ទិដ្ឋភាពនៅខាងក្រៅតុលាការខែត្រស្វាយរៀង នៅថ្ងៃ២៧ មករា ២០១០
RFA/Kim Peous
សាលាដំបូង ខេត្តស្វាយរៀង ឃុំខ្លួន ក្រឡាបញ្ជីម្នាក់ បណ្ដោះអាសន្ន ពីបទ ពុករលួយ
ដោយ ហ៊ុំ ចំរើន / អាស៊ីសេរី | ២២ កុម្ភៈ ២០១៤
តុលាការខេត្តស្វាយរៀង សម្រេចឃុំខ្លួនក្រឡាបញ្ជីម្នាក់ជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តនេះ ពីបទប្រព្រឹត្តអំពើពុករលួយស៊ីសំណូកប្រាក់ប្រមាណ ២ពាន់ដុល្លារអាមេរិក គឺបន្ទាប់ពីបានសាកសួរជាច្រើនម៉ោងកាលពីល្ងាចថ្ងៃសុក្រ ទី២១ កុម្ភៈ។
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនក្រឡាបញ្ជីនៃសាលាដំបូងខេត្តស្វាយរៀង គឺលោក ម៉ិញ សារ៉េន អាយុ ៤៦ឆ្នាំ កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៤ ដោយសង្ស័យថា បានស៊ីសំណូកជាថ្នូរនឹងរត់ការក្នុងសំណុំរឿងពាក់ព័ន្ធថ្នាំញៀន។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិណារ័ត្ន ដែលតាមដានសំណុំរឿងនេះឲ្យដឹងនៅថ្ងៃទី២២ កុម្ភៈ ថា ករណីនេះអាចមានមន្ត្រីនៃសាលាដំបូងខេត្តមួយចំនួនទៀតពាក់ព័ន្ធដែរ៖
«បាទ! បើយើងដឹងតាមព្រឹកមិញ គឺថា ២ពាន់ដុល្លារ ប៉ុន្តែតាមការប៉ូលិសយើងដឹងខាងក្រៅ អង្គុយជួបខាងក្រៅហ្នឹង គាត់និយាយថា រឿងហ្នឹងគេមិនទាន់បញ្ចប់ទេ។ គេនឹងធ្វើការស៊ើបអង្កេតបន្តទៀត តើពាក់ព័ន្ធជាមួយអ្នកណាទៀត គង់តែដឹងទេ។ គេគ្រាន់តែនិយាយអ៊ីចឹង។ ហើយករណីហ្នឹង គឺខាងការិយាល័យជួញដូរគ្រឿងញៀន គេមកនាំខ្លួនគាត់ពីស្វាយរៀង ទៅហ្មងថ្ងៃហ្នឹង អត់មានអ្នកដឹងទេ។ ធម្មតា រឿងនេះមិនអាចគាត់ម្នាក់ឯងធ្វើកើតទេណាស់ ប្រសិនមានបទល្មើសអីកើតឡើង លុះត្រាតែមានភ្លើងខៀវពីមេគាត់។ គាត់ក្រឡាបញ្ជីរបស់អ្នកណាអ្នកហ្នឹងត្រូវមានការព្រមព្រៀង មានភ្លើងខៀវ ទោះបីជាមិនមានជាលាយលក្ខណ៍អក្សរ ក៏មានការព្រមព្រៀងបែបណាមួយ ដើម្បីឲ្យអ្នកហ្នឹងធ្វើដែរណាស់!»។
ការសម្រេចឃុំខ្លួនលោកក្រឡាបញ្ជី ម៉ិញ សារ៉េន នេះក៏ជាមធ្យោបាយមួយ ដើម្បីស៊ើបអង្កេតវែកមុខរកមន្ត្រីពាក់ព័ន្ធបន្តទៀត៕
No comments:
Post a Comment