រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា (ឆ្វេង) និងប្រធានក្រុមអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតក្រោយជំនួបនាមន្ទីរព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៤។
RFA/Tin Zakariya
បទវិភាគ៖ តើ ការចរចា បញ្ចប់បញ្ហា នយោបាយ អាចកើតមានឆាប់ៗ ដែរឬទេ?
ដោយ កែវ និមល / អស៊ីសេរី | ២០ កុម្ភៈ ២០១៤
ការបោះឆ្នោតសភាជាតិបានចប់ជាយូរមកហើយ ហើយលទ្ធផលក៏បានប្រកាសជាផ្លូវការទៀត។ ចំណែកនីតិវិធីប្ដឹងតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត បានផុតកំណត់ចប់សព្វគ្រប់ហើយដែរ។ ប៉ុន្តែ គណបក្សប្រឆាំងមិនអាចទទួលយកបាន និងចាត់ទុកថា លទ្ធផលកើតមានពីការបោះឆ្នោតនោះ ពោរពេញទៅដោយការលួចបន្លំ។
នៅខណៈគណបក្សប្រឆាំងមិនព្រមទទួលយកលទ្ធផលបោះឆ្នោត និងចេញតវ៉ាតាមរូបភាពផ្សេងៗនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ក៏ចេះតែបន្តរៀបចំដំណើរការគ្រប់គ្រងប្រទេសជាបណ្ដើរតែម្នាក់ឯង ដោយប្រើពាក្យថា «រទេះចេះតែទៅ ឆ្កែនៅតែព្រួស»។
តើជំនួបចរចារវាងក្រុមបច្ចេកទេសនៃបក្សទាំងពីរ នៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៤ នេះ អាចជាចំណុចចាប់ផ្ដើមនៃការបញ្ចប់វិបត្តិនយោបាយ ដែលអូសបន្លាយអស់រយៈពេលជិត ៧ខែនេះទេ?
ការបោះឆ្នោតបានកន្លងទៅ ៦ខែហើយ ហើយការចោទប្រកាន់របស់គណបក្សប្រឆាំង ចំពោះភាពមិនត្រឹមត្រូវរបស់ស្ថាប័នបង្កើតឡើងក្រោយការបោះឆ្នោត គឺនៅតែបន្ត។
ការតវ៉ានានារបស់គណបក្សប្រឆាំងចំពោះគណបក្សកាន់អំណាចនោះ តាមរយៈសកម្មភាពផ្សេងៗ បានធ្វើឲ្យប្រធាន អនុប្រធានគណបក្សសង្គ្រោះជាតិ និងតំណាងសង្គមស៊ីវិលមួយចំនួន ជាប់ឈ្មោះក្នុងពាក្យប្ដឹងនៅតុលាការក្រុងភ្នំពេញ ដែលអនុញ្ញាតឲ្យចៅក្រមតុលាការនោះអាចកោះហៅទៅសាកសួរ ឬចេញដីកាចាប់ខ្លួន ឃាត់ខ្លួននៅម៉ោងណាក៏បាន។ ក្រៅពីមានអ្នកជាប់ឈ្មោះក្នុងបញ្ជីសាកសួររបស់តុលាការក្រុងនោះ មានកម្មករ និងសកម្មជនសិទ្ធិមនុស្ស ២១នាក់ កំពុងជាប់ឃុំនៅគុកត្រពាំងផ្លុង ក្រោមបទចោទថា ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងទី២ បទធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ។
ឥឡូវនេះ គឺមានតែការដោះស្រាយតាមផ្លូវតុចរចាប៉ុណ្ណោះ ពីព្រោះការសាកកម្លាំងតាមដងផ្លូវ បានបង្ហាញថា គណបក្សសង្គ្រោះជាតិ មិនហ៊ានប្រើវិធានការ «អំណាចប្រជាជន» ដើម្បីដកហូតអំណាចដឹកនាំប្រទេសពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចឡើយ។
តើការចរចាអាចដោះស្រាយជម្លោះនយោបាយនេះបានឬទេ? ការចរចាបានចាប់ផ្ដើមជុំទីពីរម្តងទៀតហើយ ក្រោយពីការចរចាជុំទី១បានចប់ទៅ ដោយគ្មានលទ្ធផលដុំកំភួនអីក្នុងការបញ្ចប់ជម្លោះនយោបាយនេះ។ ប្រជាពលរដ្ឋទូទាំងប្រទេសនៅរង់ចាំលទ្ធផលការជួបចរចាគ្នា រវាងតំណាងគណបក្សទាំង២យ៉ាងអន្ទះសា និងចង់ដឹងថា តើចុងក្រោយគណបក្សប្រឆាំងបានទទួលអ្វីដែលខ្លួនប្រកាសទាមទារដែរឬទេ?
