លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
លោក កឹម សុខា ចោទមន្ត្រី គណបក្ស ប្រជាជនកម្ពុជា ភ្ជង់កាំភ្លើង ប្រជាពលរដ្ឋ នៅពេល ទៅគាំទ្រ លោក
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2014
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចោទថា អាជ្ញាធរមូលដ្ឋានក្រោមការបញ្ជា របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃពុធនេះ បានធ្វើសកម្មភាពអុកឡុក និងភ្ជង់កាំភ្លើងដល់អ្នកគាំទ្រខ្លួន នៅពេលដែលប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ នៅស្រុកកញ្ច្រៀច ខេត្តព្រៃវែង។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់VOD នៅរសៀលថ្ងៃពុធ ទី១៩ នេះថា នៅពេលដែលលោក និងលោកសម រង្ស៊ី កំពុងតែជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅវត្តព្រៃត្បាល់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ស្រាប់តែកម្លាំងរបស់គណបក្សប្រជាជនកម្ពុជា ចាក់មេក្រូរំខាន ហើយនិងមានការដាក់ពង្រាយកម្លាំងប៉ូលីសខុសពីធម្មតា។ លោកបន្តថា នៅពេលប្រជាពលរដ្ឋចូលទៅហាមឃាត់កុំឲ្យចាក់មេក្រូរំខាន ស្រាប់តែក្រុមសមត្ថកិច្ចទាំងនោះ លើកកាំភ្លើងអាមេដាក់ប្រជាពលរដ្ឋ។
លោក កឹម សុខា រិះគន់ថា នេះជាទង្វើរបស់គណបក្សប្រជាជនកម្ពុជា ដែលជាទម្លាប់អាក្រក់មិនព្រមកែ ហើយមិនមានឆន្ទៈដោះស្រាយ ឬផ្សះផ្សាជាតិ «នេះគឺជាទង្វើមួយដែលថោកទាប ដែលបង្ហាញឲ្យឃើញថា សមត្ថកិច្ចរដ្ឋាភិបាលសព្វថ្ងៃនេះ គ្មានចេតនា ចង់បញ្ចប់នូវអំពើហិង្សា គ្មានចេតនាចង់ដោះស្រាយបញ្ហា ដើម្បីនយោបាយសន្តិភាព រួបរួមជាតិទេ គឺនៅតែចង់ប្រើអំពើហិង្សា ការរំខាននូវសិទ្ធិសេរីភាព ហើយអំពើដែលគណបក្សប្រជាជន ធ្វើនេះហើយ ដែលធ្វើឲ្យគណបក្សប្រជាជន បរាជ័យ ចាញ់ឆ្នោតហ្នឹង»។
មន្ត្រីប្រចាំការនៅស្នងការរដ្ឋានខេត្តព្រៃវែង ដែលមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា លោកមិនទាន់ដឹងពីករណីនេះនៅឡើយទេ ហើយលោកនឹងសួរទៅអធិការដ្ឋានស្រុកកញ្ច្រៀច។ សម្រាប់ប៉ូលីសប្រចាំការអធិការដ្ឋានស្រុកកញ្ច្រៀច ដែលមិនព្រមប្រាប់ឈ្មោះ បដិសេធថា មានការអុកឡុកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ «អត់មានទេបង អត់មានការរំខានទេ ព្រោះសន្តិសុខការពារយាមទាំងអស់ ហើយមានទៅចាក់មេក្រូអីឯណា មានតែតាៗ និងលោកនៅវត្ត ប្រជាពលរដ្ឋគ្មានចាក់ផងហ្នឹង»។
នាយកប្រតិបត្ដិគណៈកម្មាធិការអព្យាក្រិត និងយុត្ដិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គណបក្សឈ្នះឆ្នោតទាំងពីរគួរតែមានភាពស្មោះត្រង់នឹងគ្នា ខណៈការចរចាម្សិលមិញមានភាពវិជ្ជមានហើយ។ លោកបន្តថា ប្រសិនបើមានករណីអុកឡុក ឬគំរាមបែបនោះមែន ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គួរតែសាកសួរឲ្យបានច្បាស់ ទៅកាន់មនុស្សរបស់ខ្លួន ថាអ្នកណាជាអ្នកប្រព្រឹត្តិទង្វើនេះ ហើយបញ្ឈប់ជាបន្ទាន់ «ប្រសិនជាមានអ្នកបង្ក ឲ្យមានភាពភ័យខ្លាច បែបនេះ វាអាចធ្វើឲ្យរាំងស្ទះដល់ការចរចាទៅវិញទេ អញ្ចឹងភាគីខាងគណបក្សប្រជាជន គួរតែពិនិត្យឡើងវិញថាតើ ជាបុគ្គលណាដែលប្រព្រឹត្តអំពើមិនគប្បីបែបនេះ ពីព្រោះថា ការបង្ហាញអាកប្បកិរិយាបែបនេះ គឺជាការគំរាមដល់ពលរដ្ឋ និងគណបក្សផ្សេងហើយ »។
ចាប់តាំងពីចុងខែមករា ឆ្នាំ២០១៤នេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែងតែរងនូវការរំខាន ពីសំណាក់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅពេលចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដូចជាខេត្តកំពង់ចាម ព្រៃវែង កណ្តាលជាដើម៕
No comments:
Post a Comment