សមាជិក គណបក្សសង្គ្រោះជាតិ ចូលរួម ធ្វើមហាបាតុកម្មអហិង្សា ដើម្បីកែទម្រង់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៣ (រូបភាព RFA / Den Ayuthea)
សង្គមស៊ីវិល រិះគន់ ការបង្កើត គណៈកម្មការ សិក្សាស្រាវជ្រាវ ការកែទម្រង់ ការបោះឆ្នោត
រដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយស្ដីពី ការបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវដើម្បីកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ការបង្កើតគណៈកម្មការនេះ បន្ទាប់ពីការបោះឆ្នោតជាតិបានបញ្ចប់ទៅ ហើយគណបក្សប្រឆាំងរកឃើញភាពមិនប្រក្រតីជាច្រើន និងទាមទារឲ្យធ្វើការកែទម្រង់ការបោះឆ្នោតឡើងវិញ។
ដោយ ខែ សុណង
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង បានរិះគន់ចំពោះការបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវការកែទម្រង់ការបោះឆ្នោត ថាធ្វើតែឯកតោភាគី ដែលមានសមាសភាពមកតែពីគណបក្សកាន់អំណាច។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (Adhoc) និងជាសមាជិកនៃបន្ទប់ស្ថានការណ៍ លោក នី ចរិយា មានប្រសាសន៍នៅថ្ងៃទី២៣ មករា ថា សេចក្ដីសម្រេចនៃការបង្កើតគណៈកម្មការនេះ គ្រាន់តែជាការបង្កើតឡើងឲ្យល្អមើលតែប៉ុណ្ណោះ ពីព្រោះសមាសភាពពុំមានភាពឯករាជ្យ សមាសភាពមិនចម្រុះ មានការចូលរួមពីគ្រប់និន្នាការនយោបាយ ឬសង្គមស៊ីវិល ដែលពុំអាចជឿបានថា គណៈកម្មការនេះពុំអាចធ្វើការប្រកបដោយប្រសិទ្ធភាពនោះឡើយ។
«សំឡេង»
ការចេញសេចក្ដីសម្រេចនេះ គឺបន្ទាប់ពីគណបក្សប្រឆាំងបានរិះគន់មិនទទួលយកលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ថាមានភាពមិនប្រក្រតី មានការបន្លំសន្លឹកឆ្នោត ទាមទារបោះឆ្នោតឡើងវិញ ហើយសុំឲ្យផ្លាស់ប្ដូរសមាសភាព គ.ជ.ប នោះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងមិនចាប់អារម្មណ៍ចំពោះការចេញសេចក្ដីសម្រេចដែលធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជា នេះទេ។ លោកថា នេះគឺការធ្វើឡើងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល ដែលមិនអនុវត្តតាមការព្រមព្រៀងនៃកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលថានឹងបង្កើតគណៈកម្មការចម្រុះរួមគ្នា រវាងគណបក្សទាំង២សិន មុននឹងធ្វើការកែទម្រង់ការបោះឆ្នោតនោះ។
«សំឡេង»
នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែកញ្ញា ភាគីទាំង២បានព្រមព្រៀងគ្នាចំនួន ៣ចំណុច ក្នុងនោះក៏មានការព្រមព្រៀងថានឹងបង្កើតយន្តការមួយ ដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។ ប៉ុន្តែ ពេលនោះ គឺពុំបានលម្អិត ថាតើជាយន្តការប្រភេទណានោះឡើយ?
ទាក់ទងនឹងការបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវដើម្បីកែទម្រង់ការបោះឆ្នោតនេះ នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានមតិថា ការបង្កើតសមាសភាពតែងតាំងនេះ គឺជាការធ្វើឡើងតែឯកតោភាគី ដែលមានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ។ លោកថា ការធ្វើដូច្នេះ គឺមិនឆ្លុះបញ្ចាំងនូវយន្តការដែលគណបក្សទាំងពីរធ្លាប់បានស្រុះស្រួលគ្នា ដើម្បីអនុវត្តកំណែទម្រង់ការបោះឆ្នោតនៅឡើយទេ ហើយក៏មិនអាចធានានូវទំនាស់ដែលអាចកើតមាននៅពេលបោះឆ្នោតលើកក្រោយទៀតបានដែរ។
ឆ្លើយតបមតិទាំងនេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ដែលជាសមាសភាពមួយរូបក្នុងគណៈកម្មការសិក្សាស្រាវជ្រាវនេះ មានប្រសាសន៍ថា សមាសភាពចូលរួមយោបល់ គឺមិនពិតមានតែគណបក្សប្រជាជនកម្ពុជា នោះទេ។ ហើយក៏មិនផ្ទុយទៅនឹងកិច្ចចរចារវាងបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែរ។
«សំឡេង»
សម្រេចស្ដីពីការបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវការកែទម្រង់ការបោះឆ្នោត ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ធ្នូ មានចំនួន ៤ប្រការ ដែលប្រការ១ គឺបានបង្ហាញសមាសភាពដូចជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស រដ្ឋលេខាធិការពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ជាដើម។ ប្រការ២ ភារកិច្ចនៃគណៈកម្មការនេះ គឺសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋាននានា ដកស្រង់បទពិសោធន៍នៃការបោះឆ្នោតពីប្រទេសនានា ហើយត្រូវរៀបចំសិក្ខាសាលាប្រមែប្រមូលមតិយោបល់ពីតំណាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តំណាងបក្សនយោបាយ តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានា៕
No comments:
Post a Comment