កម្មករត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនៅផ្លូវវ៉េងស្រេង កាលពីដើមខែមករាកន្លងមក (រូបថត៖ ឧត្តម)
សាលាដំបូង រាជធានីភ្នំពេញ សម្រេច ឲ្យ កម្មករ ២នាក់ ក្នុងចំណោម ជនត្រូវចោទ ២៣នាក់ នៅក្រៅឃុំ បណ្តោះអាសន្ន
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃសុក្រ ទី7 ខែកុម្ភៈ ឆ្នាំ2014
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សលីកាដូ ឲ្យដឹងថា កម្មករពីរនាក់ ក្នុងចំណោមជនត្រូវចោទ២៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្នុងសវនការបិទទ្វារមួយ ដែលធ្វើឡើងព្រឹកមិញនេះ។
កម្មករពីរនាក់នេះ មានឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧ឆ្នាំ និងឈ្មោះ ផុន សុខជា អាយុ១៧ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ខណៈដែលពួកគេចូលរួមតវ៉ាទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ ដល់កម្មករ។ កម្មករទាំងពីរនាក់នេះ ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម៣ ឬពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម ជាមួយនឹងជនត្រូវចោទ២១រូបទៀត ដែលក្នុងនោះមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ អ្នកទាំង២៣នាក់នោះ រងការចោទប្រកាន់ពីបទហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត ឲ្យដឹងថា កាលពីល្ងាចម្សិលមិញនេះ មេធាវីអង្គការលីកាដូ ពីររូប គឺលោកស្រី សាម សុគន្ធា និងលោកស្រី សែម សុវណ្ណី ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញចូលរួមសវនការ ដែលបានធ្វើឡើងដោយបិទទ្វារព្រឹកមិញនេះ ហើយជាលទ្ធផល តុលាការ បានសម្រេចដោះលែងកម្មករពីរនាក់ ឲ្យក្រៅឃុំបណ្តោះអាសន្ន។ លោក អំ សំអាត បន្តថា ការសម្រេចរបស់តុលាការនេះ គឺផ្អែកលើពាក្យស្នើសុំនៅក្រៅឃុំរបស់មេធាវី និងលិខិតធានារបស់ក្រុមគ្រួសារ រួមនឹងការពិចារណាលើទីតាំងរស់នៅជាក់ស្តែង ឥរិយាបថរបស់ពួកគេ។ លោកថា នេះជាសញ្ញាណវិជ្ជមាន ដែលអាចឲ្យពួកគេ អាចត្រឡប់មកទីលំនៅ ទទួលបានការការពារក្តី ពីមេធាវី ពេញលេញ ស្របតាមច្បាប់ ៖<< គាត់មានទីលំនៅច្បាស់លាស់ មានមុខរបរ និងធានាថា ចូលបំពេញតាមនីតិវិធីរបស់តុលាការគ្រប់ពេល ហើយនិងសហការជាមួយនឹងអាជ្ញាធរ ប្រសិនជាមានការកោះអញ្ជើញ។ គេសម្រេចឲ្យក្រៅឃុំ ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ យើងសង្ឃឹមថា នៅថ្ងៃទី១១នេះ តុលាការសាលាឧទ្ធរណ៍ នឹងពិចារណា ក្នុងការដោះលែងអ្នកទាំង២១ផ្សេងទៀត ឲ្យនៅក្រៅឃុំដូចគ្នាដែរ។>>
VOD មិនទាន់អាចសុំព័ត៌មានបន្ថែមពីចៅក្រម ដែលកាន់សំណុំរឿងរបស់ជនត្រូវចោទ ទាំងពីរនាក់បាននៅឡើយទេ។
សហមេធាវីការពារជនត្រូវចោទ លោក ហម ស៊ុនរិទ្ធិ មេធាវីមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ ឲ្យដឹងដែរថា សវនការសម្រេចនេះ គឺជាដំណើរការមុនអង្គសេចក្តី ដែលចៅក្រមមានឆន្ទានុសិទ្ធិពេញលេញ ក្នុងកោះហៅ និងសម្រេចសេចក្តី។ លោក សង្ឃឹមថា តុលាការ ក៏នឹងពិចារណាចំពោះការស្នើសុំនៅក្រៅឃុំរបស់ អ្នកទាំង២១នាក់ទៀត ដើម្បីធានាសិទ្ធិទទួលបានការប្រឹក្សាពីមេធាវីរបស់ពួកគេ។
សម្រាប់ លោក សរ ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា យល់ថា ការសម្រេច នេះជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ។ យ៉ាងណាក៏ដោយ លោកថា ផ្ទះសាមគ្គី ដែលមានសហជីព ៧ ជាសមាជិក នឹងបន្តការទាមទារ តាមរយៈមូលនិធិយុទ្ធនាការដោះលែងអ្នកទាំង២៣រូប (Freethe23) ក្នុងបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Twitter, Blog, Wordpress និងYoutube ដើម្បីចែករំលែកព័ត៌មាន និងសកម្មភាពស្វែងរកយុត្តិធម៌ដល់អ្នកទាំង២៣រូបនោះ។ ទន្ទឹមនេះ លោកថា មូលនិធិ ក៏បានបង្កើតក្នុងគេហទំព័រអន្តរជាតិ Change.org ដើម្បីប្រមូលការចុះឈ្មោះលើញត្តិ ទាមទារយុត្តិធម៌ ដើម្បីឲ្យអន្តរជាតិ ដឹងលឺពីរឿងនេះផងដែរ ៖ << អ្នកដែលចង់ឲ្យពួកគាត់ មានសេរីភាពឡើងវិញ គឺគាត់ចង់បានព័ត៌មានពីសកម្មភាពរបស់យើង ក្នុងការធ្វើការតស៊ូមតិ ឬក៏យុទ្ធនាការផ្សេងៗ។ ទោះបីជាគាត់ មិនចូលរួម ក៏គាត់បានលើកទឹកចិត្ត អ្នកខ្លះ ក៏គាត់អាចជួយ ក្នុងការគាំទ្រជាថវិកា និងជាអ្វីផ្សេងៗ ក្នុងដំណើរការយុទ្ធនាការរបស់យើងហ្នឹង។ ទិសដៅរបស់យើង គឺយើង នឹងធ្វើរហូតទាល់តែមានការដោះលែងអ្នកទាំង២៣នាក់នោះ។>>
តាមការឲ្យដឹងពីក្រុមមេធាវីការពារជនត្រូវចោទទាំង២៣នាក់ សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះ បណ្តឹងប្រឆាំងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបដិសេធសំណើសុំនៅក្រៅឃុំ របស់អ្នកទាំង២១នាក់ នៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ៕
No comments:
Post a Comment