តារាសម្ដែង សោភ័ណ្ឌ ឡារី រងការគំរាមសម្លាប់ ក្នុងរឿងនយោបាយ តាមបណ្តាញហ្វេសប៊ុក
ដោយ៖ សុទ្ធ គឹមសឿន | ថ្ងៃពុធ ទី15 ខែមករា ឆ្នាំ2014, ម៉ោង 10:52 AM
លោក សោភ័ណ្ឌ ឡារី តារាសម្ដែងរាងសង្ហារដែលមានប្រជាប្រិយភាព ថ្មីៗនេះត្រូវបានជនអានាមិកសរសេរសារតាមប្រព័ន្ធអេឡិច ត្រូនិច គំរាមសម្លាប់ អំឡុងពេលដែលលោកចូលរួមយ៉ាងសកម្មជាមួយគណបក្សសង្គ្រោះជាតិ ក្នុងការធ្វើមហាបាតុកម្មអហិង្សា និងកម្ម វិធីមនុស្សធម៌ផ្សេងៗ។
លោក សោភ័ណ្ឌ ឡារី ចូលរួមគាំទ្រមេដឹកនាំគណបក្សប្រឆាំងនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ/ឡាយ សាមាន
លោក សោភ័ណ្ឌ ឡារី បានឲ្យVODដឹងនៅថ្ងៃទី១៥ខែមករានេះថា លោកត្រូវបានជនមិនស្គាល់មុខសរសេរសារចំនួនពីរ ផ្ញើតាម SMS នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ក្នុងន័យគំរាមសម្លាប់។ បើតាមលោក ឡារី អត្ថន័យសារទីមួយសរសេរថា «ឯងមានឈ្មោះល្បីក្នុងសិល្បៈ ឥឡូវចង់ក្លាយជានាយករដ្ឋមន្ត្រីមែន ហ្នែងធ្លាប់ស្គាល់គ្រាប់កាំភ្លើងអត់>> និងសារមួយទៀតថា «ហ្នែង រស់នៅ បានតែប៉ុន្មានថ្ងៃទៀតទេ អញនឹងកម្ចាត់ឯងចោលហើយ»។
លោក ឡារី បានចាត់ទុកសារដែលជនមិនស្គាល់មុខបានផ្ញើទៅនោះ គឺជាគំរាមគំហែង និងរើសអើងផ្នែកនយោបាយ ដោយអំពាវនាវឲ្យសមត្ថកិច្ច ជួយវែកមុខជនដែលគំរាមសម្លាប់នោះ យកទៅផ្តន្ទាទោសតាមច្បាប់។
លោក សុភ័ណ្ឌ ឡារី បានចូលប្រឡូកក្នុងវិស័យសិល្បៈនៅក្នុងឆ្នាំ២០០៦ ហើយការសម្តែងដំបូងរបស់លោក គឺថតស្បតវីដេអូអប់រំ ស្តីពី«សុវត្ថិភាពក្នុងពេលបើកបរដោយពាក់មួយ សុវត្ថិភាព» ហើយបទចម្រៀង ដែលធ្វើឲ្យអ្នកតាមដានសិល្បៈស្គាល់រូបលោកនោះ គឺបទ «សង្សារលេងៗ»។
បើទោះជាមានការគំរាមកំហែងក្តី តារាសម្តែង លោកឡារី អះអាងថា លោកនៅតែបន្ដឆន្ទៈ និងសកម្មភាពសប្បុរសធម៌ ក្នុងសង្គមជាតិបន្ដទៀត ដោយមិនរាថយឡើយ។
ប្រធានសមាគមសិល្បៈខ្មែរ លោក សុះ ម៉ាច មានប្រសាសន៍ថា បើសិនជាមានករណីនេះមែន វាជាទង្វើបំភិតបំភ័យ និងរើសអើងនិន្នា ការនយោបាយ របស់អ្នកសិល្បៈក សិល្បៈការីនី មិនឲ្យចូលរួមសកម្មភាពនយោបាយ និងមនុស្សធម៌ ក្នុងការរួមចំណែកជួយដល់សង្គម ជាតិ។ លោក សុះ ម៉ាច បានស្នើឲ្យលោក សោភ័ណ្ឌ ឡារី ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីរក្សាសុវត្ថិភាព និងចាប់ជនដែលគំរាម កំហែងអាយុជីវិតអ្នកដទៃនោះ យកទៅផ្តន្ទាទោស។
កាលពីអំឡុងខែធ្នូឆ្នាំ២០១៣ អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានរងនៅការផ្ញើសារគំរាមសម្លាប់ ពីសំណាក់អ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនេះដែរ និងបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេត។ ទាក់ទងនឹងករណីនេះ អ្នកនាំ ពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់មានប្រសាសន៍ថា ករណីទាំងនេះ គឺសមត្ថកិច្ច មានផលវិបាក ក្នុងការកំណត់អត្ត សញ្ញាណរបស់អ្នកលេងហ្វេសប៊ុកទាំងនោះ។ លោកស្នើឲ្យអ្នកប្រើហ្វេសប៊ុក ប្រកាន់ក្រមសុជីវធម៌ ក្នុងការបញ្ចេញមតិយោបល់ ជៀស វាងការប្រើមធ្យោបាយនានា ដែលនាំឲ្យមានការដាក់បន្ទុកលើគណបក្សនយោបាយទាំងពីរ៕
We are proud of you Lavie. You are a role MODEL of Khmer youth. GOD BLESS AND PROTECT YOU FOREVER .
ReplyDelete