Paris Peace Accords 23 Oct. 1991

Sunday, January 26, 2014

រដ្ឋាភិបាល​ មិន​ទាន់​ចាត់​ទុក​ លទ្ធផល​ ស្ទង់​មតិ​ របស់​ IRI​ ត្រឹមត្រូវ​ ឥត​ខ្ចោះ​ នោះ​ទេ

របាយការណ៍ IRI ៦១០
២៥-មករា-២០១៤៖ របាយការណ៍​នៃ​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ហៅ​ថា អាយ.អ.អាយ (IRI)។

រដ្ឋាភិបាល​ មិន​ទាន់​ចាត់​ទុក​ លទ្ធផល​ ស្ទង់​មតិ​ របស់​ IRI​ ត្រឹមត្រូវ​ ឥត​ខ្ចោះ​ នោះ​ទេ

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ហៅ​ថា អាយ.អ.អាយ (IRI) បាន​រក​ឃើញ​ថា ទស្សនៈ​ពលរដ្ឋ​ថា​រដ្ឋាភិបាល​កម្ពុជា ដើរ​លើ​ផ្លូវ​ត្រូវ​នោះ​បាន​ធ្លាក់​ចុះ។ របាយការណ៍​ស្ទង់​មតិ​ពលរដ្ឋ​ពេញ​វ័យ​ចំនួន ២​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស ដែល​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​សុទិដ្ឋិនិយម ចំពោះ​ការ​ដឹក​នាំ​ប្រទេស​ក្នុង​ពេល​បច្ចុប្បន្ន។
ដោយ យាង សុជាមេត្តា
មន្ត្រី​រដ្ឋាភិបាល​ថា ពួក​គេ​មិន​មាន​ប្រតិកម្ម​ចំពោះ​ការ​សិក្សា​នេះ​ទេ ហើយ​ថា លទ្ធផល​នៃ​ការ​សិក្សា​ជា​ព័ត៌មាន​មួយ ដែល​រដ្ឋាភិបាល​អាច​យក​មក​ពិចារណា ដើម្បី​ពង្រឹង​ការ​ផ្តល់​សេវាកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព​ដល់​ប្រជាពលរដ្ឋ។
ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន អាយ.អ.អាយ កាល​ពី​ខែ​តុលា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​មួយ​ចំនួន មាន​ដូច​ជា ការ​ពេញ​ចិត្ត​របស់​អ្នក​បោះ​ឆ្នោត​លើ​គណបក្ស​នយោបាយ ការ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត ការ​ចុះ​ឈ្មោះ និង​ការ​ចូល​រួម​បោះ​ឆ្នោត​ជាដើម។
ប្រជាពលរដ្ឋ​ពេញ​វ័យ​ចំនួន ២​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស ដែល​ត្រូវ​បាន​សាកសួរ​ក្នុង​ការ​ស្ទង់​មតិ​នេះ មិន​មាន​រាប់​បញ្ចូល​ពលរដ្ឋ​ដែល​ជា​សមាជិក ឬ​ដែល​មាន​សមាជិក​ក្នុង​គ្រួសារ​ជា​អ្នក​យក​ព័ត៌មាន ជា​សមាជិក​គណបក្ស​នយោបាយ ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ឃុំ ស្រុក ខេត្ត ជា​សមាជិក​រដ្ឋសភា ជា​បុគ្គលិក​មន្ត្រី​រាជការ ជា​បុគ្គលិក​នៃ​ភ្នាក់ងារ​ទីផ្សារ ឬ​ស្ថាប័ន​ទំនាក់​ទំនង​សាធារណៈ ឬ​ជា​បុគ្គលិក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ណា​មួយ​ឡើយ។
លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ថា ទស្សនៈ​ពលរដ្ឋ​ដែល​គិត​ថា រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​នោះ​បាន​ធ្លាក់​ចុះ ពោល គឺ​បាន​ធ្លាក់​ពី ៧៩% ក្នុង​ការ​ស្ទង់​មតិ​នៅ​ដើម​ឆ្នាំ​២០១៣ មក​នៅ​ត្រឹម ៥៥%។ ហើយ​នេះ គឺ​ជា​ការ​ធ្លាក់​យ៉ាង​គំហុក បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ស្ទង់​មតិ​ចាប់​ពី​ឆ្នាំ​២០០៦ មក។
ការ​ស្ទង់​មតិ​របស់ អាយ.អ.អាយ កន្លង​មក បាន​បង្ហាញ​ថា ទស្សនៈ​ពលរដ្ឋ​ថា​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើរ​លើ​ផ្លូវ​ត្រូវ បាន​កើន​ឡើង​ជា​លំដាប់​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ២០០៨ តែ​ធ្លាក់​ចុះ​បន្តិច​វិញ​នៅ​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០ រួច​កើន​ឡើង​វិញ​នៅ​ឆ្នាំ​២០១១ និង​ដើម​ឆ្នាំ​២០១៣។ តែ​សម្រាប់​ការ​ស្ទង់​មតិ​នៅ​ចុង​ឆ្នាំ​២០១៣ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​តែ​ម្តង។