ការសាកកម្លាំងគ្នារវាងអ្នកគាំទ្រគណបក្សកាន់អំណាច និងគណបក្សប្រឆាំង នៅតាមដងផ្លូវសាធារណៈកន្លងទៅ បានគំរាមគ្នាទៅវិញទៅមក។ ហើយចុងក្រោយ គណបក្សកាន់អំណាចបានសម្រេចស្វែងរកការគាំទ្រពីកងទាហានប្រដាប់ដោយអាវុធ បាញ់បង្ក្រាបអ្នកគាំទ្រគណបក្សប្រឆាំង ក្រោមរូបភាពតវ៉ាផ្សេងៗ។ ការស្វែងរកការគាំទ្រកងទ័ពពីសំណាក់គណបក្សកាន់អំណាចនោះ មានភាពងាយស្រួលជាទីបំផុត ពីព្រោះសមាជិកជាន់ខ្ពស់របស់គណបក្សកាន់អំណាចមួយចំនួន គឺជាមេបញ្ជាការយោធាជាន់ខ្ពស់។ ចំពោះគណបក្សប្រឆាំងវិញ បើទោះជាមាននាយទាហាន នាយប៉ូលិស នាយប៉េអិមមួយចំនួនគាំទ្រក៏ដោយ ក៏ពួកគេមិនហ៊ានបង្ហាញអត្តសញ្ញាណដែរ ពីព្រោះខ្លាចទទួលរងការដាក់ទោសពិន័យពីសំណាក់មេបញ្ជាការរបស់ពួកគេ ដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាច។
អ្នកតាមដានសភាពការណ៍នយោបាយកម្ពុជា មួយចំនួនយល់ថា ការអូសបន្លាយការដោះស្រាយទំនាស់នយោបាយរវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចកាន់តែយូរ គឺធ្វើឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរមានការខាតបង់កាន់តែច្រើន។ ការខាតបង់ទាំងនោះ មានដូចជា ការផ្អាកវិនិយោគរបស់ជនបរទេស ការផ្អាកសំណង់ និងគម្រោងមួយចំនួន ដោយសារភាពមិនច្បាស់លាស់នៃសភាពការណ៍នយោបាយ ភាពមិនប្រាកដប្រជារបស់អ្នកនយោបាយ និងភាពមិនស្របច្បាប់នៃរដ្ឋាភិបាលបច្ចុប្បន្ន ដោយសារប្រទេសមួយចំនួនមិនបញ្ជាក់ឲ្យបានច្បាស់លាស់ថា ខ្លួនទទួលស្គាល់ ឬបដិសេធ។
ប៉ុន្តែ ប្រជាពលរដ្ឋមួយចំនួនយល់ថា ការចូលរួមរបស់គណបក្សប្រឆាំង ដែលមិនទាន់ទទួលបានការសន្យាណាមួយ សម្រាប់ប្រយោជន៍ជាតិពីគណបក្សប្រជាជន គឺវាអាចធ្វើឲ្យគណបក្សប្រឆាំងចុះទន់ខ្សោយ ពីព្រោះម្ចាស់ឆ្នោតដែលបានបោះឆ្នោតជូនបក្សសង្គ្រោះជាតិ គឺចង់អោយមានការផ្លាស់ប្ដូរសង្គម ពីសង្គមដែលពុករលួយ មកសង្គមស្អាតស្អំ ពីសង្គមនិទ្ទណ្ឌភាព មកសង្គមនីតិរដ្ឋ ពីសង្គមខ្វះការងារធ្វើ មកសង្គមសម្បូរការងារធ្វើ ពីសង្គមដែលមន្ត្រីរាជការទទួលបានប្រាក់រស់ទាំងត្រដរ មកសង្គមមានប្រាក់ខែសមរម្យថ្លៃថ្នូរ។ល។ និយាយឲ្យចំទៅ គឺប្រជាពលរដ្ឋមួយចំនួនភ័យខ្លាចគណបក្សកាន់អំណាចលេបគណបក្សប្រឆាំង ធ្វើឲ្យការតស៊ូរបស់គណបក្សប្រឆាំងជួបភាពបរាជ័យ ហើយអ្វីៗដែលគណបក្សនេះបានប្ដេជ្ញាសន្យាជាមួយពលរដ្ឋកន្លងមក នឹងមិនអាចសម្រេចទៅបាន បន្ទាប់ពីចូលរួមរដ្ឋសភាដោយគ្មានលក្ខខណ្ឌអ្វីច្បាស់លាស់ពីគណបក្សប្រជាជន។
