ក្រសួងការងារ គ្រោងប្រជុំ ស្តីពី ការដំឡើងប្រាក់ឈ្នួល កម្មករ ជាថ្មីទៀត នៅដើមខែកុម្ភៈ
ដោយ៖ ថុល ស្រីលក្ខណ៍ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី22 ខែមករា ឆ្នាំ2014
ស្តាប់សំឡេង៖ | ចម្លងទុក |
ក្រសួងការងារ ឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ក្រសួងគ្រោងជួបប្រជុំថ្នាក់ជាតិ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ស្តីពីការដំឡើងប្រាក់ឈ្នួលដល់កម្មករកម្ពុជា នៅថ្ងៃទី៥ខែកុម្ភៈខាងមុខនេះ ខណៈក្រុមសហជីពធំៗព្រមានធ្វើបាតុកម្មជាថ្មីទៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤នេះ។
ការប្រកាសពិភាក្សាឡើងវិញរឿងប្រាក់ឈ្នួលកម្មករនេះ ធ្វើឡើងបន្ទាប់ពីអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ស្នើឲ្យរដ្ឋាភិបាលកម្ពុជាគិតគូរឡើងវិញពីបញ្ហានេះ ដោយសារតែកម្មករ ស្ទើរទូទាំងប្រទេស ផ្ទុះបាតុកម្មព្រមៗគ្នា ទាមទារដំឡើងប្រាក់ឈ្នួលគោលដល់១៦០ដុល្លារ។ ប៉ុន្តែរដ្ឋាភិបាលយល់ព្រមដំឡើងឲ្យត្រឹមតែ ១០០ដុល្លារ ធ្វើឲ្យកម្មករបាតុកម្មកាន់តែធំឡើង ហើយត្រូវបានកម្លាំងរដ្ឋាភិបាលបាញ់បង្ក្រាប បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ ប្រមាណ៤០នាក់របួស និង២៣នាក់ ត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា សហជីពសាទរចំពោះការប្រជុំដំឡើងប្រាក់ឈ្នួលកម្មករជាថ្មីទៀតនេះ។ តែលោកស្រីថា ក្រុមសហជីពមិនទាន់ទទួលបានសេចក្តីជូនដំណឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឡើយទេ ហើយក្រុមសហជីពនឹងបន្តរក្សាជំហរធ្វើបាតុកម្មនៅថ្ងៃទី២៦ខែមករាខាងមុខដដែល «យើងមកប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញ ហើយក្នុងនោះគោលការណ៍គឺទាមទារប្រាក់ឈ្នួលគោល ១៦០$ ទាមទារឲ្យមានការដោះលែង២៣រូប ហើយនិងទាមទារឲ្យរដ្ឋាភិបាលវែកមុខរកឃាតករ អ្នកដែលបានបាញ់សម្លាប់កម្មករ អ្នកនៅពីក្រោយខ្នងការបាញ់សម្លាប់កម្មករ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ហើយសងសំណងទៅជនរងគ្រោះទាំងប៉ុន្មាន ដែលបានរងគ្រោះដោយសារការបាញ់ប្រហារ និងបានសម្រាកនៅមន្ទីរពេទ្យទាំងអស់គ្នានោះ»។
ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានជ្រៃធំ-ឡុងប៊ិញ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនកម្ពុជា-វៀតណាម កាលពីសប្តាហ៍មុន លោក ហ៊ុន សែន ថ្លែងថា ប្រាក់ឈ្នួលរបស់កម្មករនៅប្រទេសវៀតណាម មានជាង១០០ដុល្លារតែប៉ុណ្ណោះ ហើយប្រាក់ឈ្នួលនៅកម្ពុជា ខ្ពស់ជាងប្រទេសឥណ្ឌា បង់ក្លាដែស ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែ ក្រុមអ្នកសេដ្ឋកិច្ច លើកឡើងថា ស្ថិតក្នុងដំណាក់កាលនេះកម្ពុជាមិនអាចប្រៀបធៀបប្រាក់ឈ្នួលរបស់កម្មករកម្ពុជា ទៅនឹងបណ្តាប្រទេសទាំងនេះបានទេ ព្រោះតម្លៃទំនិញខុសគ្នា។ ម្យ៉ាងទៀត តាមការស្រាវជ្រាវរបស់សង្គមស៊ីវិល រកឃើញថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន អាចដំឡើងប្រាក់ឈ្នួលកម្មករដល់១៦០ដុល្លារ ដោយគ្មានបញ្ហាឡើយ ដោយគ្រាន់តែលុបបំបាត់ការចំណាយក្រៅផ្លូវការ ឬលុយពុករលួយរបស់ភាគីរោងចក្រទៅឲ្យមន្ត្រីពាក់ព័ន្ធ៕
No comments:
Post a Comment