មូលហេតុ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​គិត​ថា រដ្ឋាភិបាល​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​នោះ គឺ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ មាន​ស្ពាន ថ្នល់ សាលា​រៀន មន្ទីរពេទ្យ វត្ត​អារាម និង​ប្រព័ន្ធ​ធារាសាស្ត្រ។ ក្រៅ​ពី​នោះ នៅ​មាន​ហេតុផល​មួយ​ចំនួន​ទៀត ដូច​ជា ប្រទេស​មាន​សុខ​សន្តិភាព ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ព្រម​ទាំង​កំណើន​ក្រុមហ៊ុន​ឯកជន និង​រោងចក្រ​សហគ្រាស​ជាដើម។
ចំណែក​ពលរដ្ឋ​ថា រដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​ខុស​វិញ មក​ពី​ពួក​គេ​គិត​ថា រដ្ឋាភិបាល​សព្វថ្ងៃ​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ ខ្សែ​រយៈ បក្ខពួក​និយម ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ការ​នេសាទ​ត្រី​ខុស​ច្បាប់ តម្លៃ​កសិផល​របស់​ប្រជា​កសិករ​ទាប ខណៈ​ដែល​ទំនិញ​លើ​ទីផ្សារ​ខ្ពស់ និង​បញ្ហា​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់។
ទោះ​ជា​យ៉ាង​ណា លទ្ធផល​ស្ទង់​មតិ​សរុប​បង្ហាញ​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​គិត​ថា បញ្ហា​សំខាន់​បំផុត​ដែល​សង្គម​កម្ពុជា កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន គឺ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​បំពុល​បរិស្ថាន ទន្លេ ស្ទឹង បឹងបួ បញ្ហា​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់ បញ្ហា​អស្ថិរភាព​នយោបាយ ឬ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ អំពើ​ពុក​រលួយ ជម្លោះ​ព្រំដែន និង​ការ​កំណត់​ព្រំដែន។
ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​សាកសួរ​ភាគ​ច្រើន ក៏​បាន​គាំទ្រ​ដែរ​ថា ដើម្បី​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​មួយ​ប្រកប​ដោយ​ប្រជាធិបតេយ្យ​សេរី និង​យុត្តិធម៌ ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​មួយ​នេះ ត្រូវ​តែ​យុត្តិធម៌ និង​ឯករាជ្យ ពលរដ្ឋ​ត្រូវ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​មតិ គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ផ្សាយ​សកម្មភាព​របស់​ខ្លួន​លើ​វិទ្យុ និង​ទូរទស្សន៍ ហើយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​តែ​ឯករាជ្យ និង​ត្រូវ​ធ្វើ​ការ​កែលំអ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។
លើស​ពី​នេះ ពលរដ្ឋ​ថា​កត្តា​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​កត្តា​សំខាន់ៗ​ផ្សេង​ទៀត ដែល​ជំរុញ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​មួយ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ នោះ​គឺ​ប្រទេស​កម្ពុជា ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ។ បន្ថែម​ពី​លើ​នេះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ក៏​ចង់​ឲ្យ​មេ​ភូមិ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ផ្ទាល់​ដោយ​ប្រជាពលរដ្ឋ​ផង​ដែរ។
