Paris Peace Accords 23 Oct. 1991

Wednesday, February 19, 2014

អារ្យធម៌​ខ្មែរ​ នៅ​សម័យ​ នគរ​ភ្នំ

អារ្យធម៌​ខ្មែរ​ នៅ​សម័យ​ នគរ​ភ្នំ

ដោយ ជុន ច័ន្ទបុត្រ /​ អាស៊ីសេរី | ១៩ កុម្ភៈ ២០១៤
លោក​អ្នក​នាង​ជ្រាប​ទេ​ថា នៅ​សង្គម​អាណាចក្រ​ភ្នំ ជា​សង្គម​មេ​និយម គឺ​គេ​ទុក​ស្រី​ជា​ធំ​នៅ​ក្នុង​គ្រួសារ​ផង និង​នៅ​ក្នុង​សង្គម​ផង។ ក្នុង​ការ​ជ្រើស​រើស​គូ​ស្រករ​វិញ មិន​មែន​ប្រុស​ដណ្ដឹង​ស្រី​ដូច​សម័យ​បច្ចុប្បន្ន​នេះ​ទេ នៅ​សម័យ​អាណាចក្រ​ភ្នំ គឺ​ស្រី​ដណ្ដឹង​ប្រុស។
ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​លោក​អ្នក​នាង​អំពី​អារ្យធម៌​ខ្មែរ​នៅ​សម័យ​នគរ​ភ្នំ។
ឯកសារ​ចិន បាន​បញ្ជាក់​អោយ​យើង​ដឹង​ថា ភូមិ​ខ្មែរ​ព័ទ្ធ​ជុំវិញ​ដោយ​កំពែង​ធ្វើ​អំពី​ដី មាន​គូ​ទឹក ឬ​ស្រះ​ធំៗ​ព័ទ្ធ​ជុំវិញ ដែល​មាន​ចិញ្ចឹម​ក្រពើ​ជាច្រើន​ផង។ នៅ​ក្នុង​បរិវេណ​ភូមិ មាន​ស្រះ​ទឹក​សម្រាប់​ប្រើ​រួម​គ្នា។ ផ្ទះ​សង់​អំពី​ឈើ​បន្តើត​ខ្ពស់​ផុត​ពី​ដី ហើយ​ប្រក់​ស្លឹក។
មនុស្ស​នៅ​អាណាចក្រ​ភ្នំ ច្រើន​មាន​សម្បុរ​ខ្មៅ សក់​រួញ​អង្គាដី ច្រើន​លែង​ខ្លួន​ទទេ។ អ្នក​ស្រុក​ធម្មតា​ស្លៀក​សារុង ឬ​សំពត់​អំបោះ ដើរ​ជើង​ទទេ។ ឯ​អ្នក​មាន និង​មន្ត្រី ស្លៀក​សំពត់​សំឡុយ ឬ​ចង​ក្បិន​សំពត់​ចរបាប់ មាន​ពាក់​ស្បែក​ជើង​ផង។ ទាំងអស់​គ្នា​និយម​ចោះ​ត្រចៀក ដើម្បី​ពាក់​ក្រវិល​រយ៉ា ទំហ៊ូ ត្រសាល់​ត្រចៀក។ គេ​ចូល​ចិត្ត​ល្បែង​ប្រជល់​មាន់ ប្រជល់​ជ្រូក ហើយ​មាន​ការ​ប៉ិនប្រសប់​ក្នុង​ជំនាញ​សិប្បកម្ម​ត្បាញ​រវៃ​សូត្រ​អំបោះ និង​ជាង​ចម្លាក់​ប្រាក់ ស្ពាន់ ជំនាញ​ជាង​ទង ធ្វើ​គ្រឿង​អលង្ការ​មាស​ថែម​ទៀត​ផង។
មនុស្ស​នៅ​អាណាចក្រ​នគរ​ភ្នំ​ត្រង់​ណាស់ មិន​មាន​ចិត្ត​លោភលន់ ហើយ​មិន​ចេះ​លួច​ទេ។ បើ​មាន​ទំនាស់ ឬ​ក្តី​ក្ដាំ​គ្នា​កើត​ឡើង គេ​ចូល​ចិត្ត​ប្រើ​វិធី​អស្ចារ្យ ដើម្បី​រក​សេចក្តី​ពិត។ កាល​ណា​មាន​បាត់​របស់​អ្វី​មួយ គេ​យក​បាយ​ពំនូត ទៅ​ដាក់​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ទេវតា រួច​គេ​បួង​សួង​សុំ​អោយ​ព្រះអង្គ​ជួយ​បង្ហាញ​មុខ​ជន​ទុច្ចរិត។ ស្អែក​ឡើង​គេ​យក​បាយ​ពំនូត​នោះ អោយ​អ្នក​ជាប់​សង្ស័យ​បរិភោគ។ គេ​ជឿ​ថា អ្នក​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស នឹង​មាន​ឈាម​ហូរ​ចេញ​ពី​មាត់​ជាក់​ស្ដែង។ ឯ​អ្នក​សុចរិត​វិញ អាច​ទំពារ​បាយ​ពំនូត​នោះ​បាន​ដោយ​ស្រួល។
