សហភាពអឺរ៉ុប បានចុះស៊ើបអង្កេតជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលប្រជាពលរដ្ឋចោទថា បានរំលោភយកដីរបស់ពួកគេតាមរយៈការទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល។
សហភាពអឺរ៉ុប និងប្រទេសបញ្ជាទិញស្ករសអន្តរជាតិ បានប្រកាសថា នឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងអស់ ក្នុងករណីដំណើរការសង្វាក់ផលិតកម្មមានការរំលោភសិទ្ធិមនុស្សការទន្ទ្រានដីធ្លី និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។
លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលរាប់ម៉ឺនហិកតារ ដើម្បីអភិវឌ្ឍដំណាំកសិឧស្សាហកម្មស្ករអំពៅ ក្នុងគោលបំណងបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែ ការអភិវឌ្ឍរបស់ក្រុមហ៊ុនតាមរយៈការទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលនេះ បានបង្កឲ្យប៉ះពាល់ដីប្រជាពលរដ្ឋរាប់ពាន់គ្រួសារ និងការរំលោភសិទ្ធិមនុស្ស។
បញ្ហាលើសង្វាក់ផលិតកម្មស្ករអំពៅនេះ អ្នកបញ្ជាទិញស្ករអន្តរជាតិ ក៏ធ្លាប់បានប្រកាសមិនទទួលទិញស្ករសពីប្រទេសណាដែលមានការរំលោភសិទ្ធិមនុស្ស និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ក្នុងនោះមានក្រុមហ៊ុនកូកាកូឡា ជាដើម។ ក្រុមហ៊ុននេះ បានទាក់ទងក្រុមហ៊ុនដែលផ្គត់ផ្គង់ស្ករសរបស់ខ្លួន ឲ្យបកស្រាយអំពីការរំលោភសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី។
បន្ថែមលើនេះ របាយការណ៍របស់អង្គការសមធម៌កម្ពុជា "ការប្រមូលផលផ្អែមតែល្វីង" ដែលចេញផ្សាយនៅដើមខែវិច្ឆិកា ឆ្នាំ២០១៣ បានរកឃើញថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ ត្រូវបានគេបណ្ដេញចេញពីដីធ្លី ផ្ទះសម្បែង និងស្រែចម្ការ ដោយសារការអភិវឌ្ឍដំណាំកសិឧស្សាហកម្មស្ករអំពៅ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោកឧកញ៉ា លី យ៉ុងផាត់ សុំការអត្ថាធិប្បាយបន្ថែមជុំវិញការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដាំអំពៅ នៅក្នុងខេត្តឧត្ដរមានជ័យ កំពង់ស្ពឺ និងខេត្តកោះកុង បានទេ។ ប៉ុន្តែ ឧកញ៉ា លី យ៉ុងផាត់ មានប្រសាសន៍នៅក្នុងគេហទំព័រក្រុមហ៊ុនស្ករសភ្នំពេញរបស់លោកថា ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន នឹងបង្កើតឲ្យមានបរិយាកាសធុរកិច្ចប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា លី យ៉ុងផាត់ មានក្រុមហ៊ុនជាច្រើនដែលវិនិយោគលើវិស័យដាំដុះ ការដោះដូរពាណិជ្ជកម្ម ការអភិវឌ្ឍអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ល្បែង និងសេវាកម្សាន្តជាដើម។