គណបក្សប្រជាជនកម្ពុជា ធ្លាប់មានស្នាដៃខាងបំបែកបំបាក់ ជាពិសេសគឺអនុប្រធានគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់តែម្តង ដែលបានបំបែកអង្គការចាត់តាំងរបស់ពួកខ្មែរក្រហម អោយដួលរលំ។ លោកនាយករដ្ឋមន្ត្រីក៏បានបំបែកកម្លាំងនយោបាយជំទាស់ គឺធ្វើអោយគណបក្សហ៊្វុនស៊ិនប៉ិច ចុះខ្សោយ និងបែកបាក់ខ្ទេចខ្ទីជាច្រើនក្រុម។
អ្វីដែលគណបក្សកាន់អំណាចមានការបារម្ភក្នុងពេលបច្ចុប្បន្ន គឺនិន្នាការទាមទារផ្លាស់ប្តូររបស់មនុស្សជំនាន់ថ្មី ដែលបានរៀនសូត្ររីកធំលូតលាស់ក្រោយឆ្នាំ១៩៧៩ ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រឆាំង។ ចរន្ត និងកម្លាំងគាំទ្ររបស់មនុស្សជំនាន់ថ្មីនេះ អាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់សំឡេងគាំទ្រច្រើន។ ជាក់ស្តែង ក្នុងការបោះឆ្នោតឆ្នាំ២០១៣ នេះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បានបាត់បង់កៅអីសភាពីចំនួន ៩០កៅអី មក ៦៨កៅអី។
ចំណុចខ្វែងទំនាស់គ្នាសំខាន់រវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចក្នុងពេលបច្ចុប្បន្ន គឺគណបក្សប្រឆាំងចាត់ទុកថា លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា កន្លងមក គឺមិនត្រឹមត្រូវ ហើយសុំឲ្យមានការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតឡើងវិញ និងបើមានកំហុសច្រើន គឺសុំឲ្យមានការរៀបចំបោះឆ្នោតឡើងវិញមុនអាណត្តិ។ ប៉ុន្តែ មន្ត្រីគណបក្សកាន់អំណាចបាននិយាយថា បើសិនជាគណបក្សប្រឆាំងយល់ថា លទ្ធផលបោះឆ្នោតនោះមិនត្រឹមត្រូវ សុំឲ្យតំណាងគណបក្សប្រឆាំងបង្ហាញឯកសារភស្តុតាង ដែលអាចយកជាការបានថា ការបោះឆ្នោតនោះពិតជាមានកំហុសច្រើន ដែលប៉ះពាល់ទៅដល់លទ្ធផលបោះឆ្នោត ហើយមិនអាចទទួលយកបាន។