ម៉្យាង​ទៀត បើ​មាន​ជន​ជាប់​ចោទ​ពី​បទ​ផ្សេងៗ គេ​អោយ​ជន​នោះ​អត់​បាយ​បី​ថ្ងៃ រួច​តម្រូវ​អោយ​ជន​នោះ លូក​យក​វត្ថុ​ផ្សេងៗ មាន​ពង​មាន់ ឬ​ចិញ្ចៀន​មាស​ចេញ​ពី​ឆ្នាំង ឬ​ខ្ទះ​ទឹក​កំពុង​ពុះ ឬ​ក៏​ត្រូវ​កាន់​ពូថៅ ឬ​ច្រវាក់​ដែល​ដុត​ឡើង​ក្រហម ហើយ​អោយ​ដើរ​បាន​ពីរ​ជំហាន។ បើ​មាន​កំហុស​មែន ដៃ​ជន​នោះ​នឹង​រលាក​រលួយ។ ផ្ទុយ​ទៅ​វិញ បើ​មិន​បាន​ប្រព្រឹត្ត​ខុស គឺ​គ្មាន​ហ្មងសៅ​អ្វី​ទាំងអស់។ នៅ​អាណាចក្រ​ភ្នំ​គេ​មិន​និយម​ធ្វើ​គុក​ដាក់​មនុស្ស​ទេ បើ​កាល​ណា​មាន​កំហុស​ស្រាល គេ​ពិន័យ​ជន​មាន​ទោស តែ​បើ​មាន​កំហុស​ធ្ងន់​ថ្នាក់​ឧក្រិដ្ឋ​វិញ គេ​យក​អ្នក​នោះ​ទៅ​អោយ​ក្រពើ​ស៊ី ឬ​សត្វ​សាហាវ​ស៊ី​តែ​ម្តង។ ក្នុង​រយៈពេល​បី​ថ្ងៃ បើ​សត្វ​នោះ​មិន​ស៊ី​ទេ គេ​ចាត់​ទុក​ថា​អ្នក​នោះ​គ្មាន​កំហុស ហើយ​លែង​អោយ​រួច​ខ្លួន​វិញ។
ដោយសារ​បាន​ទទួល​ឥទ្ធិពល​ឥណ្ឌា ដល់​ទៅ​ពីរ​ដង គឺ​ដើម​សតវត្ស​ទី​១ និង​ដើម​សតវត្ស​ទី​៥ របប​នយោបាយ​របស់​អាណាចក្រ​ភ្នំ គឺ​រាជា​និយម​តាម​បែប​ឥណ្ឌា។ មហា​រាជ​មាន​ងារ​ជា​ស្ដេច​ចក្រវាឡ ឬ​កុរុងវ្នំ សោយរាជ្យ​លើ​អាណាចក្រ​ដែល​មាន​សាមន្តរដ្ឋ ឬ​រដ្ឋ​ចំណុះ​ជាច្រើន ក្នុង​នោះ​មាន​ទាំង​សាមន្ត​រដ្ឋ​ចេនឡា ទៀត​ផង។ ព្រះរាជា​គង់​ក្នុង​ព្រះរាជវាំង​ដែល​មាន​ដំណាក់​ច្រើន​ជាន់ មាន​របង​ជុំវិញ។ ក្នុង​ពេល​ប្រទាន​សវនាការ ព្រះអង្គ​ទ្រង់​គង់​ផ្ទាល់​លើ​ព្រះទែន ផ្តេក​ជង្គង់​ឆ្វេង បញ្ឈរ​ជង្គង់​ស្តាំ ដូច​កាយ​វិការ​រូប​ចម្លាក់​ស្ដេច​គម្លង់​សព្វថ្ងៃ។ មាន​ពាន​មាស និង​ផើង​មាស ដុត​ឈើ​ក្រអូប​ដាក់​លើ​កម្រាល​ពី​ខាង​មុខ ហើយ​មាន​រូប​ព្រះរាជ​សង្ហារ​តម្កល់​នៅ​ចន្លោះ​កណ្ដាល​ពាន​មាស​នោះ​ផង។
