Paris Peace Accords 23 Oct. 1991

Thursday, February 20, 2014

ថ្នាក់ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ​ ជួប​អ្នកគាំទ្រ​ នៅ​កំពង់ឆ្នាំង​ ថ្ងៃនេះ​ មិន​មាន​ការរំខាន​ទេ​​

លោក សមរង្ស៊ី និងលោក កឹម សុខា ចុះសំណេះសំណាលជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ឆ្នាំង (រូបថត៖ ណាត សុភាព)

ថ្នាក់ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ​ ជួប​អ្នកគាំទ្រ​ នៅ​កំពង់ឆ្នាំង​ ថ្ងៃនេះ​ មិន​មាន​ការរំខាន​ទេ​​


ដោយ៖​ ណាត សុភាព​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី20 ខែកុម្ភៈ ឆ្នាំ2014

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និងលោក កឹម សុខា ជួបជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ព្រហស​ត្ប​តិ៍​នេះ ​មិន​មាន​ការរំខាន​ពី​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។​
នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក សម រង្ស៊ី ប្រធាន និង​លោក​​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបជុំ​អ្នកគាំទ្រ​ប្រមាណ​ជិត​១០០០​នាក់ ​ក្នុង​ទី​រួម​ខេត្ត​កំពង់​ឆ្នាំង​ដោយ​មិន​មាន​ការរំខាន​ពី​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដូច​មុនៗ​ទៀត​ទេ​។​
​ចាប់ពី​ខែ​មករា​មក​ ពេល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន ​នៅតាម​បណ្តា​ខេត្ត​ មាន​ការរំខាន​ជា​បន្តបន្ទាប់​ដូចជា នៅ​ខេត្ត​កណ្តាល ព្រៃវែង កំពង់ចាម​ជា​ដើម​។​
នៅ​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ ម្សិលមិញ សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំខាន​ដល់​ការជួបជុំ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​ការចាក់​ឧបករណ៍​បំពង​សំឡេង​រំខាន ផ្តាច់​ឧបករណ៍​បំពង​សំឡេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ និងមាន​ទាហាន​ភ្ជង់​កាំភ្លើងក្នុ​ងវេទិកាផង​។​
ដោយ​ឡែក​មិន​មាន​ការរំខាន​នៅ​ថ្ងៃនេះ ក្រោយពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិព្រមាន​នៅ​ថ្ងៃ​ម្សិលមិញ​ថា បើ​គណបក្ស​ប្រជា​កម្ពុជា​នៅតែ​បន្ត​រំខាន​ដល់​ការជួបជុំ​របស់ខ្លួន​ទៀត​នោះ គណបក្ស​ប្រឆាំង​មួយ​នេះ នឹង​បញ្ឈប់​ការចរចា ដោះស្រាយ​វិបត្តិ​នយោបាយ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​។ តែ​កន្លង​មក​មន្ត្រី​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​អះអាងថា ពួកគេ​មិន​ដែល​រៀបចំ​ដល់​ការរំខាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ផ្ទុយ​វិញ​មាន​តែ​ដាក់​កម្លាំង​ដើម្បី​ការពារ​ក្នុងនាម​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕



No comments:

Post a Comment