្ដេញបាញ់សម្លាប់កម្មករ និងបណ្ដេញបាតុករចេញពីទីលានប្រជាធិបតេយ្យឡើយ៕
No comments:
Post a Comment