Paris Peace Accords 23 Oct. 1991

Sunday, February 16, 2014

អង្គការ​ សិទ្ធិ​មនុស្ស​ អន្តរជាតិ​ ថ្កោលទោស​ ចំពោះ​ ការ​ប្រើ​ហិង្សា​ បង្ក្រាប​ អ្នក​បុរីកីឡា

សន្តិសុខ​បង្ក្រាប​អ្នក​បុរីកីឡា ៦១០
កង​សន្តិសុខ​ខណ្ឌ​៧​មករា បង្ក្រាប​អ្នក​បុរីកីឡា មិន​ឲ្យ​ឡើង​ទៅ​នៅ​លើ​អគារ​ជាន់​ទី​៩ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

From http://blogs.ft.com/photo-diary/files/2014/02/eviction.jpg

អង្គការ​ សិទ្ធិ​មនុស្ស​ អន្តរជាតិ​ ថ្កោលទោស​ ចំពោះ​ ការ​ប្រើ​ហិង្សា​ បង្ក្រាប​ អ្នក​បុរីកីឡា

ដោយ យាង សុជាមេត្តា / អាស៊ីសេរី | ១៥ កុម្ភៈ ២០១៤
អង្គការ​ ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោលទោស​ចំពោះ​អាជ្ញាធរ​ រដ្ឋាភិបាល​ កម្ពុជា ដែល​បាន​ប្រើប្រាស់​ កម្លាំង​លើសលប់ វាយ​បង្ក្រាប​ ទៅ​លើ​ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​តវ៉ា​ សិទ្ធិ​លំនៅឋាន​ នៅ​សហគមន៍​ បុរីកីឡា កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ។ ស្ថាប័ន​សិទ្ធិ​មនុស្ស​ អន្តរជាតិ​ មួយ​នេះ ក៏​បាន​ជំរុញ​ ឲ្យ​ប្រទេស​ផ្តល់​ជំនួយ ពិចារណា​ឡើង​វិញ​ ពី​ការ​ផ្តល់​ជំនួយ​ មក​ឲ្យ​ រដ្ឋាភិបាល​ កម្ពុជា។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​កម្លាំង​ដ៏​លើសលប់ និង​មិន​ចាំបាច់​របស់​រដ្ឋាភិបាល ទៅ​លើ​សហគមន៍​បុរីកីឡា គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ប្រើប្រាស់​កង​កម្លាំង និង​អាវុធ​ដោយ​មន្ត្រី​អនុវត្តន៍​ច្បាប់។
ការ​លើក​ឡើង​របស់​ស្ថាប័ន​សិទ្ធិ​មនុស្ស​អន្តរជាតិ មួយ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​កង​កម្លាំង​នគរបាល និង​កង​សន្តិសុខ​សាលា​ខណ្ឌ​៧​មករា បាន​វាយ​បង្ក្រាប​ទៅ​លើ​អ្នក​បុរីកីឡា ជាច្រើន​អ្នក​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ៧​នាក់ រង​របួស​ធ្ងន់ ក្នុង​នោះ​ក៏​មាន​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​កូន​ខ្ចី​ផង​ដែរ។
យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​បន្ត​ថា ក្រោម​គោលការណ៍​ជា​មូលដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំងអស់ ត្រូវ​តែ​ប្រកាន់​ខ្ជាប់​មធ្យោបាយ​អហិង្សា​ជា​មុន​សិន មុន​នឹង​ឈាន​ដល់​ការ​ប្រើប្រាស់​កម្លាំង ហើយ​នៅ​ពេល​ដែល​ការ​ប្រើប្រាស់​កម្លាំង​ស្រប​ច្បាប់​មិន​អាច​ជៀស​រួច មន្ត្រី​អនុវត្តន៍​ច្បាប់ ត្រូវ​មាន​ភាព​អត់ធ្មត់​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ទាំង​នោះ និង​ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​សមាមាត្រ​ទៅ​នឹង​ភាព​ធ្ងន់ធ្ងរ​នៃ​ទោស​កំហុស ព្រម​ទាំង​សមាមាត្រ​ទៅ​នឹង​គោល​បំណង​ស្រប​ច្បាប់​ដែល​ខ្លួន​ចង់​សម្រេច​បាន។
យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ព្រឹត្តិការណ៍​នៅ​សហគមន៍​បុរីកីឡា វា​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​បញ្ហា​ទូទៅ ជុំវិញ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ពី​ទីក្រុង និង​ពី​ទី​កន្លែង​ផ្សេងៗ​ទៀត នៅ​ប្រទេស​កម្ពុជា ហើយ​ថា ការ​បណ្ដេញ​ចេញ​របស់​រដ្ឋាភិបាល​ដោយ​បង្ខំ និង​គ្មាន​សំណង​ពេញ​លេញ និង​យុត្តិធម៌​នេះ គឺ​វា​ផ្ទុយ​ទៅ​នឹង​គោលការណ៍ និង​សេចក្តី​ណែនាំ​ជា​មូលដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​បណ្ដេញ​ចេញ ឬ​ការ​ផ្លាស់​ប្ដូរ​ទី​កន្លែង​សម្រាប់​គោលដៅ​អភិវឌ្ឍន៍។
នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ប៊្រែដ អាដាម (Brad Adams) បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ការ​ប្រើប្រាស់​កម្លាំង​វាយ​បង្ក្រាប​យ៉ាង​ឃោរឃៅ​របស់​កង​នគរបាល ទៅ​លើ​ក្រុម​អ្នក​តវ៉ា​នា​ពេល​ចុង​ក្រោយ​នេះ គឺ​វា​បាន​បង្ហាញ​ពី​គម្លាត​យ៉ាង​ឆ្ងាយ ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល ដែល​បាន​សន្យា​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់។ លោក អាដាម ក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​ផ្តល់​ជំនួយ ពិចារណា​ឡើង​វិញ​ពី​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ជំនួយ​ថវិកា​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ប្រសិន​បើ​រដ្ឋាភិបាល​នេះ​មិន​ព្រម​ធ្វើ​កំណែ​ទម្រង់ ប្រកប​ដោយ​អត្ថន័យ និង​មិន​ព្រម​បញ្ឈប់​ការ​ប្រើប្រាស់​កម្លាំង​វាយ​បង្ក្រាប​ទៅ​លើ​ក្រុម​សង្គម​ស៊ីវិល ព្រម​ទាំង​មិន​បញ្ឈប់​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ។
