Paris Peace Accords 23 Oct. 1991

Saturday, February 15, 2014

មន្ទីរពេទ្យ​ ព្រះអង្គ​ឌួង​ រៀប​ចំ​កម្មវិធី​ បរិច្ចាគ​ឈាម​ ក្នុង​ថ្ងៃ​ នៃ​ក្ដី​ស្រឡាញ់

ផ្ដល់​ឈាម ៦១០
៥-កញ្ញា-២០១៣៖ រូប​ប៉ាណូ​ផ្សព្វផ្សាយ​ដល់​យុវជន ឲ្យ​ចូល​រួម​ផ្ដល់​ឈាម ដាក់​តាំង​នៅ​ក្បែរ​មាត់​ទ្វារ​អគារ​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង រាជធានី​ភ្នំពេញ។

មន្ទីរពេទ្យ​ ព្រះអង្គ​ឌួង​ រៀប​ចំ​កម្មវិធី​ បរិច្ចាគ​ឈាម​ ក្នុង​ថ្ងៃ​ នៃ​ក្ដី​ស្រឡាញ់


ដោយ វោហារ ជាតិ / អាស៊ិសេរី | ១៤ កុម្ភៈ ២០១៤
មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន បាន​ឆ្លៀត​ឱកាស​យក​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់ គឺ​ថ្ងៃ​ទី​១៤ កុម្ភៈ ដើម្បី​អប់រំ​យុវជន​ខ្មែរ​កុំ​ឲ្យ​ភ្លើតភ្លើន​នឹង​ស្នេហា ហើយ​ប្រែ​ក្លាយ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​នេះ​ចេះ​ស្រឡាញ់​សង្គម​ជាតិ​វិញ។ ការ​អប់រំ​ផ្សព្វផ្សាយ​នោះ​មាន​ដូច​ជា អប់រំ​យុវជន​ឲ្យ​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម​ជួយ​សង្គ្រោះ​ជីវិត និង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​ការ​បង្ការ​នៃ​ការ​ឆ្លង​មេរោគ​អេដស៍ ឬ​អេច្ឆ.អាយ.វី (HIV) ជាដើម។
ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត ហុក គឹមចេង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ដែល​ចំ​ថ្ងៃ​នៃ​ទិវា​ក្ដី​ស្រឡាញ់​ថា លោក​បាន​រៀប​ចំ​កម្មវិធី​ទទួល​ការ​បរិច្ចាគ​ឈាម​មួយ​ពី​សប្បុរសជន នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង រាជធានី​ភ្នំពេញ ហើយ​បាន​ទទួល​ឈាម​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​ឈាម​ភាគ​ច្រើន​ផ្ដល់​ដោយ​ក្រុម​យុវជន​តាម​សកលវិទ្យាល័យ។
លោក​បន្ត​ថា មាន​យុវជន សិស្សានុសិស្ស​ជាច្រើន នាំ​គ្នា​ទៅ​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​សង្គម​ជាតិ ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ៖ «មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក កាក​បាទ​ក្រហម​កម្ពុជា​ភ្នំពេញ វិស័យ​ឯកជន និង​សកលវិទ្យាល័យ​ជាច្រើន ដែល​ជា​អ្នក​គាំទ្រ​ជា​ច្រើន​រៀប​ចំ​ជា​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ និង​ទទួល​អំណោយ​ឈាម​នៅ​ក្នុង​បរិវេណ​នៃ​មជ្ឈមណ្ឌល​ផ្ដល់​ឈាម​តែ​ម្ដង។ ហើយ​វា​ចំ​នឹង​ទិវា​ដែល​យើង​ហៅ​ថា ជា​ទិវា​នៃ​សេចក្ដី​ស្រឡាញ់ អ៊ីចឹង​មាន​យុវជន​ចូល​រួម​ធ្វើ​ការ​បរិច្ចាគ​ឈាម»
