Paris Peace Accords 23 Oct. 1991

Monday, February 17, 2014

មន្ត្រី​ សាលាក្ដី​​ខ្មែរ​ក្រហម​ ប្រតិកម្ម​ ទៅ​នឹង​ការ​ផ្សាយ​ របស់​ ទស្សនាវដ្ដី​ អាមេរិក

នេត្រ ភក្ត្រា ៦១០
អ្នក​នាំ​ពាក្យ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លោក នេត្រ ភក្ត្រា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​២០១៣។

មន្ត្រី​ សាលាក្ដី​​ខ្មែរ​ក្រហម​ ប្រតិកម្ម​ ទៅ​នឹង​ការ​ផ្សាយ​ របស់​ ទស្សនាវដ្ដី​ អាមេរិក


ដោយ ឡេង ម៉ាលី /​ អាស៊ីសេរី | ១៦ កុម្ភៈ ២០១៤
មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា ប្រតិកម្ម​ទៅ​នឹង​ខ្លឹមសារ​អត្ថបទ​របស់​ទស្សនាវដ្ដី ថាម (Time Magazine) សហរដ្ឋអាមេរិក ដោយ​ថ្លែង​ថា សាលាក្ដី​ខ្មែរក្រហម​កំពុង​បំពេញ​ការងារ​របស់​ខ្លួន​បាន​ល្អ និង​ស្រប​តាម​ច្បាប់។
ប្រតិកម្ម​របស់​លោក នេត្រ ភក្ត្រា គឺ​បន្ទាប់​ពី​ទស្សនាវដ្ដី ថាម បាន​សរសេរ​អត្ថបទ​របស់​ខ្លួន​ដោយ​ដាក់​ចំណង​ជើង​ថា "ភាព​បរាជ័យ​របស់​សាលាក្ដី​ខ្មែរក្រហម​គួរ​ឱ្យ​ភ្ញាក់​ផ្អើល" ហើយ​ស្រង់​សម្ដី​ពី​កិច្ច​សម្ភាសន៍​ជាមួយ​មេធាវី​សិទ្ធិ​មនុស្ស សេង ធារី ដែល​ថា សាលា​ក្ដី​នេះ​លែង​ជា​សាលាក្ដី​ស្រប់​ច្បាប់​ទៀត​ហើយ។
ទាក់​នឹង​ការ​លើក​យក​បញ្ហា​ចាយ​លុយ​អស់​ប្រមាណ ២០០​លាន​ដុល្លារ​ក្នុង​រយៈពេល ៨​ឆ្នាំ ហើយ​ចោទ​ប្រកាន់​អតីត​មេដឹកនាំ​ខ្មែរក្រហម​បាន​ចំនួន​តិច បើ​ប្រៀបធៀប​ទៅ​នឹង​តុលាការ​អន្តរជាតិ​ដទៃ​ទៀត​នោះ លោក នេត្រ ភក្ត្រា ថ្លែង​ថា គេ​មិន​អាច​ប្រៀបធៀប​បាន​ទេ ព្រោះ​តុលាការ​ទាំង​នោះ ចាយ​លុយ​ច្រើន​ជាង និង​ប្រើ​ពេល​វេលា​យូរ​ជាង​សាលាក្ដី​ខ្មែរក្រហម។
រី​ឯ​បញ្ហា​ពុក​រលួយ និង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​ទៅ​ក្នុង​កិច្ចការ​សាលាក្ដី​ខ្មែរ​ក្រហម លោក​ថា គ្រាន់​តែ​ជា​ការ​រិះគន់​របស់​បុគ្គល ប៉ុន្តែ​ការ​ស៊ើបអង្កេត​មិន​រក​ឃើញ​បញ្ហា​ទាំង​នេះ​ទេ។
មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា គឺ​លោក វីកទ័រ កូប៉េ (Victor Koppe) ប្រាប់​ទស្សនាវដ្ដី ថាម ថា រដ្ឋាភិបាល​ចង់​ឱ្យ​ចោទ​តែ ៥​នាក់​ទេ បើ​លើស​ពី​នេះ មន្ត្រី​រដ្ឋាភិបាល​អាច​នឹង​ត្រូវ​ជាប់​ចោទ​ក្នុង​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​ដែរ។ អត្ថបទ​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ឱ្យ​តុលាការ​នៅ​កម្ពុជា និង​ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល គឺ​ងាយ​ស្រួល​ជ្រៀតជ្រែក​ផ្នែក​នយោបាយ។
សាលាក្ដី​ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៦ ដើម្បី​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ប្រល័យ​ពូជសាសន៍ ហើយ​នាំ​មក​កាត់​ទោស​ជន​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​នោះ។ រហូត​មក​ដល់​ពេល​នេះ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ៥ រូប​ត្រូវ​បាន​ចោទ​ប្រកាន់ ហើយ​ម្នាក់​ចំណោម ៥​នាក់​នោះ ត្រូវ​បាន​កាត់​ទោស​ដាក់​គុក​មួយ​ជីវិត ម្នាក់​ស្លាប់ ម្នាក់​មាន​ជំងឺ និង​ពីរ​នាក់​ទៀត កំពុង​ប្រឈម​ការ​ជំនុំជម្រះ​ក្នុង​សំណុំ​រឿង​លេខ ០០២ វគ្គ​ទី ១ និង​ទី ២។



No comments:

Post a Comment