ព្រះរាជា​ទ្រង់​យាង​ទៅ​ណា​មក​ណា​ដោយ​ដំរី ដែល​មាន​ក្បួន​ដង្ហែ​អ៊ឹកធឹក​ពី​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ស្រី​ស្នំ​បរិពារ​ផង។ ពន្ធដារ​សម័យ​នោះ ត្រូវ​បង់​ជា​មាស ប្រាក់ គុជ ឬ​ក៏​គ្រឿង​ក្រអូប​ផ្សេងៗ។ សង្គម​អាណាចក្រ​ភ្នំ ជា​សង្គម​មេ​និយម គឺ​គេ​ទុក​ស្រី​ជា​ធំ​នៅ​ក្នុង​គ្រួសារ​ផង និង​នៅ​ក្នុង​សង្គម​ផង។ ក្នុង​ការ​កសាង​គ្រួសារ គឺ​ស្រី​ដណ្ដឹង​ប្រុស។
កំពង់ផែ​សំខាន់​របស់​អាណាចក្រ​ភ្នំ គឺ​អូកែវ ស្ថិត​នៅ​ខាង​ត្បូង​ភ្នំ​បាថេ ក្នុង​ដែន​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ លើ​តំបន់​ស្ថានីយ​បុរេ​ប្រវត្តិសាស្ត្រ​សម័យ​យុគថ្មរំលីង ដែល​អ្នក​ដើរ​សមុទ្រ​ជាតិ​ឥណ្ឌា បាន​ស្គាល់​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ កំពង់ផែ​នេះ​មិន​មែន​គ្រាន់​តែ​ទទួល​សំពៅ​ធំៗ​ពី​ប្រទេស​ចិន ម៉ាឡាយូ និង​ឥណ្ឌា ប៉ុណ្ណោះ​ទេ ព្រម​ទាំង​បាន​ទទួល​នាវា​សមុទ្រ​ធំៗ ដែល​ដឹក​ទំនិញ​មក​ពី​ចក្រភព​រ៉ូម៉ាំង ស្ថិត​ត្រង់​ព្រំ​ប្រទល់​សមុទ្រ​ក្រហម​ថែម​ទៀត​ផង។ នៅ​កំពង់ផែ​អូកែវ គេ​បាន​រក​ឃើញ​ត្រា​មាន​អក្សរ​សំស្ក្រឹត​មេដាយ​មាស មាន​កាល​បរិច្ឆេទ​ឆ្នាំ​១៥២ មាន​រូប​សំណាក​ព្រះចៅ អង់តូនីន និង​ចម្លាក់​ថ្ម​ផ្សេងៗ មក​ពី​តំបន់​មេឌីទែរ៉ាណេ ថែម​ទៀត​ផង។
ខាង​វិស័យ​សេដ្ឋកិច្ច​វិញ ក្នុង​សម័យ​នគរ​ភ្នំ​មាន​ឈ្មោះ​ថា​ថ្កុំថ្កើង​រុងរឿង​ណាស់។ កសិកម្ម​មាន​ការ​រីក​លូត​លាស់​ចម្រើន​ខ្លាំង ដោយសារ​តែ​មាន​ជោគជ័យ​ក្នុង​នយោបាយ​ទឹក រហូត​ដល់​ឯកសារ​ចិន កត់​ត្រា​ថា គេ​ព្រួស​មួយ​ឆ្នាំ គេ​ច្រូត​បាន​បី​រដូវ។ ខាង​ពាណិជ្ជកម្ម ក្រៅ​ពី​កំពង់ផែ​អូកែវ ដែល​ជា​កំពង់ផែ​អន្តរជាតិ​ទទួល​នាវា​ផ្ទុក​ទំនិញ​ធំៗ​ពី​គ្រប់​ទិសទី អាណាចក្រ​ភ្នំ​មាន​បច្ចេកទេស​ក្នុង​ការ​ធ្វើ​សំពៅ​ធំៗ ដើរ​តាម​សមុទ្រ ដែល​តាម​ឯកសារ​ចិន បញ្ជាក់​ថា សំពៅ​មាន​ប្រវែង ៣០​ម៉ែត្រ ដែល​មាន​ក្បាល និង​កន្សៃ​មាន​រាង​ជា​ក្បាល និង​កន្ទុយ​ត្រី។
ខាង​វិស័យ​អប់រំ មាន​ការ​រីក​ចម្រើន​ខ្លាំង ព្រោះ​ឯកសារ​ចិន បាន​បញ្ជាក់​ថា អាណាចក្រ​ភ្នំ​មាន​សៀវភៅ និង​មាន​កន្លែង​រក្សា​ទុក​ប័ណ្ណសារ។ ភាសា​ខ្មែរ​ជា​ភាសា​ប្រើ​ទូទៅ ឯ​ភាសា​សំស្ក្រឹត ជា​ភាសា​ផ្លូវ​ការ។ ខាង​វិស័យ​សាសនា​វិញ អ្នក​នគរ​ភ្នំ​បាន​កាន់​សាសនា​ធំៗ​ពីរ​មក​ពី​ឥណ្ឌា គឺ​ព្រហ្មញ្ញ​សាសនា និង​ព្រះពុទ្ធ​សាសនា ហើយ​ជា​ទូទៅ ព្រះពុទ្ធ​សាសនា​មហា​យាន ដែល​លាយ​ចម្រុះ​គ្នា​នឹង​ជំនឿ​អារក្ខ​អ្នក​តា​មេ​បា ដែល​ជា​ជំនឿ​ដើម​របស់​អ្នក​នគរ​ភ្នំ ត្រូវ​បាន​ប្រជារាស្ត្រ​នគរ​ភ្នំ​គោរព​បូជា​ជា​ទូទៅ។
