ចាងហ្វាងកាសែត ក្នុងស្រុកមួយ ចោទ អាជ្ញាធរ ស្រុកស្រីសន្ធរ គំរាមចាប់ខ្លួន
ដោយ សូត សុខប្រាថ្នា / អាស៊ីសេរី | ១៦ កុម្ភៈ ២០១៤
ចាងហ្វាងកាសែតក្នុងស្រុកមួយឈ្មោះ បាយ័ន មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចស្រុកស្រីសន្ធរ បានគំរាមរកចាប់ខ្លួនលោក ប្រសិនលោកហ៊ានចូលលើទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកបញ្ជាក់ថា ការគំរាមនេះ បន្ទាប់ពីលោកបានចុះផ្សាយពីរឿងល្បែងស៊ីសង ពិសេសកន្ទុយលេខយួន នៅស្រុកស្រីសន្ធរ កាន់តែកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់អាជ្ញាធរស្រុកជាខ្លាំង។
ចាងហ្វាងកាសែតក្នុងស្រុកមួយឈ្មោះថា កាសែតបាយ័ន លោក សៀង ប៊ុនសុង បានមានប្រសាសន៍ថា កន្លងមកនេះលោកទទួលដំណឹងស្ដីពីការគំរាមរូបលោកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចស្រុកស្រីសន្ធរ ក្រោយពីចុះផ្សាយបានប្រហែលមួយសប្ដាហ៍ ពាក់ព័ន្ធនឹងអំពើពុករលួយបើកឲ្យមានល្បែងស៊ីសងតាមមូលដ្ឋាន។
លោក សៀង ប៊ុនសុង៖ «ប្រហែលជាមួយខែមុន ខ្ញុំកាសែតបាយ័ន ខ្ញុំបានចុះផ្សាយអំពីករណីល្បែងកន្ទុយលេខឆ្នោត នៅក្នុងទឹកដីឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ហើយក្រោយមកថ្មីៗនេះ មានព័ត៌មានលេចឮពីអ្នកកាសែតមួយចំនួនបានប្រាប់ខ្ញុំថា ប្រសិនណាខ្ញុំមានវត្តមាននៅទឹកដីស្រុកស្រីសន្ធរ សមត្ថកិច្ចស្រុកស្រីសន្ធរ នឹងធ្វើការចាប់ខ្លួនខ្ញុំ។ ហើយមកដល់ពេលនេះ ខ្ញុំកំពង់ចាម វត្តមាននៅក្នុងទឹកដីស្រុកស្រីសន្ធរដែរ ប៉ុន្តែមិនមានសមត្ថកិច្ចណាមួយមកធ្វើការឃាត់ខ្លួនខ្ញុំនោះទេ»។
លោកបញ្ជាក់ថា បើទោះបីជាមានការគំរាមរូបលោកបែបនេះ ក៏លោកមិនមានការភ័យខ្លាចនោះទេ ពីព្រោះអ្វីដែលកាសែតលោកចុះផ្សាយគឺរឿងពិត ប៉ុន្តែលោកគ្រាន់តែចង់បានយុត្តិធម៌ប៉ុណ្ណោះ។ លោកបន្ថែមថា កន្លងមករូបលោកដែលជាចាងហ្វាងកាសែត និងម្ចាស់គេហទំព័របាយ័ន មានទីស្នាក់ការនៅរាជធានីភ្នំពេញ ក៏ធ្លាប់មានការគំរាម និងការប៉ុនប៉ងសម្លាប់ជាច្រើនលើកច្រើនសាមកហើយ។
