លោក ជា មុនី ប្រធានសហជីពសេរីកម្មករ
© ស៊ីវ ចាន់ណា
តុលាការ ខេត្តកំពង់ស្ពឺ សម្រេច ដាក់មេដឹកនាំ សហជីពកម្មករ ៥រូប ឲ្យ ជាប់កាតព្វកិច្ច នៃការត្រួតពិនិត្យ តាមផ្លូវតុលាការ
ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ស្ពឺ បានចេញដីកាសម្រេច ដាក់ជនត្រូវចោទ ជាមេដឹកនាំ សហជីពកម្មករ ៥ រូប ឲ្យជាប់កាតព្វកិច្ច នៃការត្រួតពិនិត្យ តាមផ្លូវតុលាការ។ មេដឹកនាំសហជីពសេរីកម្មករ របស់ លោក ជា មុនី ទាំង ៥ រូបនោះ ពាក់ព័ន្ធ នឹងសំណុំរឿង តវ៉ា របស់ កម្មករ រោងចក្រកាត់ដេរ សាប្រ៊ីណា នៅខេត្តកំពង់ស្ពឺ ហើយ កើតអំពើហឹង្សា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣។
មេដឹកនាំសហជីពសេរីកម្មករទាំង ៥ រូបនោះ រួមមាន លោក យ៉ាន់ រ័ត្នកែវពិសី លោក ថន ថុល អ្នកស្រី សំ ស្រីមុំ លោក សាយ ប្រុស និងលោក សៀង ហេម។ មេសហជីពកម្មករទាំង ៥ ស្ថិតក្នុងចំណោមកម្មករ និងមេដឹកនាំសហជីព ១៦ រូប ដែលត្រូវបានថៅកែក្រុមហ៊ុន រោងចក្រកាត់ដេរ សាប្រ៊ីណា ប្តឹងចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងញុះញង់ឲ្យកម្មករ ធ្វើបាតុកម្មតវ៉ា ប្រព្រឹត្តបទឧក្រិដ្ឋ តាមរយៈបាតុកម្មកម្មកររោងចក្រ ដែលកើតមានអំពើហិង្សា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤។
ដីកាសម្រេច ចុះថ្ងៃទី៥កុម្ភៈ របស់លោក ឆឹម ឬទ្ធី ចៅក្រមស៊ើបសួរ នៃតុលាការ សាលាដំបូង ខេត្តកំពង់ស្ពឺ បានលើកឡើងថា ការសម្រេចដាក់ជនត្រូវចោទ ឲ្យជាប់កាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដើម្បីធានាជនត្រូវចោទ មានវត្តមានចំពោះមុខតុលាការ និងដើម្បីចៀសវាងការរាំងស្ទះ ក្នុងដំណើរការ នៃនីតិវិធី។
លោកចៅក្រម ក៏បានព្រមានថា ក្នុងករណី ដែលជនត្រូវចោទគេចវេះ ដោយចេតនា មិនអនុវត្តតាមដីកាខាងលើនេះ ចៅក្រមស៊ើបសួរ នឹងចាប់ឃុំខ្លួនជនត្រូវចោទឡើងវិញ។
ដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ ត្រូវបានជនជាប់ចោទទាំង ៥ រូប ជាមេដឹកនាំសហជីពសេរីកម្មករ បានបិទមេដៃ ទទួលយក នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤។
លោក យ៉ាន់ រ័ត្នកែវពិសី អគ្គលេខាធិការរងសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាជនជាប់ចោទមួយរូប ក្នុងចំណោមមេដឹកនាំសហជីពកម្មករទាំង ៥ រូប ដែលចៅក្រម ដាក់ឲ្យជាប់កាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ បានចាត់ទុក ការប្តឹងផ្តល់ និងដីកាសម្រេចរបស់តុលាការ ថាជាការមួលបង្កាច់ ក្នុងបំណងបំបាក់ស្មារតីរបស់កម្មករ និងមេដឹកនាំសហជីព។ លោកបញ្ជាក់ថា នៅថ្ងៃកើតហេតុ នាថ្ងៃទី៣មិថុនា ឆ្នាំ២០១៣ រូបលោក មិនបាននៅកន្លែងកើតហេតុ និងមិនបានញុះញង់ ដឹកនាំកម្មករ ធ្វើបាតុកម្មតវ៉ា ដែលនាំដល់អំពើហិង្សានោះទេ។
ជាការកត់សម្គាល់ ក្នុងសំណុំរឿងព្រហ្មទណ្ឌ នៅរោងចក្រកាត់ដេរ សាប្រ៊ីណា នៅខេត្តកំពង់ស្ពឺ ខាងក្រុមហ៊ុនរោងចក្រ បានប្តឹងលើកម្មករ និងមេដឹកនាំសហជីពកម្មករ ចំនួន ១៦ រូប។ ក្នុងនោះ មានកម្មករ និងមេដឹកនាំសហជីពកម្មករ ៨ នាក់ ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ ក្នុងពេលកើតមានជម្លោះនៅរោងចក្រកាត់ដេរ សាប្រ៊ីណា ដែលស្ថិតនៅតាមផ្លូវជាតិលេខ៤ ម្តុំផ្សារថ្នល់ទទឹង ក្នុងខេត្តកំពង់ស្ពឺ។ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ចៅក្រមបានសម្រេចដោះលែងកម្មករ និងមេដឹកនាំសហជីពកម្មករ ទាំង ៨ នាក់ តែត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ៕
No comments:
Post a Comment