កម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ កាលពីព្រឹកថ្ងៃ៣១ ធ្នូ ឆ្នាំ២០១៣។
RFA/Mom Sophon
មេដឹកនាំ កម្មករ ដែលគាំទ្រ រដ្ឋាភិបាល អំពាវនាវ កម្មករ កុំឲ្យ ចូលរួមធ្វើបាតុកម្ម
ដោយ សេក បណ្ឌិត / អាស៊ីសេរី | ២២ កុម្ភៈ ២០១៤
មេដឹកនាំកម្មករ ដែលមាននិន្នាការ គាំទ្រ រដ្ឋាភិបាល បានកោះប្រជុំសមាជិក របស់ខ្លួន និងចេញសេចក្តីអំពាវនាវជាបន្តបន្ទាប់ ដើម្បីពង្រឹងគោលជំហរកម្មករមិនឲ្យចូលរួមធ្វើបាតុកម្ម ឬកូដកម្ម ដែលជាមធ្យោបាយទាមទារដំឡើងប្រាក់ឈ្នួលរបស់សហជីពដទៃទៀតនោះ។
សកម្មភាពនេះ ធ្វើឡើងស្របពេលដែលសហព័ន្ធសហជីព និងសមាគមធំៗចំនួន១៨ កំពុងធ្វើយុទ្ធនាការចែកចាយខិត្តប័ណ្ណដល់កម្មករកម្មការិនីនៅតាមរោងចក្រ ដើម្បីអំពាវនាវឲ្យកម្មករចូលរួមសកម្មភាពពហិការមិនធ្វើការថែមម៉ោង ចូលរួមវេទិកាសាធារណៈ និងមហាកូដកម្ម ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី១២ ខែមីនា ខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់នៃសហព័ន្ធសហជីពកម្ពុជា បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២២ កុម្ភៈ ថា ចូលដល់ថ្ងៃទី២ នៃយុទ្ធនាការចែកចាយខិត្តប័ណ្ណដល់កម្មករនោះ សម្រេចបានប្រមាណជា ៨០% ហើយ។
អគ្គលេខាធិការសហព័ន្ធសហជីពកម្ពុជា លោក ម៉ៃ ភក្ដ្រា បញ្ជាក់ថា មកដល់ពេលនេះ ខាងសហព័ន្ធលោកបានបញ្ជូនខិត្តប័ណ្ណទៅតំណាងកម្មករ និងកម្មករផ្ទាល់នៅតាមរោងចក្រនីមួយៗជាសមាជិកបានប្រមាណ ៩០% ក្នុងចំណោមខិត្តប័ណ្ណ ២០ម៉ឺនច្បាប់ ដែលត្រូវបែងចែកទៅខាងសមាគម និងសហជីពផ្សេងៗទៀតនោះ។
លោកបន្តថា ចំនួនខិត្តប័ណ្ណដែលនៅសល់មួយចំនួនទៀត សហព័ន្ធសហជីព និងសមាគមធំៗចំនួន១៨ គ្រោងនឹងធ្វើយុទ្ធនាការរួមគ្នាជាទ្រង់ទ្រាយធំមួយ ដើម្បីចែកចាយបង្ហើយនៅចុងខែកុម្ភៈ នេះ។
«សំឡេង»
កូដកម្មដែលគ្រោងធ្វើនៅខែមីនា នោះ ក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាល និងនិយោជក ដោះស្រាយបញ្ហាចំនួន ៧ចំណុច រួមមាន សុំដោះលែងជនជាប់ចោទ ២១នាក់ និងទម្លាក់ចោលការចោទប្រកាន់ ២៣នាក់ សុំឲ្យមានការចរចាដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារ ត្រូវដាក់ទោសដល់ជនប្រើហិង្សា និងសម្លាប់កម្មករ ផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះដែលបាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង រដ្ឋាភិបាលត្រូវដកបម្រាមនៃការជួបជុំជាសាធារណៈមិនឲ្យលើសពី ១០នាក់ តំណាងក្រុមហ៊ុនត្រូវដកបណ្ដឹងប្រឆាំងសហជីព និងកម្មករ ត្រូវទទួលយកកម្មករដែលបានបញ្ឈប់ពីការងារ ឲ្យចូលធ្វើការវិញ ដោយមិនកាត់ប្រាក់ និងអត្ថប្រយោជន៍ក្នុងពេលចូលរួមកូដកម្ម។
ប្រតិកម្មនឹងសកម្មភាពចែកចាយខិត្តប័ណ្ណនេះ មេដឹកនាំកម្មករដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានហៅការកៀរគរកម្មករឲ្យចូលរួមធ្វើបាតុកម្មនេះ បង្ហាញពីចរិតនយោបាយដោយយកកម្មករធ្វើជាឧបករណ៍។
ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក សោម អូន។ លោកមានប្រសាសន៍ថា លោកបានកោះប្រជុំកម្មករជាសមាជិករបស់ខ្លួនឲ្យពិចារណា ចំពោះការអំពាវនាវឲ្យចូលរួមធ្វើបាតុកម្ម និងការខាតបង់ប្រយោជន៍របស់កម្មករ។ លោកបន្តថា ការទាមទារទាំងឡាយគួរតែធ្វើទៅតាមច្បាប់ និងយន្តការដែលមានស្រាប់។
«សំឡេង»
សម្រាប់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាសមាជិកសហព័ន្ធសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា កម្មករនឹងមិនអើពើចំពោះសកម្មភាពរារាំង មិនឲ្យមានការទាមទារដំឡើងប្រាក់ឈ្នួលកម្មករនោះឡើយ ព្រោះបញ្ហាក្រពះ គឺជារឿងសំខាន់។
«សំឡេង»
ចំណែកប្រធានសមាគមន៍រោងចក្រកាត់ដេរកម្ពុជា លោក វ៉ាន់ ស៊ូអៀង មានប្រសាសន៍ព្រមានកាលពីថ្ងៃសុក្រ ទី២១ កុម្ភៈ ថារោងចក្រប្រមាណជា ៨០% នឹងត្រូវបិទទ្វារក្នុងរយៈពេល ៣ខែខាងមុខនេះទៀត បើសិនជានៅតែមានកម្មករតវ៉ាទាមទារប្រាក់ខែគោល ១៦០ដុល្លារនោះ។ លោកពន្យល់ថា បញ្ហានេះដោយសារតែថៅកែរោងចក្រពុំមានលទ្ធភាពបំពេញតាមការទាមទារនោះបាន៕
No comments:
Post a Comment