Paris Peace Accords 23 Oct. 1991

Friday, February 14, 2014

អ្នក​កាសែត​ម្នាក់​ នៅ​បន្ទាយមានជ័យ​ គ្រោង​ប្ដឹង​ ម្ចាស់​បន​ល្បែង​ម្នាក់​ ពី​បទ​ គំរាម​កំហែង

បន​ល្បែង បន្ទាយមានជ័យ ៦១០
ទី​តាំង​លំនៅឋាន​បើក​បន​ល្បែង​របស់​បុគ្គល​ឈ្មោះ អ៊ឹង ឈី ឋិត​នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

អ្នក​កាសែត​ម្នាក់​ នៅ​បន្ទាយមានជ័យ​ គ្រោង​ប្ដឹង​ ម្ចាស់​បន​ល្បែង​ម្នាក់​ ពី​បទ​ គំរាម​កំហែង


ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ១៤ កុម្ភៈ ២០១៤
អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​មនសិការ​ខ្មែរ គ្រោង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដោយ​ប្ដឹង​ចោទ​ប្រកាន់​ម្ចាស់​បន​ល្បែង​ខុស​ច្បាប់​ម្នាក់ នៅ​ក្រុង​ប៉ោយប៉ែត ពី​បទ​គំរាម​កំហែង និង​អំពើ​ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មាន។
ម្ចាស់​បទ​ល្បែង​នោះ ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា អ៊ឹង ឈី។ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ បាន​បើក​រថយន្ត​របស់​ខ្លួន​ទៅ​កាក់​មុខ​រថយន្ត​អ្នក​កាសែត ហើយ​ចុះ​ទៅ​ចាប់​ក្របួច​ក​អាវ​អ្នក​កាសែត ទាញ​ចេញ​ពី​ក្នុង​រថយន្ត និង​គំរាម​កំហែង​ដោយ​ពាក្យ​សម្ដី​យ៉ាង​ធ្ងន់ធ្ងរ។
ការ​ប្រើ​ហិង្សា​យ៉ាង​កម្រោល​ពី​សំណាក់​ម្ចាស់​បន​ល្បែង​នៅ​ក្រុង​ប៉ោយប៉ែត ទៅ​លើ​អ្នក​យក​ព័ត៌មាន​នេះ កើត​មាន​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅ​លើ​កំណាត់​ផ្លូវ​មួយ​កន្លែង កណ្ដាល​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
ភ្នាក់ងារ​សារព័ត៌មាន​មនសិការ​ខ្មែរ ប្រចាំ​ក្រុង​ប៉ោយប៉ែត លោក អ៊ុង ថាប់រាំង បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ថា កន្លង​ទៅ​ថ្មីៗ​នេះ លោក​បាន​សរសេរ​អត្ថបទ​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​ពី​ការ​បើក​បន​ល្បែង​ស៊ី​សង​ខុស​ច្បាប់ នៅ​ក្នុង​លំនៅឋាន​របស់​បុគ្គល​ឈ្មោះ អ៊ឹង ឈី៖ «ខ្ញុំ​មាន​បំណង​ទៅ​ជួប​ចៅ​សង្កាត់​ផ្សារ​កណ្ដាល ទេ ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​ក៏​បាន​ទៅ​ឈប់​កន្លែង​បទ​ល្មើស​របស់ លោក អ៊ឹង ឈី។ ខ្លួន​ខ្ញុំ​ហ្នឹង​អត់​បាន​ទៅ​ថត​រូបភាព​អី​ទេ​នៅ​កន្លែង​ត្រង់​នោះ គឺ​លោក សែម ចិន្ដា ជា​អ្នក​ថត​ទេ។ អ៊ីចឹង លោក ឈី គាត់​ខឹង​កន្លង​មក​ខ្ញុំ​ធ្លាប់​ចុះ​ផ្សាយ​គាត់​ពី​បទ​ល្មើស​ហ្នឹង។ គាត់​បើក​ឡាន​មក​ពាំង​ពី​មុខ​ខ្ញុំ។ ខ្ញុំ​ចុច​កញ្ចក់​ចុះ​សួរ​គាត់​ថា មាន​ការ​អី? ស្រាប់​តែ​គាត់​ថា ហ៊ឺ​អញ​ឈាម​ពេញ​ភ្នែក​អា​បារាំង ស្រាប់​តែ​ក្របួច​ក​អាវ​ខ្ញុំ គាត់​ថា ហ្អែង​ហ៊ាន​ចុះ​ផ្សាយ​អី​ហ្អែង​រឿង​ជាមួយ​អញ»
លោក​ថា នេះ​ជា​ការ​ប្រើ​ហិង្សា និង​ជា​ការ​គំរាម​កំហែង​ទៅ​អ្នក​សារព័ត៌មាន។ លោក​បន្ត​ថា នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ប្រឆាំង​នឹង​បុគ្គល​ឈ្មោះ អ៊ឹង ឈី។
វិទ្យុ​អាស៊ីសេរី បាន​ទូរស័ព្ទ​សុំ​ការ​បញ្ជាក់​ពី លោក អ៊ឹង ឈី ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា និង​គំរាម​ទៅ​លើ​អ្នក​កាសែត​នេះ ប៉ុន្តែ​លោក​បាន​បដិសេធ​ថា ពុំ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។
