កងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ ប្រឈមមុខនឹងអ្នកបុរីកីឡា កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៤។
១៦-កុម្ភៈ-២០១៤៖ ស្ត្រីដែលរងគ្រោះដោយសារអំពើហិង្សានៅបុរីកីឡា កាលពីថ្ងៃទី១៤ កុម្ភៈ សម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ នារាជធានីភ្នំពេញ។ RFA/Uon Chhin
អ្នករងគ្រោះ ដោយ អំពើហិង្សា នៅបុរីកីឡា ទាមទាររកយុត្តិធម៌
ដោយ អ៊ួន ឈិន / អាស៊ីសេរី | ១៦ កុម្ភៈ ២០១៤
អ្នករងគ្រោះដោយអំពើហិង្សានៅបុរីកីឡា ទាមទាររកយុត្តិធម៌ និងជំរុញ ឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច សង់អគារឲ្យគ្រប់ ១០អគារតាមកិច្ចសន្យា ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃអស់រយៈពេលជាង ២ឆ្នាំទៅហើយនោះ។
ស្ត្រីមានផ្ទៃពោះនិងស្ត្រីសរសៃខ្ចីនៅសហគមន៍បុរីកីឡា ដែលអាជ្ញាធរខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រើកងកម្លាំងវាយឲ្យរបួសកាលពីថ្ងៃទី១៤ ខែកុម្ភៈ បានទាមទារឲ្យរដ្ឋាភិបាលរកយុត្តិធម៌ឲ្យពួកគាត់ និងចាត់វិធានការចំពោះក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ដែលមិនគោរពកិច្ចសន្យាក្នុងការវិនិយោគ។
ដូចគ្នានេះដែរ សកម្មជនដីធ្លីនៃសហគមន៍បុរីកីឡាម្នាក់ដែលមានផ្ទៃពោះ ៨ខែ ហើយកំពុងសម្រាកនៅលើគ្រែពេទ្យ អ្នកស្រី ហាស់ សុខចិន្ដា មានប្រសាសន៍ថា គ្រូពេទ្យកំពុងតាមដានសុខភាពរបស់អ្នកស្រីនិងកូនក្នុងផ្ទៃយ៉ាងយកចិត្តទុកដាក់៖ «ពីយប់មិញគឺកូនខ្ញុំវាអត់បម្រះ ហើយខ្ញុំមានអាការៈចេញឈាមតាមច្រមុះ។ ឥឡូវនេះវាចាប់ផ្ដើមកម្រើកដែរ ប៉ុន្តែវាដូចថា យូរបានវាកម្រើកម្ដងហើយវាមានភាពខ្សោយ ប៉ុន្តែលោកគ្រូពេទ្យគាត់ថា គាត់នឹងព្យាយាមជួយទាំងម្ដាយទាំងកូន។ ប្រសិនបើអស់លទ្ធភាព អាហ្នឹងគាត់ជួយតែជីវិតម្ដាយ»។
ទោះបីនៅមានការឈឺចាប់ដោយការវាយដំ អ្នកស្រី ហាស់ សុខចិន្ដា បានឆ្លៀតប្រាប់ឲ្យដឹងថា គន្លឹះនៃការបញ្ចប់បញ្ហានៅបុរីកីឡា គឺមានតែការជំរុញឲ្យក្រុមហ៊ុនផានអ៊ីម៉ិច គោរពកិច្ចសន្យាមួយមុខគត់៖ «ពួកខ្ញុំនឹងទាមទារនូវអ្វីជាចុងក្រោយបំផុតគឺបញ្ហាផ្ទះ ពីព្រោះវាជាជម្រករបស់ខ្ញុំ។ មនុស្សម្នាក់ៗគឺត្រូវការផ្ទះ តែបើសិនជាអត់ផ្ទះតើពួកខ្ញុំមានអីទៀត?»។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ចំថ្ងៃមាឃបូជា និងជាទិវានៃសេចក្ដីស្រឡាញ់ផងនោះ អ្នកបុរីកីឡា ៧នាក់ក្នុងចំណោមអ្នកបុរីកីឡាជាង ១០០គ្រួសារ បានរងរបួសខណៈកងកម្លាំងអាជ្ញាធរបណ្ដេញពួកគាត់ចេញពីអគារទី៩ របស់ក្រុមហ៊ុនផានអ៊ីម៉ិច ក្នុងនោះស្ត្រីមានផ្ទៃពោះម្នាក់ ស្ត្រីទើបសម្រាលកូន ២នាក់ និងកុមារាម្នាក់របួសធ្ងន់។
ទាក់ទិននឹងបញ្ហានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានថ្កោលទោស នៅថ្ងៃទី១៥ ខែកុម្ភៈ ចំពោះអាជ្ញាធររដ្ឋាភិបាលកម្ពុជា ដែលបានប្រើប្រាស់កងកម្លាំងលើសលប់ វាយបង្ក្រាបប្រជាពលរដ្ឋ និងក្រុមអ្នកតវ៉ាសិទ្ធិលំនៅឋាននៅសហគមន៍បុរីកីឡា កាលពីថ្ងៃទី១៤ កុម្ភៈ។ ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះ ក៏បានជំរុញឲ្យប្រទេសផ្តល់ជំនួយ ពិចារណាឡើងវិញនូវការផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា៕
No comments:
Post a Comment