សហជីព នឹងដាក់លិខិត ទៅមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ក្នុងសប្តាហ៍នេះ ដើម្បីបំភ្លឺ ករណីកម្មករ
ដោយ៖ កាន់ វិច្ឆិកា / វីអូឌី | ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014
សហព័ន្ធសហជីពចំនួន១៦ គ្រោងនឹងដាក់លិខិតអញ្ជើញមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន នៅក្នុងសប្តាហ៍នេះ ដើម្បីទៅឆ្លើយបំភ្លឺចំពោះមុខកម្មករ និងមន្ត្រីរាជការ ក្នុងវេទិកាសាធារណៈមួយ ជុំវិញករណីបង្ក្រាប ការចាប់ខ្លួន និងការមិនព្រមដំឡើងប្រាក់ខែគោល ១៦០ដុល្លារជូនកម្មករ ទៅតាមការទាមទារ។
វេទិកាសាធារណៈនោះ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ខែមិនា ខាងមុខនេះ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជាសហជីពមួយក្នុងចំណោមសហព័ន្ធសហជីពទាំង១៦ មានប្រសាសន៍ប្រាប់វីអូឌីនៅព្រឹកថ្ងៃចន្ទនេះថា លិខិតអញ្ជើញរបស់សហព័ន្ធសហជីពនឹងត្រូវដាក់ក្នុងសប្តាហ៍នេះ ដោយអញ្ជើញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ប្រចាំការទទួលបន្ទុកបេសកកម្មពិសេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ មកធ្វើការបំភ្លឺជុំវិញករណី នៃការបង្ក្រាប ការចាប់ខ្លួន និងការមិនព្រមដំឡើងប្រាក់ខែសម្រាប់កម្មករ កម្មការិនី «យើងគ្រោងរៀបចំវេទិកាសាធារណៈ នៅថ្ងៃទី៨ ហេតុដូច្នេះហើយ វេទិកាសាធារណៈនេះ និយាយអំពីការចាប់ខ្លួន ការមិនឡើងប្រាក់ខែ ការបង្ក្រាប យើងអញ្ជើញអ្នកសំខាន់ៗ ដូចជាឯកឧត្តម ស ខេង ឯកឧត្តម គាត ឈន់ ឯកឧត្តម អ៊ិត សំហេង ហើយនិងលោក ជីវ កេង ប្រធានតុលាការក្រុង ដើម្បីមកដើម្បីឲ្យគាត់ឆ្លើយបំភ្លឺជាមួយកម្មករ ដែលសួរហ្នឹងទៅ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា យោងតាមផ្លូវច្បាប់ អ្នកដែលអាចអញ្ជើញទៅបំភ្លឺបានមានតែសភាប៉ុណ្ណោះ សហជីពមិនអាចអញ្ជើញរដ្ឋមន្ត្រី ឬទេសរដ្ឋមន្ត្រីទៅបំភ្លឺបានទេ លុះត្រាតែសហជីពនោះធ្វើតាមរយៈសភា ដែលមានគណបក្សសង្គ្រោះជាតិជាអ្នកចូលរួម «ដូចជា សុំកុំដេកយល់សប្តិអី ធ្វើតាមច្បាប់ទម្លាប់ត្រឹមត្រូវ អ្នកដែលអញ្ជើញរដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រីឯណាបាន មានតែសភាទេ ទាល់តែគណបក្សសង្គ្រោះជាតិ ចូលសភាទៅ ចង់បំភ្លឺអ្វីធ្វើតាមរយៈសភា»។
ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក មឿន តុលា យល់ថា ការដាក់លិខិតអញ្ជើញថ្នាក់ដឹកនាំ នេះជាយុទ្ធសាស្ត្រថ្មី និងល្អ ដើម្បីឲ្យថ្នាក់ដឹកនាំបានដឹងពីសុខទុក្ខ និងយកចិត្តទុកដាក់ក្នុងការឆ្លើយតបជាវិជ្ជមានមកកាន់ប្រជាពលរដ្ឋវិញ «សហជីបនោះ គាត់គ្រងធ្វើជា វេទិកាសាធារណៈ អញ្ចឹងការអញ្ជើញសមាជិករដ្ឋាភិបាល មកឆ្លើយ មកពន្យល់ដល់ប្រជាពលរដ្ឋនោះ វាជារឿងមួយដែលខ្ញុំមិនមើលឃើញថា វាខុសនឹងច្បាប់អ្វីមួយទេ ផ្ទុយទៅវិញ វាស្របជាមួយរដ្ឋធម្មនុញ្ញ ហើយវាជួយដល់ មេដឹកនាំទាំងអស់នោះ ឲ្យបានស្តាប់ឮនូវកង្វល់ ពិតប្រាកដពីប្រជាពលរដ្ឋ ដែលមានបញ្ហាហ្នឹង ហើយមិនចាំបាច់ ទទួលព័ត៌មានរាយការណ៍ពីអ្នកខាងក្រោមៗ មានពេលខ្លះរាយការណ៍ខុសទៀតក៏មានដែរ»។
ខណៈដែលសហជីពធំៗ និងសមាគមចំនួន១៦ គ្រោងនឹងដាក់លិខិតអញ្ជើញ រដ្ឋមន្ត្រីក្រសួងដែលពាក់ព័ន្ធមួយចំនួន មកបំភ្លឺជុំវិញករណី នៃការបង្ក្រាប ការចាប់ខ្លួន និងការមិនព្រមដំឡើងប្រាក់ខែនេះ បណ្តាសហជីពទាំង១៦ ដដែលនោះ ក៏នឹងចាប់ផ្តើមចែកខិត្តប័ណ្ណពីថ្ងៃទី១៩ ខែកុម្ភៈ ដល់កម្មករ កម្មការនី ឲ្យចូលរួមធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារដោះស្រាយបញ្ហារបស់កម្មករ ដំឡើងប្រាក់ខែគោល និងទាមទារឲ្យដោះលែងអ្នកជាប់ទាំង២១នាក់ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម បន្ទាប់ពីការដោះស្រាយមិនទទួលបានប្រសិទ្ធភាពក្នុងរយៈកាល កន្លងមក៕
No comments:
Post a Comment