ទោះ​ជា​យ៉ាង​នេះ​ក្តី ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ លោក ដាំ សិទ្ធិ ថ្លែង​ថា ក្រោយ​ពី​កើត​ហេតុ​ភ្លាមៗ លោក​បាន​អន្តរាគមន៍​ទៅ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ អោយ​ជួយ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ឈ្មោះ អ៊ឹង ឈី ដែល​បាន​ប្រើ​អំពើ​ហិង្សា និង​គំរាម​ទៅ​លើ​អ្នក​កាសែត។ ប៉ុន្តែ សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ ពុំ​បាន​ចាត់​វិធាន​ការ​នោះ​ឡើយ៖ «រឿង​នេះ​ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​បុគ្គល​ឈ្មោះ អ៊ឹង ឈី ទៅ​យក​តួនាទី​ខ្លួន​ឯង​ទៅ​ប្រើ​ផ្ទុយ​ពី​ផ្លូវ​ច្បាប់ នៅ​តាម​ទីធ្លា​សាធារណៈ មក​លើ​អ្នក​សារព័ត៌មាន ប្រើ​អំពើ​កម្រោល​ចូល​ជួជាតិ​ហ្នឹង អំពើ​ឃោរឃៅ​ព្រៃ​ផ្សៃ​របៀប​ហ្នឹង​នៅ​តាម​ទី​សាធារណៈ»
ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត បញ្ជាក់​ថា លំនៅឋាន​របស់​ឈ្មោះ អ៊ឹង ឈី ជា​កន្លែង​បើក​បន​ល្បែង​ស៊ី​សង​យ៉ាង​ធំ​នៅ​ក្រុង​ប៉ោយប៉ែត។ បន​ល្បែង​នេះ ពួក​គាត់​អះអាង​ថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​សាលា​ក្រុង​ប៉ោយប៉ែត ថែម​ទៀត។ ចំណែក​ក្រុម​អ្នក​ចូល​ទៅ​លេង​ល្បែង​នៅ​ទី​នោះ មាន​ទាំង​មន្ត្រី​សាលា​ក្រុង​ប៉ោយប៉ែត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត៖ «គោលដៅ​ហ្នឹង​ជា​កន្លែង​ប្រមូល​ផ្គុំ​ទៅ​ដោយ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ។ ក្នុង​នោះ​មាន លោក​ចៅហ្វាយ​ក្រុង​ផង ហើយ​នៅ​ទី​ហ្នឹង​វា​ទល់​មុខ​នឹង​សាលា​សង្កាត់ ហើយ​វា​មាន​ចម្ការ​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ក្រុម​អ្នក​មាន​អំណាច មាន​លុយ ហើយ អ៊ឹង ឈី ហ្នឹង​ធ្លាប់​អះអាង​ថា ខ្លួន​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ ប៉ុន្តែ​មិន​ដឹង​ជា​នៅ​អង្គភាព​ណា​ទេ។ នៅ​កន្លែង​ហ្នឹង​អត់​មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​ទេ ដោយសារ​ល្បែង​អ្នក​ធំ ហើយ​មួយ​ដៃ​ចាប់​ពី ៣​ពាន់​បាត ទៅ ៤​ពាន់​បាត»
មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក ឱ បូរិន បាន​បដិសេធ​ថា បុគ្គល​ឈ្មោះ អ៊ឹង ឈី ពុំ​មែន​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ នោះ​ឡើយ។ លោក​បន្ត​ថា ករណី​បើក​ល្បែង​ស៊ី​សង​នៅ​លំនៅឋាន​របស់​បុគ្គល​ឈ្មោះ អ៊ឹង ឈី កន្លង​មក លោក​ពុំ​បាន​ទទួល​បាន​ព័ត៌មាន​នោះ​ឡើយ។ ប៉ុន្តែ​ករណី​នេះ សមត្ថកិច្ច​នឹង​មាន​វិធាន​ការ​ទប់ស្កាត់៖ «អ្វី​បើ​សិន​ជា​មាន ចាំ​ខ្ញុំ​ធ្វើ​ការ អា​នេះ​ជា​ពន្លឺ​មួយ​សម្រាប់​ខ្ញុំ​ធ្វើ​ការងារ ប៉ុន្តែ​ឈ្មោះ​នេះ​មិន​មែន​នៅ​បន្ទាយមានជ័យ ទេ ខ្ញុំ​ទើប​មក​ថ្មី​មែន​ពិត ប៉ុន្តែ​កម្លាំង​ចាស់​ខ្ញុំ​ក្ដាប់​បាន​ទាំងអស់»
ទោះ​យ៉ាង​នេះ​ក្ដី អ្នក​រស់​នៅ​ក្រុង​ប៉ោយប៉ែត បញ្ជាក់​ថា លំនៅឋាន​របស់​ឈ្មោះ អ៊ឹង ឈី នេះ​បាន​បើក​បន​ល្បែង​ស៊ី​សង​អស់​រយៈ​ជា​យូរ​យារ​ណាស់​មក​ហើយ។ បុគ្គល​ឈ្មោះ អ៊ឹង ឈី ក៏​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​សាលា​ក្រុង​ប៉ោយប៉ែត។ ការ​ឃុបឃិត​គ្នា​បើក​ល្បែង​ស៊ី​សង គឺ​បាន​ផ្ទុយ​ពី​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​រដ្ឋាភិបាល​ដាក់​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត៕



No comments:

Post a Comment