ពលរដ្ឋ ខេត្តរតនគិរី ២០គ្រួសារ អំពាវនាវ ឲ្យរដ្ឋាភិបាល ជួយដោះស្រាយ បញ្ហាដីធ្លី ដល់ពួកគេជាថ្មីទៀត
ដោយ៖ សុវណ្ណ ប៊ុនថៃ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី8 ខែមករា ឆ្នាំ2014
ប្រជាពលរដ្ឋចំនួន២០គ្រួសារ នៅស្រុកកូនមុំ ខេត្តរតនគិរី នៅថ្ងៃពុធនេះ អំពាវនាវជាថ្មីទៀតឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទំនាស់ដីធ្លី ជាមួយក្រុមហ៊ុនធ្វើកុងផ្លាកកេ ដែលទទួលសិទ្ធិពីក្រុមហ៊ុន ហ័ងអាញ់អណ្តូងមាស ដោយពលរដ្ឋចោទថា បានរំលោភយកដីព្រៃពួកគាត់ចំនួន១០ហិកតា កាលពីដើមខែវិច្ឆិកា។
តំណាងប្រជាពលរដ្ឋនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី លោក ប៊ុន ខាំហ្វនបានឲ្យដឹងថា កាលពីដើមខែវិច្ឆិកា ក្រុមហ៊ុននេះ បានព័ទ្ធរបងយកដីរបស់ពួកគាត់ចំនួន១០ហិតា ដែលក្រុមហ៊ុនហ័ងអាញ់អណ្តូងមាស ផ្តល់ឲ្យប្រជាពលរដ្ឋសម្រាប់ឃ្វាលគោ។ លោកថា ប្រជាពលរដ្ឋ បានដាក់លិខិតស្វែងរកអន្តរាគមន៍ជាច្រើនលើកតែ មិនទាន់មានដំណោះស្រាយ។
VOD មិនទាន់អាចសុំការអធិប្បាយពីអាជ្ញាធរឃុំបាននៅឡើយទេ។ តំណាងក្រុមហ៊ុនធ្វើកុងផ្លាកកេ លោក សំ សារ៉ុន មានប្រសាសន៍ថា ក្រុមហ៊ុន មិនបានរំលោភយកដីប្រជាពលរដ្ឋដូចការចោទប្រកាន់នោះទេ។ លោកថា ក្រុមហ៊ុនរបស់លោក បានខ្ចីដីពីមន្ទីរបរិស្ថានខេត្តក្នុងខេត្តនេះ ធ្វើជាកន្លែងស្តុកឈើ ដើម្បីគិតពន្ធជូនរដ្ឋ។ លោក សំ សារ៉ុន បន្ថែមថា ក្រុមហ៊ុន របស់លោក ទទួលបានសិទ្ធិប្រមូលឈើដែលកាប់រួបពីក្រុមហ៊ុន ហ័ងអាញ់អណ្តូងមាស ដើម្បីប្រមូលឈើដែលកាប់រួចមកច្នៃ ធ្វើជាកុងផ្លាកកេ៕
No comments:
Post a Comment