ប៉ុន្តែ អង្គការសង្គមស៊ីវិលបានរកឃើញថា ការរកស៊ីរបស់ លោកឧកញ៉ា លី យ៉ុងផាត់ នេះ បានបង្កើតឲ្យមានអ្នករងគ្រោះជាច្រើន ជាពិសេសលើកសិឧស្សាហកម្មស្ករអំពៅជាបន្តបន្ទាប់។
នៅក្នុងឆ្នាំ២០០៣ ប្រជាពលរដ្ឋនៅឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ បានបាត់ដីប្រមាណ ៦០០ហិកតារពីគម្រោងអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្មស្ករអំពៅ។ អ្នករងគ្រោះពីគម្រោងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ច នៅខេត្តឧត្ដរមានជ័យ ម្នាក់ អ្នកស្រី ហួយ ម៉ៃ បានឲ្យដឹងថា គាត់បាត់បង់ដីប្រមាណ ២០ហិកតារ។ អ្នកស្រីបញ្ជាក់ថា គ្មានអ្នកណាម្នាក់ចូលមកជួយអន្តរាគមន៍ដោះស្រាយបញ្ហាបាត់បង់ដីធ្លីរបស់គាត់ឡើយ ចាប់តាំងពីឆ្នាំ២០០៣ មក។
នៅក្នុងឆ្នាំ២០០៦ ក្រុមហ៊ុននេះក៏បានទទួលដីសម្បទានសេដ្ឋកិច្ចបន្ថែមទៀត អភិវឌ្ឍនៅខេត្តកោះកុង ហើយចុងក្រោយ គឺនៅខេត្តកំពង់ស្ពឺ។
តំណាងសហគមន៍ប៉ះពាល់ដីធ្លីនៅខេត្តកំពង់ស្ពឺ លោក ផល វណ្ណៈ បានឲ្យដឹងថា ចាប់តាំងពីក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានចូលមកអភិវឌ្ឍកាលពីឆ្នាំ២០១០ បានធ្វើឲ្យប៉ះពាល់ដីសហគមន៍ និងដីស្រែប្រជាពលរដ្ឋបង្កបង្កើនផល។ ហើយក្រុមហ៊ុនវិញ បានផ្ដល់សំណងដីគ្មានគុណភាពដល់ប្រជាពលរដ្ឋរងគ្រោះរាប់ពាន់គ្រួសារ។
អ្នកស្រី ហួយ ម៉ៃ ដែលតំណាងឲ្យក្រុមអ្នករងគ្រោះទាំងនេះ សង្ឃឹមថាសហគមន៍អន្តរជាតិ ឬអ្នកបញ្ជាទិញស្ករសពីកម្ពុជា ដាក់សម្ពាធលើក្រុមហ៊ុនឲ្យផ្ដល់សំណង និងប្រគល់ដីរបស់គាត់វិញឲ្យបានគ្រប់ចំនួន៖ «តាមខ្ញុំ ខ្ញុំសង្ឃឹមច្រើន ព្រោះអីគាត់និយាយសន្យាជួបប្រជាពលរដ្ឋ។ ហើយគាត់នឹងចុះស៊ើបអង្កេតម្ដងទៀត ដើម្បីរកដំណោះស្រាយ ដោយសារប្រជាពលរដ្ឋប៉ះពាល់ច្រើនជាងគេ»។
អ្នកស្រី ហួយ ម៉ៃ បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា វិញ ត្រូវគោរពគោលការណ៍សិទ្ធិមនុស្ស និងជៀសវាងការចាប់ចងប្រជាពលរដ្ឋរបស់ខ្លួនដែលមិនមានកំហុសនោះ។
បញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនស្ករអំពៅនេះ សមាជិកសភារបស់សហភាពអឺរ៉ុប លោក ផែតទ្រីស ទីរ៉ូលែន (Patrice Tirolien) ក៏បានចុះមកស៊ើបអង្កេតអំពីផលប៉ះពាល់នៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចស្ករអំពៅ ដែលស្ថិតនៅខេត្តឧត្ដរមានជ័យ កោះកុង និងខេត្តកំពង់ស្ពឺ។ លោកនឹងរៀបចំរបាយការណ៍ដាក់ជូនទៅឧត្ដមស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប