នាយក រដ្ឋមន្ត្រី បង្ហាញចេតនាជាថ្មី នាំកម្ពុជា ក្លាយជា ប្រទេស មានចំណូលមធ្យម នៅឆ្នាំ២០៣០
ដោយ វណ្ណ វិចារ / អាស៊ីសេរី | ១៨ កុម្ភៈ ២០១៤
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញចេតនាជាថ្មីចង់នាំកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមនៅឆ្នាំ២០៣០ ខាងមុខ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ក្នុងបំណងជំរុញការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មក្នុងតំបន់កាត់បន្ថយគម្លាតជំនាញវិជ្ជាជីវៈ និងការបង្កើនសមត្ថភាពមន្ត្រីរដ្ឋាភិបាលក្នុងការអនុវត្តការងារ។
លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជា រំពឹងថានឹងក្លាយជាប្រទេសដែលមានវឌ្ឍនភាពនៅឆ្នាំ២០៣០ តាមរយៈការបំពេញការងាររបស់មន្ត្រីរដ្ឋាភិបាល ប្រកបដោយអភិបាលកិច្ចល្អ។ លោកបន្តថា កម្ពុជា បានរៀបចំខ្លួនរួចជាស្រេច ដើម្បីបន្ស៊ាំខ្លួនចូលទៅក្នុងសហគមន៍អាស៊ាន ដោយរៀបចំយុទ្ធសាស្ត្រនានារួមមាន យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ យុទ្ធសាស្ត្រចតុកោណរបស់ដំណាក់កាលទី៣ និងផែនការសកម្មភាពមួយចំនួនទៀត។
«សំឡេង»
មហិច្ឆតាចង់ឲ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០៣០ នេះ ត្រូវបាន លោក ហ៊ុន សែន ប្រកាសម្តងរួចហើយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងពេលដែលប្រកាសគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិថ្មី។
ទោះជាយ៉ាងណាក្តី អ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី មានប្រសាសន៍ថា កាលដែលចាត់ចំណាត់ថ្នាក់កម្ពុជា ថាជាប្រទេសដែលមានចំណូលទាប ឬខ្ពស់ មិនមែនជាប្រការគួរយកចិត្តទុកដាក់ទេ។ ប៉ុន្តែ ការបែងចែកផលលាភក្នុងសង្គមឲ្យមានសមភាពទៅវិញទេ ទើបអាចឲ្យពលរដ្ឋរស់នៅរុងរឿងពិតប្រាកដ។ លោកបន្តថា សព្វថ្ងៃពលរដ្ឋកម្ពុជា ចំនួនជាង ៨០% មានកម្រិតជីវភាពក្រីក្រ ដែលមានចំណូលទាបជាងកម្រិតផលទុនក្នុងស្រុក សម្រាប់មនុស្សម្នាក់ (GDP) ដែលត្រូវបានគណនាឃើញដោយរដ្ឋាភិបាល។
«សំឡេង»
គោលនយោបាយចតុកោណដំណាក់កាលទី៣ សម្រេចយកអភិបាលកិច្ចល្អជាស្នូល ឬការគ្រប់គ្រងល្អជាស្នូល។ រដ្ឋាភិបាលក៏ជំរុញយុទ្ធសាស្ត្រកែទម្រង់ឲ្យស៊ីជម្រៅដែរ។ ប៉ុន្តែ សង្គមស៊ីវិល និងអ្នកសិក្សាបញ្ហាសង្គមមួយចំនួន មិនទាន់ជឿលើការកែទម្រង់នោះទេ។ សង្គមស៊ីវិល លើកឡើងថា បញ្ហារំលោភបំពានសិទ្ធិមនុស្ស បញ្ហាពុករលួយ បញ្ហាអយុត្តិធម៌សង្គម ការរំលោភអំណាច នៅតែរុករានសង្គមកម្ពុជា។
យ៉ាងណាក៏ដោយ កាលពីឆ្នាំ២០១៣ កម្ពុជា មានកំណើនផលទុនក្នុងស្រុកសរុបមានចំនួន ៧,៦% ក្នុងនោះចំណូលមធ្យមក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានចំនួន ១.០៣៦ដុល្លារអាមេរិក។
អ្នកសេដ្ឋកិច្ចមួយចំនួនពន្យល់ថា បើសិនជាកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមនោះ ជំនួយបរទេសមួយចំនួននឹងត្រូវកាត់ផ្តាច់ ហើយប្រាក់ខ្ចីពីបរទេសក្រោមហិរញ្ញប្បទាន ឬខ្ចីក្នុងអត្រាការប្រាក់ទាបនោះ ក៏លែងមានដែរ ប៉ុន្តែរដ្ឋាភិបាលនឹងមានមុខមាត់លើឆាកអន្តរជាតិតាមរយៈកំណើនសេដ្ឋកិច្ចនេះ។ បច្ចុប្បន្ន កម្ពុជា មានប្រជាពលរដ្ឋជិត ២០% ដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនៅឡើយ៕
No comments:
Post a Comment