ចំពោះ​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា ការ​ការពារ​កម្មករ និង​កសិករ ការ​ការពារ​សិទ្ធិ​មនុស្ស ការ​ការពារ​កុំ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ ការ​ការពារ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ប្រជាពលរដ្ឋ​គិត​ថា​គណបក្ស​សង្គ្រោះ​ជាតិ អាច​ធ្វើ​បាន​ខណៈ​ពលរដ្ឋ​ភាគ​ច្រើន គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សមត្ថភាព​បង្កើត​ការងារ និង​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​វិស័យ​អប់រំ​រីក​ចម្រើន​បាន។ ប៉ុន្តែ ពលរដ្ឋ​ភាគ​ច្រើន​គិត​ថា គណបក្ស​នយោបាយ​ដែល​តម្កល់​ប្រយោជន៍​រាស្ត្រ​ធំ​ជាង​ប្រយោជន៍​បក្ស​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ មករា ថា រដ្ឋាភិបាល​កម្ពុជា មិន​មាន​ប្រតិកម្ម​អ្វី​ទៅ​នឹង​លទ្ធផល​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ អាយ.អ.អាយ ឡើយ។ លោក​ថា ការ​សិក្សា​របស់ អាយ.អ.អាយ គឺ​ឆ្លើយ​តប​ទន្ទឹម​គ្នា​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ កំពុង​ធ្វើ នឹង​បន្ត​ធ្វើ​ទៅ​ថ្ងៃ​ខាង​មុខ។ តែ​ទោះ​យ៉ាង​ណា លោក​ថា​រដ្ឋាភិបាល​មិន​ទាន់​ចាត់​ទុក​ថា លទ្ធផល​ស្ទង់​មតិ​នេះ​ត្រឹមត្រូវ​ឥត​ខ្ចោះ​នោះ​ទេ។
លោក ផៃ ស៊ីផាន៖ «អ្វី​ដែល​ជា​របាយការណ៍​របស់ អាយ.អ.អាយ ហ្នឹង ជា​ព័ត៌មាន​មួយ​ដែល​យើង​យក​មក​ពិចារណា អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ យើង​មាន​ទិសដៅ​ថា យើង​បាន​ធ្វើ​ត្រឹមត្រូវ​រួច​ហើយ ប៉ុន្តែ​ការ​លើក​ឡើង​របស់ អាយ.អ.អាយ គ្រាន់​តែ​ជា​ព័ត៌មាន​មួយ​ទៀត​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ការ​ផ្តល់​សេវា ឆ្លើយ​តប​ដល់​មហាជន​របស់​យើង ប្រជាជន​របស់​យើង​នោះ គឺ​សេវាកម្ម​មួយ​ដែល​មាន​ប្រសិទ្ធភាព ហើយ​និង​គុណភាព​ដែល​យើង​ត្រូវ​ឆ្លើយ»
ទាក់ទង​នឹង​លទ្ធផល​ស្ទង់​មតិ​ដែល​ថា កត្តា​សំខាន់​បំផុត​មួយ​ដែល​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ជ្រើស​រើស​គណបក្ស​នយោបាយ​មួយ គឺ​កម្ពុជា ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ​នោះ លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា តាម​ពិត​កម្ពុជា បាន​ផ្លាស់​ប្ដូរ​រួច​ហើយ។
លោក ផៃ ស៊ីផាន៖ «ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​បច្ចុប្បន្ន យើង​បាន​ធ្វើ​ហើយ​តាម​រយៈ​ការ​បោះ​ឆ្នោត យើង​ធ្វើ​តាម​រយៈ​អ្វី​ដែល​ជា​ឆន្ទៈ​រួម​របស់​យើង​កាល​ពី​រដ្ឋធម្មនុញ្ញ​ដែល​ជា​សភា​នយោបាយ ដែល​ជា​សភា​ធម្មនុញ្ញ​បង្កើត​នៅ​ឆ្នាំ​១៩៩៣ ហើយ​ការ​ផ្លាស់​ប្ដូរ​ដែល​យើង​ចង់​បាន​ហ្នឹង យើង​ចង់​បាន​ទៅ​តាម​មតិ​អ្នក​ណា មតិ​ភាគ​ច្រើន​ដែល​គេ​ថា​គេ​ត្រូវ​ការ​ទទួល​ស្គាល់​ថ្នាក់​ដឹក​នាំ គឺ​មគ្គទេសក៍​របស់​សម្ដេច​តេជោ ហើយ​សម្ដេច​តេជោ​ឆ្លើយ​តប​ទៅ​វិញ​នៅ​ក្នុង​កំណែ​ទម្រង់ ដើម្បី​ឲ្យ​មាន​បរិយាកាស​ហើយ​និង​ការ​អភិវឌ្ឍ​រក​វឌ្ឍនភាព​រឹត​តែ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង»
ការ​បញ្ចេញ​លទ្ធផល​ស្ទង់​មតិ​របស់​វិទ្យាស្ថាន អាយ.អ.អាយ នៅ​ពេល​នេះ ធ្លាក់​ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជុំវិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ ការ​វាយ​បង្ក្រាប​ការ​ប្រព្រឹត្ត​អមនុស្សធម៌​ដោយ​កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​លើ​ពលរដ្ឋ ការ​យក​តុលាការ​ជា​ឧបករណ៍​នយោបាយ​សម្រាប់​ទប់ទល់​នឹង​ក្រុម​ប្រឆាំង និង​បញ្ហា​សង្គម​ច្រើន​ផ្សេង​ទៀត​រាប់​មិន​អស់៕


No comments:

Post a Comment