ទោះជាយ៉ាងណា អង្គការ ERA ដែលជាសម្ព័ន្ធបណ្ដុំនូវអង្គការឃ្លាំមើលការបោះឆ្នោតធំៗចំនួនជិត២០ បានចេញរបាយការណ៍ចំនួន ៥១ទំព័រ ចុះកាលបរិច្ឆេទខែវិច្ឆិកា ឆ្នាំ២០១៣ បញ្ជាក់ថា ការបោះឆ្នោតសភាជាតិកាលពីខែកក្កដា ឆ្នាំ២០១៣ ពិតជាមានបញ្ហាមិនប្រក្រតីធ្ងន់ធ្ងរ ខុសពីស្តង់ដារអន្តរជាតិ។
អំពីការបង្ក្រាបវិញ នៅក្នុងពេលដែលគណបក្សប្រឆាំងនៅតែបន្តតវ៉ាកាន់តែយូរ និងកាន់តែច្រើនរូបភាពនោះ ការបង្ក្រាបរបស់អាជ្ញាធរគាំទ្រគណបក្សកាន់អំណាច កាន់តែខ្លាំងដែរ និងកាន់តែសាហាវដែរ ដោយមានទាំងការបាញ់បង្ក្រាបដោយប្រើគ្រាប់កាំភ្លើងពិត ការចាប់ចងវាយដំបែកឈាម និងការចោទប្រកាន់តាមផ្លូវតុលាការ ជាដើម។
ចុងក្រោយនេះ ហេតុការណ៍កើតមាននៅស្រុកស្អាង ខេត្តកណ្ដាល នៅខេត្តកំពង់ចាម និងនៅខេត្តកំពង់ធំ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានចាប់ផ្ដើមប្រើមធ្យោបាយតបតដោយកម្លាំងហិង្សា គឺតាមពាក្យសម្ដីរបស់ លោក ហ៊ុន សែន កន្លងមក គឺវិធីយកបន្លាជោះបន្លា ដែលវិធីនេះត្រូវរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាននានា។
គណបក្សសង្គ្រោះជាតិ គ្មានកម្លាំងទ័ព គ្មានកម្លាំងប្រដាប់អាវុធ និងគ្មានបរទេសណាហ៊ានផ្តល់អាវុធគាំទ្រទៅឲ្យដែរ។ ហើយមនុស្សដែលគាំទ្រគណបក្សសង្គ្រោះជាតិ ភាគច្រើន គឺជាអ្នកស្អប់ខ្ពើមអំពើអយុត្តិធម៌ បញ្ហាពុករលួយ ការលួចទ្រព្យសម្បត្តិជាតិ និងឧក្រិដ្ឋកម្មព្រៃឈើ ជាដើម គណបក្សសង្គ្រោះជាតិ ខ្លួនឯងតែងបានប្រកាសថា ការតវ៉ានានារបស់ខ្លួន គឺប្រើរូបភាពអហិង្សាដែរ។ តែចំពោះគណបក្សកាន់អំណាចវិញ បានប្រកាសថា នឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារសណ្ដាប់ធ្នាប់សង្គម ការពារទ្រព្យសម្បត្តិ និងជំនឿអ្នកវិនិយោគ ការពាររដ្ឋធម្មនុញ្ញ។
ពិនិត្យតាមការជាក់ស្តែង គណបក្សសង្គ្រោះជាតិ នៅមានពេលវេលា និងឱកាសជាច្រើនទៀត ដើម្បីផ្ដួលគណបក្សប្រជាជនកម្ពុជា តាមរយៈវេទិកាជាតិ និងអន្តរជាតិនានា និងជាពិសេស បើសិនជាគណបក្សប្រជាជនកម្ពុជា មិនអាចធ្វើការកែទម្រង់ឆ្លើយតបសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋទេ ប្រហែលជាចំនួនកៅអីក្នុងសភារបស់គណបក្សប្រជាជនកម្ពុជា អាចចុះកាន់តែតិចជាងបច្ចុប្បន្នទៅទៀត។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជា ក៏មិនទាន់ប្រើអស់ស្នៀតផ្ដួលរំលំគណបក្សសង្គ្រោះជាតិ នៅឡើយ។ គណបក្សប្រជាជនកម្ពុជា អាចប្រើវិធីទាក់ទាញទិញទឹកចិត្តអ្នកតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ និងសមាជិកគណបក្សមួយចំនួន ដើម្បីបំបែកគណបក្សសង្គ្រោះជាតិ បានទៀតផង។ រឿងល្បិចស្រីស្អាត ស្រាឆ្ងាញ់ លុយសំណូក ទ្រព្យសម្បត្តិមហាសាលនេះ មានមនុស្សលោកតិចណាស់ដែលអាចលោតរំលងបាន។ ហើយវិធីនេះ មនុស្សលោកបានប្រើវារាប់រយពាន់ឆ្នាំមកហើយ នឹងនៅតែមានប្រសិទ្ធភាពជានិច្ច។
ទោះជាយ៉ាងណា អ្នកសង្កេតការណ៍នយោបាយខ្លះបានអោយដឹងថា គណបក្សសង្គ្រោះជាតិ នៅមិនទាន់មានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រងប្រទេសគ្រប់គ្រាន់នៅឡើយទេ ពីព្រោះការប្រកួតដណ្ដើមរដ្ឋអំណាច វាជាភារកិច្ចលំបាកមួយទៅហើយ ប៉ុន្តែការគ្រប់គ្រងរដ្ឋអំណាចដឹកនាំមនុស្ស និងស្ថាប័ន វារឹតតែលំបាកជាងការវាយដណ្ដើមយកអំណាចទៅទៀត។ ប៉ុន្តែ មតិមួយទៀតអោយដឹងថា រឿងសមត្ថភាពគ្រប់គ្រងប្រទេសជារឿងដោយឡែក។ រឿងសំខាន់ គឺសច្ចភាពនៃលទ្ធផលបោះឆ្នោត ថាតើអ្នកណាជាអ្នកឈ្នះឆ្នោតពិតប្រាកដ។
ទោះជាយ៉ាងណា គេសង្កេតឃើញថា គណបក្សសង្គ្រោះជាតិ បានបន្ទន់ជំហររបស់ខ្លួនជាច្រើន បន្ទាប់ពីដឹងថា គណបក្សប្រជាជន មិនព្រមតាមការទាមទាររបស់ខ្លួន។ ដំបូង គណបក្សសង្គ្រោះជាតិ បានទាមទារអោយបង្កើតគណៈកម្មាធិការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។ ក្រោយពេលធ្វើមហាបាតុកម្មជាច្រើនដង និងត្រូវកម្លាំងរដ្ឋាភិបាលប្រើហិង្សាបង្ក្រាប ហើយគណបក្សប្រជាជនកម្ពុជា នៅតែមិនព្រម ក៏បន្ថយមកត្រឹមទាមទារ ៤ចំណុចខាងក្រោម ដោយទុកការទាមទាររកការពិតនៃការបោះឆ្នោតមួយអន្លើសិន។
ទី១ គឺទាមទារអោយមានការបោះឆ្នោតមុនអាណត្តិ។ ទី២ គឺទាមទារអោយគណបក្សសង្គ្រោះជាតិ មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដូចគណបក្សប្រជាជន ដែរ។ ទី៣ គឺទាមទារអោយមានការកែទម្រង់ការបោះឆ្នោត។ ទី៤ គឺទាមទារអោយមានចំនួនសមាជិកក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្មើគ្នាជាមួយគណបក្សប្រជាជន។ ក្នុងចំណោមការទាមទារទាំងបួននេះ ចំណុចដែលគណបក្សប្រជាជនកម្ពុជា ទំនងជាមិនចង់យល់ព្រមជាមួយគណបក្សសង្គ្រោះជាតិ នោះ គឺប្រហែលជាចំណុចទី១ និងទី២ គឺការបោះឆ្នោតមុនអាណត្តិ និងការយល់ព្រមអោយគណបក្សប្រឆាំងមានប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន។