ឆ្លើយតបនឹងបញ្ហានេះ អធិការស្រុកស្រីសន្ធរ លោក ខេង ស្រេង បានបដិសេធទាំងស្រុងនូវអ្វីដែលចាងហ្វាងកាសែតបាយ័ន បានលើកឡើងមកនេះ។ លោកបញ្ជាក់ថា ខាងលោកនិងអាជ្ញាធរស្រុកផ្សេងទៀតមិនធ្លាប់បានប្រើពាក្យគំរាមដល់អ្នកកាសែតនោះឡើយ ហើយចំពោះករណីចាងហ្វាងកាសែតបាយ័ននេះ លោកគ្រាន់តែធ្លាប់ទូរស័ព្ទទៅប្រាប់ថា ការចុះផ្សាយនូវព័ត៌មានអ្វីមួយ គឺសុំឱ្យចុះផ្សាយប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវៈជាអ្នកកាសែត ពោលគឺមានភស្តុតាងច្បាស់លាស់ ពីព្រោះលោកយល់ថា ការចុះផ្សាយព័ត៌មានរបស់កាសែតបាយ័ន នៅពេលកន្លងមកអំពីស្ថានភាពល្បែងស៊ីសងនៅស្រុកស្រីសន្ធរ មិនមានចំណាត់ការពីខាងអាជ្ញាធរ និងបានចុះផ្សាយថា មានអាជ្ញាធរស្រុកខ្លះជាប់ពាក់ព័ន្ធនឹងរឿងនៅពីក្រោយខ្នងអ្នកលេងល្បែងទាំងនោះ គឺជារឿងមិនពិតនោះទេ។ លោកបន្ថែមថា ផ្ទុយពីអ្វីដែលកាសែតនេះបានចុះផ្សាយ ខាងអាជ្ញាធរស្រុកតែងតែចុះបង្ក្រាបករណីល្បែងទាំងនោះជារឿយៗ ហើយក៏មិនមានមន្ត្រីណាមួយជាប់ពាក់ព័ន្ធនឹងរឿងល្បែងនោះដែរ។
លោក ខេង ស្រេង៖ «បងដឹងហើយថា ប្រសិនបើគាត់មិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទេ មានសមត្ថកិច្ច នគរបាលណាទៅចាប់គាត់ទីមួយ។ ទីពីរប្រសិនបើគាត់ប្រព្រឹត្តបទល្មើសផ្សេងៗវាទាល់តែមានដីកាចាប់ខ្លួនបានចាប់គាត់បាន។ អ៊ីចឹងប្រសិនបើគាត់អត់ខុសផង មានរឿងអីទៅគំរាមកំហែងចាប់គាត់? ឥឡូវឱ្យគាត់ចូលមក ឱ្យគាត់នេះមក តើនរណាមួយទៅចាប់គាត់ តើនរណាមួយមានសិទ្ធិចាប់គាត់?»។
លោកបញ្ជាក់ថា ក្នុងការឃាត់ខ្លួន ឬចាប់ខ្លួននរណាម្នាក់ គឺទាល់តែមានដីកាពីតុលាការទើបធ្វើទៅបាន មិនមែនចេះតែដើរគំរាមគេនោះទេ។
វិទ្យុអាស៊ីសេរី មិនទាន់អាចស្នើសុំការបកស្រាយបន្ថែមពីសំណាក់អភិបាលស្រុកស្រីស្រីសន្ធរ គឺលោក ហេង វន្នី ចំពោះការគំរាមចាងហ្វាងកាសែតនេះនៅឡើយទេ នៅថ្ងៃ១៦ កុម្ភៈ។
កន្លងទៅថ្មីៗនេះ អាជីពជាអ្នកកាសែតត្រូវបានគេមើលឃើញថា មិនសូវទទួលបានគាំពារពីសំណាក់អាជ្ញាធរឱ្យបានគ្រប់គ្រាន់នោះឡើយ តួយ៉ាងដូចជាការវាយអ្នកយកព័ត៌មានអន្តរជាតិ អា.ហ្វែស.ប៉េ (AFP) នៅរាជធានីភ្នំពេញ ការសម្លាប់អ្នកកាសែតម្នាក់នៅខេត្តកំពង់ឆ្នាំង ការគំរាមកំហែង និងប្រើអំពើហិង្សាពីសំណាក់មន្ត្រីកងរាជអាវុធហត្ថលើអ្នកយកព័ត៌មានមនសិការខ្មែរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ១២ កុម្ភៈ ជាដើម៕
No comments:
Post a Comment