ក្រុមសមត្ថកិច្ចត្រូវគេដាក់ពង្រាយនៅរោងចក្រ យ៉ាក ជីន (Yak Jin) ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃ២ មករា ឆ្នាំ២០១៤។
RFA/Yang Socheametta
សង្គមស៊ីវិល បារម្ភ ពីវត្តមាន មន្ត្រីយោធា ក្នុងគណៈកម្មាធិការ ដោះស្រាយ បាតុកម្ម កូដកម្ម
ដោយ ម៉ម មុនីរតន៍ / អាស៊ីសេរី | ២១ កុម្ភៈ ២០១៤
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសហជីព ចាត់ទុកការកែទម្រង់គណៈកម្មាធិការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញារបស់រដ្ឋាភិបាល ដោយការបញ្ចូលសមាសភាពមន្ត្រីយោធាជាន់ខ្ពស់ក្នុងគណៈកម្មាធិការមួយនេះថា គឺជាឧបសគ្គយ៉ាងធ្ងន់ធ្ងរសម្រាប់ការកែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជា។
ប៉ុន្តែ មន្ត្រីកងរាជអាវុធហត្ថអះអាងថា ការបញ្ចូលសមាសភាពថ្មីនេះ នឹងជួយសម្រួលកិច្ចការជាច្រើនដល់ក្រុមអ្នកតវ៉ាទៅវិញទេ។
ប្រតិកម្មតបរបស់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និងសហជីព គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ ទី១៩ កុម្ភៈ បានដាក់បញ្ចូលមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនទៀត ក្នុងគណៈកម្មាធិការសម្រាប់ដោះស្រាយរាល់បញ្ហាកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា។
«សំឡេង»
កាលពីថ្ងៃពុធ ទី១៩ កុម្ភៈ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយស្ដីពីការកែសម្រួលសមាសភាពគណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្ម នៅតាមគ្រប់សញ្ញា ដោយបង្កើនសមាជិកគណៈកម្មការនេះរហូតដល់ ៤៩នាក់។
លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ (Licadho) រិះគន់ការកែទម្រង់នេះថា គេកម្រឃើញលទ្ធផលកើតចេញពីការដោះស្រាយផ្ទុយទៅវិញ បន្ទុកនៃបញ្ហាបានបន្តចាក់ស្រេះ។
យ៉ាងណា លោក អំ សំអាត យល់ថា ប្រសិនបើការបង្កើតគណៈកម្មការក្រោយនេះអាចកាត់បន្ថយបញ្ហាបាន នោះជាវិធីដ៏ប្រសើរ ក៏ប៉ុន្តែ បើយុទ្ធសាស្ត្រថ្មីនេះជារនាំងសម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធីវិញ នោះជាការតឹងតែងណាស់ចំពោះក្រុមអ្នកតវ៉ា។
«សំឡេង»
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ថា កំណែទម្រង់ថ្មីនៅពេលនេះ ដែលមានមន្ត្រីជាន់ខ្ពស់ចូលរួម នឹងពុំមែនជាឧបសគ្គសម្រាប់សម្រាប់ដំណើរការនៃប្រជាធិបតេយ្យ ដូចអ្វីដែលសង្គមស៊ីវិលលើកឡើងឡើយ។ លោកអះអាងថា សមាសភាពថ្មីនេះនឹងជួយសម្រួលកិច្ចការ និងនីតិវិធីសម្រាប់ក្រុមអ្នកតវ៉ាទៅវិញ។
«សំឡេង»
អនុក្រឹត្យរបស់ លោក ហ៊ុន សែន កាលពីថ្ងៃពុធ នោះដាក់បញ្ចូល លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថបន្ថែមទៀត។ លើសពីនេះ អនុក្រឹត្យស្ដីពីការកែទម្រង់នេះ បានដាក់បទបញ្ជាចំពោះមន្ត្រីគ្រប់មន្ទីរក្រសួង និងគ្រប់រាជធានីខេត្ត ក្រុង ត្រូវអនុវត្តគោលការណ៍នេះប្រកបដោយប្រសិទ្ធភាព។
ការសម្រេចនេះ ធ្វើឡើងក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី១៩ កុម្ភៈ ដំណាលគ្នានឹងក្រុមអ្នកបញ្ជាទិញចំនួន ២៧ និងសហជីពអន្តរជាតិចំនួន ៣ស្ថាប័ន ជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាល លោក គាត ឈន់ ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួនទៀត៕
Yeah right! Look at what the supposed protecting armies turned killers did to poor factory workers at Veng Sreng!
ReplyDeleteThe army has no business with civilians: that is international law! They should not betray the Khmer Constitutions and the country by getting involved with any party!