ទោះជាយ៉ាងណា លទ្ធផលនៃកិច្ចប្រជុំនៃគណបក្សទាំងពីរ កាលពីថ្ងៃអង្គារ ទី១៨ កុម្ភៈ ទំនងជាអាចជាចំណុចផ្ដើមនៃការបញ្ចប់វិបត្តិជាប់គាំងនយោបាយនៅកម្ពុជា ដែលបានអូសបន្លាយជាយូរខែមកហើយ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៣។ បើទោះជាមិនទាន់ដឹងអំពីលទ្ធផលជាក់លាក់នៃកិច្ចប្រជុំរយៈពេលជាង ២ម៉ោងនោះក៏ដោយ ប៉ុន្តែតំណាងគណបក្សទាំងពីរបានប្រកាសក្រោយកិច្ចប្រជុំថា បានទទួលជោគជ័យក្នុងការពិភាក្សាគ្នាអំពីកំណែទម្រង់យន្តការបោះឆ្នោត។
ចំពោះស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន គណបក្សទាំងពីរហាក់បីដូចជាស្ថិតនៅក្នុងភាពទាល់ច្រករៀងៗខ្លួន។ គណបក្សសង្គ្រោះជាតិ មិនអាចដឹកនាំធ្វើបាតុកម្មអហិង្សាបាន ដូចកាលពីមុន ដោយមានការបង្ក្រាប លុះត្រាតែសម្រេចចិត្តថា ហ៊ានប្រឈមប្រថុយនឹងការលះបង់ជីវិត។ រីឯរដ្ឋាភិបាលវិញ ក៏ប្រឈមនឹងបញ្ហាមួយចំនួនក្នុងការអភិវឌ្ឍប្រទេស ពីព្រោះថា ក្នុង១ឆ្នាំៗ រដ្ឋាភិបាលត្រូវការថវិកាប្រមាណ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីបរទេស ជាប្រភេទជំនួយឥតចំណងផង និងជាប្រភេទខ្ចីបុលគេផង។ បើនៅតែជាប់គាំងនយោបាយបែបនេះ ប្រហែលប្រទេសម្ចាស់ជំនួយធំៗមិនផ្តល់អោយទេ។
បើនិយាយពីការចរចាវិញ ទោះជាការចរចានយោបាយក្តី ឬការចរចាអ្វីៗដទៃទៀតក្តី គឺភាគីនីមួយៗត្រូវមានការលះបង់ខ្លះ ដើម្បីទទួលបានអ្វីខ្លះមកវិញ។ បើគ្មានការសម្រួល និងការលះបង់ខ្លះទេ វាមិនមែនជាការចរចាទេ នេះជាគោលការណ៍នៃការចរចា។ គឺភាគីមួយមិនអាចយកឈ្នះអោយបាន ឬសម្រេចអោយបាននូវអ្វីដែលខ្លួនចង់បានទាំងអស់នោះទេ។ អ្វីដែលសំខាន់ដែលម្ចាស់ឆ្នោតមើលឃើញទាំងអន្ទះសានៅពេលនេះ គឺភាគីនៃបក្សនយោបាយទាំងពីរត្រូវទុកប្រយោជន៍ជាតិខ្ពស់ជាងប្រយោជន៍បក្ស និងប្រយោជន៍បុគ្គល៕
No comments:
Post a Comment