អំពីការរកឃើញរបស់លោក។ លោកបញ្ជាក់ថា គោលនយោបាយរបស់សហភាពអឺរ៉ុប គឺជួយលើកកម្ពស់ដល់ប្រជាពលរដ្ឋក្រីក្រ មិនមែនបង្កើនចំនួនអ្នករងគ្រោះនោះទេ៖ «ខ្ញុំដឹងហើយថា ប្រជាពលរដ្ឋបានបាត់ដីដោយគ្មានសំណងសមរម្យ។ អ្នកខ្លះបានសំណងតិចតួច និងអ្នកខ្លះទៀត បានទទួលដីគ្មានជីជាតិ ធ្វើអ្វីមិនកើត។ ប្រជាពលរដ្ឋដែលបាត់ដីនេះ នឹងមិនអាចទទួលបានផលប្រយោជន៍ពីគោលនយោបាយសហភាពអឺរ៉ុប នោះទេ»។
លោក ផែតទ្រីស ទីរ៉ូលែន នឹងស្នើទៅឧត្ដមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ចេញនូវវិធានការជាក់លាក់ និងចាំបាច់មួយ ដើម្បីដោះស្រាយដល់អ្នករងគ្រោះទាំងនោះ។
បន្ថែមលើនេះ ប្រធានប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកឯកអគ្គរដ្ឋទូត ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean francois CAUTAIN) មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ក្នុងកំឡុងខែតុលា ឆ្នាំ២០១៣ ថា បញ្ហារំលោភសិទ្ធិមនុស្ស គឺទាក់ទងអនុវត្តពេញលេញ ឬមិនបានអនុវត្តពេញលេញចំពោះគម្រោងដីអភិវឌ្ឍន៍សម្បទានសេដ្ឋកិច្ច ដែលក្រុមហ៊ុនឯកជនទទួលបានពីរាជរដ្ឋាភិបាល។
សហភាពអឺរ៉ុប ប្រចាំកម្ពុជា កំពុងធ្វើកិច្ចការនេះដែលតែងតែធ្វើការស៊ើបអង្កេតដោយសហភាពអឺរ៉ុប បានសហការ និងផ្ដល់ហិរញ្ញប្បទានថវិកាដល់អង្គការនានា ឲ្យឃ្លាំមើលពីបញ្ហារំលោភសិទ្ធិមនុស្សនេះនៅប្រទេសកម្ពុជា។ អ្នកទទួលផលប្រយោជន៍ មិនត្រឹមតែផ្ដល់ជូនដល់ម្ចាស់វិនិយោគនោះទេ ប៉ុន្តែត្រូវផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍នោះផង។
នាយកអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា ការអភិវឌ្ឍភាគច្រើនមិនបានផ្ដល់ផលប្រយោជន៍ស្មើគ្នារវាងម្ចាស់គម្រោងវិនិយោគ និងប្រជាពលរដ្ឋឡើយ។ ម្ចាស់គម្រោងអភិវឌ្ឍន៍ទទួលបានអត្ថប្រយោជន៍ ឬទទួលបានលុយច្រើនលានដុល្លារអាមេរិក តាមរយៈការទទួលដីសម្បទានសេដ្ឋកិច្ច។ អ្នកដែលទទួលដីសម្បទានសេដ្ឋកិច្ចច្រើនជាងគេ គឺភាគច្រើនមានងារជាឧកញ៉ា សមាជិកសភា ឬអ្នកមានឋានៈខ្ពស់មកពីជួររដ្ឋាភិបាល។
រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចដាំអំពៅប្រមាណ ៦ម៉ឺន ៥ពាន់ហិកតារ ដល់ក្រុមហ៊ុនចំនួន៧ ដែលស្ថិតនៅខេត្តកោះកុង កំពង់ស្ពឺ និងខេត្តឧត្តរមានជ័យ។ បរិមាណស្ករសដែលកម្ពុជា ផលិតបាន មានតម្លៃនាំចេញយ៉ាងហោចណាស់ ២៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ភាគច្រើននៃស្ករសនោះ បាននាំចេញទៅលក់នៅសហភាពអឺរ៉ុប ដោយការអនុគ្រោះពន្ធគយ៕
No comments:
Post a Comment