Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

សង្គម​ស៊ីវិល​ រិះគន់​ ភាព​ខ្វះ​ចន្លោះ ​ជុំវិញ​ ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី

យុវជន​ស្ម័គ្រ​ចិត្ត​វាស់​ដី ៣០៥
ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដីធ្លី​ចំនួន​ជាង ២.០០០នាក់ ចាក​ចេញ​ពី​កោះ​ពេជ្រ ទៅ​ខេត្ត​ចំនួន​១៩ ដើម្បី​វាស់​វែង​ដីធ្លី​រយៈពេល​៦ខែ សម្រាប់​វគ្គ​ទី២ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៣។

សង្គម​ស៊ីវិល​ រិះគន់​ ភាព​ខ្វះ​ចន្លោះ ​ជុំវិញ​ ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី

ដោយ កែវ និមល / អាស៊ីសេរី | ១២ កុម្ភៈ ២០១៤
ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ប្រកាស​ថា គិត​មក​ទល់​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៤ នេះ រដ្ឋាភិបាល​បាន​សម្រេច​ចុះ​បញ្ជី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​សរុប​ទូទាំង​ប្រទេស​បាន​ចំនួន ៣.៣​លាន​ក្បាល​ដី​ហើយ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​បាន​រិះគន់​ថា ការងារ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នោះ នៅ​យឺតយ៉ាវ និង​បញ្ហា​ដីធ្លី​គឺ​ជា​ទំនាស់​សំខាន់​មួយ​នៅ​ក្នុង​សង្គម​ក្នុង​ពេល​បច្ចុប្បន្ន។
មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ទទួល​ស្គាល់​ចំពោះ​ការ​ប្រឹងប្រែង​របស់​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ដី​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​អ្នក​ខ្វះ​ដី​តាម​រូបភាព​រដ្ឋាភិបាល​ធ្វើ​ប្រទានកម្ម និង​ផ្ដល់​សម្បទាន​ដី​សង្គម​កិច្ច។ ប៉ុន្តែ​ពួកគេ​បាន​រិះគន់​ថា នីតិវិធី​តវ៉ា និង​ដោះស្រាយ​ទំនាស់​ក្នុង​កិច្ច​ដំណើរការ​ផ្ដល់​ដី និង​វាស់ដី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​នោះ នៅ​មាន​ការ​ខ្វះ​ចន្លោះ​ជា​ច្រើន។
លោក អ៊ូច ឡេង ប្រធាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​លើ​ការងារ​ដីធ្លី ឈ្មោះ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ថា ការ​ផ្ដល់​កម្មសិទ្ធិ​ដី​នោះ នៅ​មិន​ទាន់​ឆ្លើយ​តប​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឡើយ​ទេ។ ជា​ពិសេស ការ​ផ្ដល់​កម្មសិទ្ធិ​ដី​នោះ បើ​ផ្ដល់​ឲ្យ​បាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ គឺ​មាន​ប្រយោជន៍​ជាង​ផ្ដល់​ឲ្យ​ក្រុមហ៊ុន ពីព្រោះ​មាន​ក្រុមហ៊ុន​ខ្លះ​មិន​បាន​ដាំដុះ​អ្វី​នៅ​លើ​ដី​ដែល​រដ្ឋ​ផ្ដល់​សម្បទាន​ឲ្យ​ទេ៖ «ការ​ផ្តល់​ក្បាល​ដី​មិន​ទាន់​បញ្ចប់​ទេ។ តាម​ខ្ញុំ​គឺ​បាន​ពី ៥% ទៅ ១០% ប៉ុណ្ណោះ​ទេ។ យើង​គិត​ថា ផ្ទៃ​ដី​ធំធេង​ណាស់​ដែល​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន»
ចំណែក​លោក ឡាត់ គី មន្ត្រី​កម្មវិធី​ដីធ្លី​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក មាន​ប្រសាសន៍​ថា ការ​ផ្ដល់​កម្មសិទ្ធិ​ដី​នៅ​កម្ពុជា នេះ ភាគ​ច្រើន​បាន​ដល់​ដៃ​អ្នក​មាន​ធនធាន​ប៉ុណ្ណោះ ទោះ​បី​ផ្ដល់​តាម​រូបភាព​ការ​ធ្វើ​ប្រទានកម្ម ឬ​ការ​ផ្ដល់​តាម​រូបភាព​សម្បទាន​ដី​សង្គមកិច្ច​ក៏ដោយ។