លោក អាដាម ក៏​បាន​ថ្លែង​បន្ត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​ទទួល​ស្គាល់​ថា ការ​តវ៉ា​អំពី​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ​ពេល​នេះ វា​គឺ​ជា​លទ្ធផល​នៃ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល ដែល​បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន និង​ដីធ្លី​ពួក​គេ ដោយ​ពុំ​បាន​ឆ្លង​កាត់​ដំណើរ​ការ​ដោះស្រាយ​ជា​ចំហ និង​ដោយ​ពុំ​មាន​ការ​ផ្តល់​សំណង​ត្រឹមត្រូវ និង​យុត្តិធម៌។
មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ថា លោក​មិន​ដែល​បាន​ចាប់​អារម្មណ៍​នឹង​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​ទេ។ លោក​ថា ការ​លើក​ឡើង​របស់​ស្ថាប័ន​មួយ​នេះ គឺ​ជា​ភាសា​ដដែល និង​ជា​ចម្រៀង​ដដែលៗ។ លោក​ថា វា​ជា​សិទ្ធិ​លើក​ឡើង​របស់​អង្គការ​មួយ​នេះ ហើយ​លោក​ក៏​គ្មាន​តួនាទី​អ្វី​មក​ជជែក​យក​ឈ្នះ​យក​ចាញ់​ជាមួយ​ស្ថាប័ន​នេះ​ដែរ ប៉ុន្តែ​លោក​ថា អ្វី​ដែល​ក្រុម​លោក​ចាប់​អារម្មណ៍​នោះ គឺ​ការ​ធ្វើ​ឲ្យ​មាន​សុខដុមរមនីយកម្ម​រវាង​ប្រជាពលរដ្ឋ ដែល​កំពុង​ទាមទារ​នូវ​ផល​ប្រយោជន៍​របស់​ពួក​គេ និង​ការ​គោរព​សណ្ដាប់ធ្នាប់ ព្រម​ទាំង​ការ​ធានា​សណ្ដាប់ធ្នាប់​របស់​អាជ្ញាធរ។
លោក ផៃ ស៊ីផាន៖ «យើង​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ជា​អង្គការ ជា​អង្គការ​ដែល​យើង​មិន​ទទួល​ស្គាល់​ផង​ហ្នឹង យើង​អត់​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា ឬ​ការ​វាយ​ប្រហារ​ពី​អង្គការ​ហ្នឹង​ទេ។ ប្រទេស​នេះ​មិន​មែន​គ្រប់គ្រង​ដោយ​អង្គការ​សង្គម​ស៊ីវិល ឬ​អង្គការ​ណា​មួយ​ទេ។ រាជ​រដ្ឋាភិបាល សាលា​ក្រុង កំពុង​តែ​រៀប​ចំ​ដោះស្រាយ​បញ្ហា​នីមួយៗ។ យើង​មិន​មែន​ដោះស្រាយ​ទៅ​តាម​រយៈ​បាតុកម្ម ហើយ​អ្នក​ធ្វើ​បាតុកម្ម​កូដកម្ម មិន​គួរ​ធ្វើ​អ្វី​ជា​ប្រតិកម្ម​ក្នុង​ការ​កំពុង​តែ​ដោះស្រាយ​ទេ យើង​ខ្មែរ​ដូច​គ្នា យើង​អាច​និយាយ​បាន»
កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៤ អ្នក​បុរីកីឡា ជាង ១៥០​គ្រួសារ ដែល​នៅ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​ចរចា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ចំពោះ​សំណង​បណ្ដោះ​អាសន្ន បាន​នាំ​គ្នា​ឡើង​ទៅ​រស់​នៅ​អគារ​ទី​៩ របស់​ក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Emix) ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន ដើម្បី​អភិវឌ្ឍ​តំបន់​នោះ។ ប៉ុន្តែ ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ វាយ​បណ្ដេញ​ចេញ​ពី​អគារ​នោះ ដោយ​ចោទ​ប្រកាន់​ថា ពួក​គាត់​ព្យាយាម​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​អ្នក​ដទៃ។
កាល​ពី​ឆ្នាំ​២០០៤ ក្រុមហ៊ុន ផានអ៊ីម៉ិច បាន​សន្យា​សាងសង់​អគារ​ជូន​ពលរដ្ឋ​បុរីកីឡា ចំនួន ១០​អគារ សម្រាប់​ពលរដ្ឋ​សហគមន៍​បុរីកីឡា ចំនួន ១.៧៧៦​គ្រួសារ។ ប៉ុន្តែ ក្រោយ​ពេល​សង់​បាន ៨​ល្វែង ក្រុមហ៊ុន​ប្រកាស​ថា​ខាត​ដើម ហើយ​ក៏​បាន​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង់​ត្រឹម​តែ ៨​អគារ។ បន្ទាប់​មក អាជ្ញាធរ​បាន​ប្រើ​ហិង្សា​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​បុរីកីឡា ដែល​នៅ​រង់ចាំ​អគារ ២​ល្វែង​ទៀត​នោះ។ ទោះ​ជា​យ៉ាង​ណា អ្នក​ភូមិ​បុរីកីឡា ជាង ១០០​គ្រួសារ មិន​ព្រម​ចាក​ចេញ​តាម​ការ​បណ្ដេញ​ចេញ​របស់​អាជ្ញាធរ​ឡើយ។ ពួក​គាត់​សុខ​ចិត្ត​ទ្រាំ​រស់​នៅ​ប្រជ្រៀត​គ្នា​ក្បែរ​គំនរ​សំរាម ជិត​ដី​ចាស់ ដោយ​មាន​ជំនឿ​ថា ពួក​គាត់​មាន​សិទ្ធិ​ស្រប​ច្បាប់ ដើម្បី​ទទួល​បាន​អគារ ២​ខ្នង សាងសង់​ដោយ​ក្រុមហ៊ុន ផានអ៊ីម៉ិច តាម​កិច្ច​សន្យា​ដើម្បី​ស្នាក់​នៅ៕