លោក​វេជ្ជបណ្ឌិត​បន្ត​ថា នៅ​ក្នុង​ថ្ងៃ​នៃ​ទិវា​សេចក្ដី​ស្រឡាញ់​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ទទួល​បាន​ឈាម​ជាង ៣០០​ផ្លោក។ ចំណែក​អង្គការ​ថែ​ទាំ​សុខភាព​កម្ពុជា វិញ ក៏​បាន​ធ្វើ​យុទ្ធនាការ​មនុស្ស​ធម៌​ដែរ ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ។
ប្រធាន​កម្មវិធី​នៃ​អង្គការ​ថែ​ទាំ​សុខភាព​កម្ពុជា បាន​សហការ​ជាមួយ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​នានា​ជិត ២០០​នាក់ ជួយ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ ជាពិសេស​អប់រំ​ក្រុម​យុវជន​អំពី​ការ​ប្រឈម​នឹង​មេរោគ​អេដស៍ ជំងឺ​អេដស៍ នៅ​រាជធានី​ភ្នំពេញ៖ «យើង​មាន​គោល​បំណង​ដើម្បី​ឆ្លៀត​យក​ឱកាស​មមាញឹក ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ប្រើប្រាស់​ការ​អប់រំ កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ហើយ​ក្នុង​ហ្នឹង​ដើម្បី​លើក​កម្ពស់​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ឲ្យ​បាន ១០០% ឲ្យ​ត្រឹមត្រូវ»
លោក​បញ្ជាក់​ថា តាម​ផែន​ការ អង្គការ​របស់​លោក​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​សេវា​សុខភាព​នេះ​ឲ្យ​បាន​ជាង ២​ម៉ឺន​នាក់ ចែក​ស្រោម​អនាម័យ​ឲ្យ​អស់ ១០​ម៉ឺន​ស្រោម និង​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍​ឲ្យ​បាន ១​ពាន់​នាក់ ក្នុង​ថ្ងៃ​នៃ​ទិវា​ក្ដី​ស្រឡាញ់​នេះ។
មន្ត្រី​អង្គការ​សុខភាព​មួយ​ចំនួន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ខ្លាច​មេរោគ​អេដស៍​ឆ្លង​រាល​ដាល​នៅ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ ព្រោះ​ថា ជា​ថ្ងៃ​យុវជន​ជួប​ជុំ​សប្បាយ​រីករាយ​ជា​មួយ​គ្នា​ច្រើន​ខុស​ពី​ថ្ងៃ​ធម្មតា។
នាយក​រង​អង្គការ​ខាណា (KHANA) ទទួល​បន្ទុក​ប្រតិបត្តិ​ការ​ទូទៅ លោក ជួប សុខចំរើន បាន​អំពាវនាវ​ឲ្យ​យុវជន​ទាំងអស់​ប្រុង​ប្រយ័ត្ន​ឆ្លង​មេរោគ​អេដស៍៖ «សម្រាប់​យុវជន​ទិវា​នៃ​ក្ដី​ស្រឡាញ់ ដែល​ធ្វើ​ឲ្យ​គាត់​ភ្លេច​ខ្លួន​ទៅ​ក្នុង​ការ​ធ្លាក់​ខ្លួន ឬ​ក៏​ចាញ់​បោក​ការ​ស្រឡាញ់​ហ្នឹង គឺ​អាច​ជា​កត្តា​ជំរុញ​ធ្វើ​ឲ្យ​គាត់​ស្ថិត​ក្នុង​ភាព​ហ្មងសៅ ជាពិសេស​ការ​ឆ្លង​មេរោគ​អេដស៍»
លោក​នាយក​រង​អង្គការ​ខាណា ក៏​បាន​អោយ​ដឹង​ថា យោង​តាម​របាយការណ៍​ឆ្នាំ​២០១២ នៃ​ក្រសួង​សុខាភិបាល មាន​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺ​អេដស៍​ចំនួន​ជាង ៧​ម៉ឺន ៣​ពាន់​នាក់ និង​អ្នក​ឆ្លង​មេរោគ​អេដស៍​ជាង ២​ម៉ឺន​នាក់​ទៀត​ដែល​មិន​ដឹង​មុខ៕



No comments:

Post a Comment