លោក ឡាត់ គី បាន​បន្ថែម​ឲ្យ​ដឹង​ថា ចំពោះ​ការ​វាស់ដី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​វិញ គឺ​មាន​បញ្ហា​មិន​ប្រក្រតី​ជា​ច្រើន ដូចជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​បាន​ទូលាយ​ធ្វើ​ឲ្យ​ម្ចាស់​ដី​បាន​ត្រៀម​ខ្លួន​ពេល​មាន​ការ​តវ៉ា​មិន​មាន​ចម្លើយ​ដោះស្រាយ​ភ្លាមៗ ហើយ​ការ​វាស់​តាម​បទបញ្ជា ០១ របស់​រដ្ឋាភិបាល​នោះ បាន​ជា​ប្រយោជន៍​ដល់​អ្នក​មាន​លុយ​ច្រើន​ជាង​អ្នក​ក្រ៖ «គោលជំហរ​ដែល​ប្រកាស​ខ្ញុំ​ទទួល​ស្គាល់​ថា ពិត​ជា​ល្អ​មែន​នៅ​ក្នុង​គោលដៅ​ជួយ​ទៅ​ដល់​អ្នក​ក្រីក្រ។ ប៉ុន្តែ​ជាក់ស្តែង​អ្នក​ទទួល​បាន​ផល​ប្រយោជន៍ លាភ​សក្ការៈ​ពី​សកម្មភាព​នេះ ខ្ញុំ​គិត​ថា ភាគ​តិច​ណាស់​ជា​ជន​ក្រីក្រ​ពិត​ប្រាកដ។ អា​នេះ​យើង​បាន​ទទួល​ជា​ច្រើន​តាម​របាយការណ៍ ហើយ​ភាគ​ច្រើន​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន ​គឺ​ជា​អ្នក​មាន និង​អ្នក​មាន​អំណាច»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្រ្តី​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ទេ ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម និង​ឆ្លើយ​តប​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ឲ្យ​ដឹង​ថា សកម្មភាព​ធ្វើ​ប្រទានកម្ម​និង​ចុះ​បញ្ជី​ដីធ្លី​ចេញ​ប័ណ្ណ​តាម​បទបញ្ជា ០១ របស់​រដ្ឋាភិបាល បាន​អនុវត្ត​នៅ ៣៥៧​ឃុំ នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​វាស់វែង​បាន​ដី ៧១​ម៉ឺន​ក្បាល​ដី និង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ស្ថាពរ​ដល់​ដៃ​ប្រជាពលរដ្ឋ​ជាង ៤៥​ម៉ឺន​ប័ណ្ណ។
កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន​ជាង ៤​ពាន់​នាក់ (៤.០០០) នៅ​កោះពេជ្រ​ថា សកម្មភាព​វាស់ដី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ធ្វើ​ត​ទៅ​ទៀត ជា​ពិសេស​ត្រូវ​ធ្វើ​ដោយ​និស្សិត​ជាង ៦០០​នាក់ ដែល​បាន​ប្រឡង​ជាប់​ជា​មន្ត្រី​សុរិយោដី​ក្នុង​ពេល​ចុះ​ទៅ​វាស់​ដី​ដោយ​ស្ម័គ្រ​ចិត្ត​តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​មុន​ពេល​បោះ​ឆ្នោត​កន្លង​ទៅ។
ទំនាស់​ក្នុង​ការ​ដណ្តើម​កាន់​កាប់​ដី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​នៅ​តែ​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ បើ​ទោះ​បី​ជា​មាន​គោលនយោបាយ​រដ្ឋាភិបាល និង​មាន​ក្រុម​ការងារ​ចុះ​ទៅ​វាស់​ដី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ក៏ដោយ។ មាន​សំណុំ​រឿង​ទំនាស់​ដី​ខ្លះ​បាន​កើត​មាន និង​មិន​ទាន់​ដោះស្រាយ​ចេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដូចជា​ករណី​ទំនាស់​ដី​នៅ​បឹងកក់ នៅ​បុរីកីឡា នៅ​ភូមិ​ឡពាង ខេត្ត​កំពង់ឆ្នាំង ទំនាស់​ដី​នៅ​តំបន់​បឹងប្រាំ ក្នុង​ខេត្ត​បាត់ដំបង ជាដើម៕


No comments:

Post a Comment