1 comment:

  1. Anonymous11:29 PM

    បុគ្គល ផៃសីុផាន និង​ ថ្នាក់លើរបស់វាទាំងអស់ សុទ្ធតែជាឆ្កែបំរើយួន អត់ចេះភាសាមនុស្ស បានជាស្តាប់ភាសាមនុស្សរបស់ប្រជាពលរដ្ឋខ្មែរមិនបាន បានជាបញ្ហាដេញប្រជាពលរដ្ឋខ្មែរ
    ចេញពីដី ពីលំនៅដ្ឋាន មិនអាចដោះស្រាយបានរហូតមកដល់សព្វថ្ងៃ មានរយៈពេលប៉ុន្មានឆ្នាំ
    ហើយ ។ មួយថ្ងៃទៅមួយខែ ទៅមួយឆ្នាំ ទៅមួយទសវត្ស នៅតែដោះស្រាយមិនរួច ហេតុអ្វីដែរ ?
    មកពីគ្មានសមត្តភាព មិនចង់ដោះស្រាយ ឬ មកពីមិនចេះភាសមនុស្ស ? ។ បើខ្មែរដូចគ្នា
    ឬ មានភាសាមនុស្សដូចគ្នា បញ្ហាហ្នឹងវាបានត្រូវដោះស្រាយរួចតាំងពិយូរនោះ មិនមែនអូសបន្លាយ
    មកដល់សព្វថ្ងៃនេះទេ អាមនុស្សខួរសត្វ ។ និយាយអ្វីត្រូវឲចេះគិតផង កុំចេះតែនិយាយតាមតែ
    អាចៅហ្វាយនាយល្ងង់ខ្លៅ អវិជ្ជា គ្មានសមត្តភាព ថោកទាបបំផុតនោះ វានាំឲប្រជាពលរដ្ឋទូទាំង
    ប្រទេស ខ្មាស់គេទូទាំងពិភពលោកដែលមានអ្នកដឹកនាំធុនហ្នឹងនោះ ។

    ReplyDelete