ចំណែក​ខាង​ការ​ទុក​ដាក់​សព​ក្នុង​សម័យ​នគរ​ភ្នំ​វិញ មាន​ដូច​ត​ទៅ​នេះ ពិធី​បូជា​សព​ព្រះមហាក្សត្រ​ត្រូវ​ធ្វើ​ឡើង ៧​ថ្ងៃ ក្រោយ​ពី​ពេល​ចូល​ទិវង្គត។ ព្រះ​សព​ត្រូវ​រុំ​យ៉ាង​ស្អាត ហើយ​ដង្ហែ​ទៅ​មាត់​ទន្លេ ដោយ​មាន​សំឡេង​តូរ្យតន្ត្រី ស្គរ​ប្រគំ និង​របាំ​សក្ការៈ​កំដរ​ផង។ ព្រះ​សព​របស់​ព្រះរាជា​ត្រូវ​បូជា​នៅ​លើ​គំនរ​ឧស​មួយ។ ព្រះ​ធាតុ​ត្រូវ​គេ​រើស​ដាក់​ក្នុង​កោដ្ឋ​មាស ដែល​ទី​បំផុត​គេ​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​ទន្លេ ឬ​សមុទ្រ។
សព​ពួក​មន្ត្រី​ធំៗ ត្រូវ​បូជា​ក្នុង​រយៈពេល​បី​ថ្ងៃ​ក្រោយ​ពេល​អនិច្ចកម្ម ហើយ​អដ្ឋិធាតុ​ត្រូវ​ដាក់​ក្នុង​កោដ្ឋ​ប្រាក់ រួច​យក​ទៅ​ទម្លាក់​ក្នុង​ទឹក​ទន្លេ។
ចំណែក​ជន​ធម្មតា​វិញ ពិធី​ទុក​ដាក់​សព​នេះ​មាន ៤​បែប គឺ​បូជា​ដោយ​ភ្លើង ឬ​កប់​ក្នុង​ដី ឬ​បោះ​ចោល​ក្នុង​ទឹក ឬ​ដាក់​ហាល​ខ្យល់​កណ្ដាល​វាល ទុក​អោយ​សត្វ​ស៊ី​ជា​ចំណី។ ឯ​ការ​កាន់​ទុក្ខ គឺ​គេ​កោរ​សក់ និង​កោរ​ពុក​មាត់។
ខាង​វិស័យ​ស្ថាបត្យកម្ម និង​ចម្លាក់​វិញ ក្រៅ​ពី​ប្រាសាទ​ដែល​សង់​ដោយ​លុង​ភ្នំ គ្មាន​ប្រាសាទ​ណា​នៅ​គង់វង្ស​ល្អ​ទេ តែ​គេ​សន្និដ្ឋាន​ថា ប្រាសាទ​ទាំង​ឡាយ​ក្នុង​សម័យ​នោះ កសាង​ឡើង​ដោយ​ឥដ្ឋ ដោយ​គេ​អាច​រក​ឃើញ​ខឿន​សំណង់​ផ្សេងៗ​អំពី​ឥដ្ឋ នៅ​កំពង់ផែ​អូកែវ និង​នៅ​អង្គរបុរី។
ខាង​សិល្បៈ​បដិមា គេ​បាន​រក​ឃើញ​ព្រះពុទ្ធរូប និង​ទេវរូប​ជាច្រើន នៅ​តំបន់​ភ្នំ​ដា ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ដូច​ជា​ព្រះពុទ្ធរូប​វត្ត​រំលក រូប​ព្រះវិស្ណុ ព្រះ​ពលរាម ព្រះ​កល្កិន ព្រះ​ក្រិស្ណ គោវធន។ ស្នាដៃ​ទាំងអស់​នេះ នៅ​មាន​លក្ខណៈ​ជា​ឥណ្ឌា នៅ​ឡើយ ពោល គឺ​រូប​ទាំង​នោះ​មាន​រាង​ធាត់ៗ កាច់​ចង្កេះ និង​មាន​ធ្នូ ឬ​ក្រចក​សេះ ឬ​ចន្ទល់​ទ្រ​ថែម​ទៀត​ផង៕



No comments:

Post a Comment