អ្នកវិភាគ៖ ការលើកពេល ប្រជុំ រវាង រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ជាការគេចវេស ពីការចោទសួរ របស់ ម្ចាស់ជំនួយ
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃសុក្រ ទី7 ខែកុម្ភៈ ឆ្នាំ2014
អ្នកវិភាគ និងអ្នកតាមដានព្រឹត្តិការណ៍សង្គម ឲ្យដឹងនៅថ្ងៃសុក្រនេះថា ការលើកពេលកិច្ចប្រជុំ លើកទី៤ ស្តីពី វេទិកាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ទំនងជារដ្ឋាភិបាល គេចវេសពីការចោទសួររបស់ម្ចាស់ជំនួយ ជុំវិញបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា។
កាលពីថ្ងៃទី៥ ខែកុម្ភៈ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក គាត ឈន់ ចុះហត្ថលេខាលើលិខិតមួយ រួចហើយផ្ញើលិខិតនោះជូន នាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា លោក Eric Sidgwick ថា វេទិកាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (CDCF) ដែលផ្តោតលើការអភិវឌ្ឍន៍ជាតិក្នុងក្របខណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានលើកពេល ដោយសារតែឯកសារគោលនយោបាយណែនាំក្នុងកិច្ចប្រជុំនេះ គឺសេចក្តីណែនាំ សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ NSDP (២០១៤ -២០១៨) កំពុងស្ថិតក្រោមការត្រួតពិនិត្យ របស់រាជរដ្ឋាភិបាលកម្ពុជានៅឡើយ។
ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា យល់ថា មូលហេតុរដ្ឋាភិបាលលើកពេលប្រជុំជាមួយនឹងម្ចាស់ជំនួយ មិនមែនជាជម្រើសល្អសម្រាប់កម្ពុជាទេ ខណៈស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងជាប់គាំងនោះ។ លោកបន្តថា រដ្ឋាភិបាលគួរជួបម្ចាស់ជំនួយ និងយកបញ្ហាប្រឈមដែលកើតមានដាក់លើតុ ពិភាក្សារកដំណោះស្រាយរួមមួយ «សំខាន់ អ្នកនយោបាយទាំងអស់ ត្រូវតែធ្វើយ៉ាងម៉េចឲ្យមូលនិធិនោះមានសង្ឃឹម និងជឿជាក់ថា មូលនិធិដែលគេផ្តល់មកនោះ បានយកទៅប្រើប្រាស់ត្រឹមត្រូវ ទី១។ ទី២ គឺថាមូលនិធិដែល មានការខ្ចីបុល គឺត្រូវតែមានការសងទៅវិញ ឲ្យត្រឹមត្រូវ អញ្ចឹងទេត្រូវតែដោះស្រាយបញ្ហាវិបត្តិជាប់គាំង ខាងនយោបាយនេះឯង ដែលធ្វើឲ្យម្ចាស់មូលនិធិ មានទំនុកចិត្តមកវិញ»។
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គម លោក កែម ឡី កត់សំគាល់ថា ការលើកពេលប្រជុំរបស់រដ្ឋាភិបាលមិនមែនជារឿងថ្មីទេ។ លោកថា បើរដ្ឋាភិបាលនៅតែបន្តលើកពេលបែបនេះ កម្ពុជានឹងទទួលផលមិនល្អ បិទចរន្តឈាមខ្លួនឯង ហើយធ្វើឲ្យមានភាពមិនច្បាស់លាស់ដល់ដៃគូអភិវឌ្ឍន៍ទៀតផង។ លោកបន្តថា ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព រដ្ឋាភិបាលគួរពង្រឹងឲ្យមានយន្តការសហភាគីជាមួយដៃគូអភិវឌ្ឍន៍ នោះកម្ពុជានឹងទទួលបានជោគជ័យ «យើងអាចបង្កើតយន្តការ ដៃគូបង្កើតប្រកបដោយនិរន្តរភាព ដៃគូប្រកបដោយភាពស្មើគ្នានោះ បីបួនថែមទៀត ហើយពង្រឹងយន្តការ ដៃគូអភិវឌ្ឍន៍ជាមួយម្ចាស់ជំនួយនោះឲ្យរឹងមាំ ធ្វើយ៉ាងម៉េចដើម្បីរៀបចំកំណែទម្រង់យន្តការនេះថែមទៀត ឲ្យមានជាសហភាគីនៅក្នុងការសម្របសម្រួលនេះ ហើយបញ្ចូលសមាជិកដៃគូអភិវឌ្ឍន៍ ឲ្យបានច្រើននៅក្នុងយន្តការ ក្រុមការងារទាំង១៩ នៃក្រុមការងារកំណែទម្រង់រដ្ឋ ហ្នឹងបានទទួលបានជោគជ័យ»។
VOD មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យ នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទេនៅរសៀលថ្ងៃសុក្រនេះ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនដំណឹងដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ពីការលើកពេលកិច្ចប្រជុំលើកទី៤ ស្តីពីវេទិកាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា ដែលគ្រោងធ្វើថ្ងៃទី៥ និងទី៦ ខែមីនា ឆ្នាំ២០១៤ខាងមុខនេះ៕
No comments:
Post a Comment