Paris Peace Accords 23 Oct. 1991

Saturday, January 18, 2014

ប៉ូលិស ​ឡោម​ព័ទ្ធ​ផ្ទះ ​យោធា​ម្នាក់ ​នៅ​បាត់ដំបង​ រឹប​អូស​លុយ​ដុល្លារ ​ក្លែងក្លាយ ​ជា​ច្រើន​ម៉ឺន​ដុល្លារ

Photo: Internet

ប៉ូលិស ​ឡោម​ព័ទ្ធ​ផ្ទះ ​យោធា​ម្នាក់ ​នៅ​បាត់ដំបង​ រឹប​អូស​លុយ​ដុល្លារ ​ក្លែងក្លាយ ​ជា​ច្រើន​ម៉ឺន​ដុល្លារ

ប៉ូលិស​ ខេត្ត​បាត់ដំបង និង​ប៉ូលិស​ ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ប្រតិបត្តិការ​ រួម​គ្នា​ ឡោម​ព័ទ្ធ​ លំនៅឋាន​ មន្ត្រី​យោធា​ម្នាក់ នៅ​ក្រុង​បាត់ដំបង ឆែកឆេរ និង​រឹប​អូស ​បាន​លុយ​ដុល្លារ ​ក្លែងក្លាយ​ ជាច្រើន​ម៉ឺន​ដុល្លារ។  ទន្ទឹម​គ្នា​នេះ សមត្ថកិច្ច​ បាន​រក​ឃើញ​ វត្ថុ​តាង​មួយ​ ចំនួន​ទៀត ដូច​ជា​ កាំភ្លើង, ស្លាក​លេខ​ឡាន​ម៉ូតូ, និង​មេ​អាស៊ីដ​ ជា​ដើម។

RFA | 18 Jan. 2014

ក្រដាស​ប្រាក់​ដុល្លារ​ក្លែងក្លាយ និង​ក្រដាស​ពុម្ព​លុយ​ដុល្លារ​ជាច្រើន​ដុំ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ជាច្រើន​ផ្សេង​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​រឹប​អូស​បាន​ពី​លំនៅឋាន​មន្ត្រី​យោធា​ម្នាក់ ឋិត​នៅ​សង្កាត់​ទួលតាឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ ឃាត់​ខ្លួន​មនុស្ស​ពីរ​នាក់ ដែល​ជា​មុខ​សញ្ញា​បាន​ធ្វើ​សកម្មភាព​ចាយ​ក្រដាស​ប្រាក់​ដុល្លារ​ក្លែងក្លាយ នៅ​ទី​ប្រជុំ​ជន​ក្រុង​ប៉ោយប៉ែត។


ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​កណ្ដាល​នគរបាល​យុត្តិធម៌ ខេត្ត​បាត់ដំបង លោក ចេត វណ្ណី បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៤ ថា វត្ថុ​តាង​ទាំង​នោះ​មាន​ក្រដាស​លុយ​ដុល្លារ​ក្លែងក្លាយ ក្រដាស​ពុម្ព​លុយ​ដុល្លារ កាំភ្លើង ស្លាក​លេខ​ឡាន​ម៉ូតូ និង​មេ​អាស៊ីដ៖ «លុយ ​ក្លែងក្លាយ​បាន​មួយ​ចំនួន​ធំ និង​អាវុធ​ខ្លី​មួយ​ដើម មេ​អាស៊ីដ។ នេះ​ជា​មុខ​សញ្ញា​ខេត្ត​បាត់ដំបង ធ្លាប់​ចាប់​បញ្ជូន​ទៅ​ខេត្ត​ពោធិ៍សាត់ ម្ដង​ហើយ​អំពី​ករណី​ប្លន់។ បច្ចុប្បន្ន ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ កំពុង​សហការ​គ្នា​បន្ត​ស្រាវជ្រាវ​រឿង​ស្លាក​លេខ​រថយន្ត​ថែម។»

កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤ ប៉ូលិស​ក្រុង​ប៉ោយប៉ែត បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់ ដោយ​រឹបអូស​បាន​លុយ​ដុល្លារ​ក្លែងក្លាយ​ជាង ២​ម៉ឺន​ដុល្លារ។ ការ​ចាប់​ខ្លួន​មុខ​សញ្ញា​ចាយ​លុយ​ក្លែងក្លាយ​នេះ បាន​ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ។ ក្រោយ​ពី​ការ​សួរ​នាំ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​រួច​មក នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ហើយ​បាន​បន្ត​សហការ​ជាមួយ​នគរបាល​ខេត្ត​បាត់ដំបង ទើប​ឈាន​ដល់​ការ​ចុះ​ឡោម​ព័ន្ធ​លំនៅឋាន​មន្ត្រី​យោធា​ខេត្ត​បាត់ដំបង។

ម្ចាស់​លំនៅឋាន និង​ជា​មន្ត្រី​យោធា​ភូមិ​ភាគ​៥​នោះ ត្រូវ​បាន​គេ​ដឹង​ថា មាន​ឈ្មោះ សយ វ៉ាន់សក្កិ អាយុ ៥០​ឆ្នាំ។ ទាំង​មន្ត្រី​តុលាការ និង​មន្ត្រី​នគរបាល អះអាង​ថា មន្ត្រី​យោធា​រូប​នេះ សមត្ថកិច្ច​ពុំ​បាន​ឃាត់​ខ្លួន​នោះ​ឡើយ ព្រោះ​មុខ​សញ្ញា​ជន​សង្ស័យ​ជា​អ្នក​ផ្សេង​ទៀត ទុក​ឲ្យ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ស្រាវជ្រាវ​បន្ត។

តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក នួន សាន ដែល​ដឹក​នាំ​កម្លាំង​ចុះ​ប្រតិបត្តិការ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ពេល​សមត្ថកិច្ច​ចុះ​ឡោម​ព័ទ្ធ​ក្នុង​លំនៅឋាន​នោះ ឃើញ​មាន​តែ​ក្មួយ​ស្រី​ម្ចាស់​ផ្ទះ​ម្នាក់​ស្នាក់​នៅ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​វត្តមាន​មន្ត្រី​យោធា​នោះ​ឡើយ។ លោក នួន សាន បន្ត​ថា វត្ថុ​តាង​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ។
វិទ្យុ​អាស៊ីសេរី នៅ​ពុំ​អាច​ទាក់ទង​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ឡើយ។

អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល បញ្ជាក់​ថា ជន​សង្ស័យ​ក្នុង​ករណី​ចរាចរ​លុយ​ដុល្លារ​ក្លែងក្លាយ​នៅ​ក្រុង​ប៉ោយប៉ែត នោះ ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ។

ទាក់ទិន​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ថ្លែង​ថា ការ​ចរាចរ​លុយ​ដុល្លារ​ក្លែង​ក្លាយ​នេះ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ក្រុម​អាជីវករ ភាគ​ច្រើន​តាម​ស្រុក​ជនបទ​មួយ​ចំនួន​ក្នុង​ចំណោម​ខេត្ត​ក្រុង​ផ្សេងៗ​របស់​ ប្រទេស​កម្ពុជា។ បញ្ហា​នេះ​លោក​ថា បណ្ដាល​មក​ពី​រូបិយ​អន្តរជាតិ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដោយ​សេរី​នៅ​កម្ពុជា ដូច​ប្រាក់​រៀល​ដែរ។ ក្រៅ​ពី​ការ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​មុខ​សញ្ញា​ផលិត​ក្រដាស​ ប្រាក់​ដុល្លារ​ក្លែងក្លាយ លោក​យល់​ថា ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ រដ្ឋាភិបាល​កម្ពុជា គួរ​រឹត​បន្តឹង​លំហូរ​រូបិយ​អន្តរជាតិ មិន​គួរ​អនុញ្ញាត​ឲ្យ​មាន​ការ​ចរាចរ​ដោយ​សេរី​នៅ​លើ​ទីផ្សារ​កម្ពុជា នោះ​ទេ៕






No comments:

Post a Comment